ព័ត៌មានអន្ដរជាតិ
ចិន-វៀតណាម ប្រកាសចាប់ដៃគ្នាធ្វើសមយុទ្ធជើងទឹកបាញ់គ្រាប់ពិត ដ៏កម្រ
ស្របពេលភូមិសាស្រ្តនយោបាយពិភពលោកប្រែប្រួលមិនប្រកដប្រជា ងាកមកតំបន់អាស៊ីឯណេះ ប្រទេសចិននិងវៀតណាម បានប្រកាសចាប់ដៃគ្នាធ្វើសមយុទ្ធជើងទឹកបាញ់គ្រាប់ពិតដ៏កម្រ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងអត្ថបទចុះផ្សាយដោយសារព័ត៌មាន South China Morning Post កាលពីថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២៦ កងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាពង្រីកវិសាលភាពនៃសមយុទ្ធរួម ដោយដាក់បញ្ចូលទាំងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតជាមួយនឹងអាវុធធុនស្រាលផងដែរ នៅថ្ងៃពុធនិងព្រហស្បតិ៍នេះ ក្នុងឈូងសមុទ្រតុងកឹង។
សេចក្តីប្រកាសនេះធ្វើឡើង អំឡុងពេលមេបញ្ជាការកងទ័ពជើងទឹកទាំងពីរ ជួបសម្តែងការគួរសមគ្នានៅកំពង់ផែ ហ្វាងឆឹង ក្នុងតំបន់ ក្វាងស៊ី ភាគខាងត្បូងប្រទេសចិន ខណៈនាវាចម្បាំងវៀតណាម Tran Hung Dao និង Ly Thai To បានធ្វើដំណើរទៅដល់ ដើម្បីចូលរួមជាមួយនាវាជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន (PLA) សម្រាប់យុទ្ធនាការល្បាតរួមគ្នា និងការធ្វើសមយុទ្ធហ្វឹកហ្វឺនលើកទី៤០។

ក្នុងជំនួបកាលពីថ្ងៃចន្ទ វរសេនីយ៍ឯក Han Feng អនុប្រធានសេនាធិការនៃមូលដ្ឋានទ័ពជើងទឹក ក្វាងចូវ របស់ PLA បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងបន្សល់ទុកនូវភាពវិជ្ជមានជាច្រើន និងរួមចំណែកដល់ការពង្រឹងមិត្តភាពរវាងនាយទាហាន និងនាវិកនៃកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ខណៈវរសេនីយ៍ឯក Do Minh អនុមេបញ្ជាការតំបន់ទី៤ នៃកងទ័ពជើងទឹកវៀតណាម និងជាប្រធានប្រតិភូកងទ័ពជើងទឹកប្រជាជន បានលើកឡើងថា ការហ្វឹកហ្វឺននិងល្បាតរួមគ្នានេះ នឹងជួយបង្កើនការយល់ដឹងនិងទំនុកចិត្ត រវាងកងទ័ពជើងទឹកទាំងពីរ ហើយនឹងរួមចំណែកដល់ការបង្រួបបង្រួមទំនាក់ទំនងមិត្តភាពរវាងវៀតណាម-ចិន។
មិនមែនជារឿងធម្មតាឡើយដែលប្រទេសទាំងពីរ ធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួម ព្រោះថា វៀតណាមនិងចិន កំពុងជាប់ក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយគ្នា។ អ្នកជិតខាងទាំងពីរ គឺជាគូជម្លោះដ៏រ៉ាំរ៉ៃបំផុតលើអធិបតេយ្យភាពដែនសមុទ្រ ពិសេសនៅប្រជុំកោះ Paracel និង Spratly។ កន្លងមក នាវាឆ្មាំសមុទ្រនៃប្រទេសទាំងពីរតែងតែមានការប៉ះទង្គិចគ្នា និងដេញបាញ់ទឹកដាក់គ្នាជារឿយៗ។

ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នានេះមានន័យថា ពួកគេត្រូវទុកជម្លោះមួយអន្លើសិន ហើយបង្ហាញពីការទុកចិត្តគ្នាខាងយោធាក្នុងកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានសោះឡើយក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ម្យ៉ាងនៅចំពោះមុខស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន វៀតណាមប្រហែលជាអស់ជំនឿលើសមត្ថភាពរបស់អាមេរិកក្នុងការធានាសន្តិសុខតំបន់ហើយស្របពេលអាមេរិកជាប់ដៃវាយអ៊ីរ៉ង់ ហើយវៀតណាមក៏ទំនងចង់បញ្ចៀសសង្គ្រាមជាមួយចិនតាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការយោធាជិតស្និទ្ធផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


