Connect with us

ព័ត៌មានអន្ដរជាតិ

លោក ណេតាន់យ៉ាហ៊ូ ​ឱ្យ​មេដឹក​នាំ​ពិភព​លោក​​ចូលរួម​ក្នុងសង្គ្រាម​ដែលខ្លួន​ចាប់ផ្តើម

បានផុស

នៅ

សង្រ្គាម​នៅ​អ៊ីរ៉ង់​ឈាន​ចូល​ដល់​សប្តាហ៍​ទី​៤ រាល់​ភាគី​ពាក់​ព័ន្ធ​មិន​ទាន់​មាន​នរណា​ម្នាក់​បាន​បន្ធូរ​ដៃ​ក្នុងសង្រ្គាម​នេះ​នៅ​ឡើយ​ទេ​ ជាក់​ស្តែង​អ៊ីរ៉ង់​បន្ត​វាយ​ប្រហារ​សង​សឹក​ទៅ​លើ​​អាមេរិក​និង​អ៊ីស្រាអែល​វិញ​នៅ​​ទូទាំង​តំបន់មជ្ឈិម​បូព៌ា​​និង​ទី​ក្រុង​ខ្លះ​នៅ​អ៊ីស្រាអែល​ផង​ដែរ។​

​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ បេន​ចាមីន​ ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាន​អំពាវនាវ​ឱ្យមេដឹក​នាំពិភពលោក​ចូលរួមក្នុងប្រតិបត្តិការ Roaring Lion និង​ Epic Fury របស់​ខ្លួន​និង​អាមេរិក​ប្រឆាំង​នឹងអ៊ីរ៉ង់ អំឡុង​ពេល​​លោកនិង​មន្ត្រី​អ៊ីស្រាអែល​ជាច្រើនរូបទៀតបាន​ទៅទស្សនាទីតាំងដែល​អ៊ីស្រាអែល​​រង​ការ​​វាយ​ប្រហារដោយ​មីស៊ីលរយៈ​ចម្ងាយ​ឆ្ងាយ​​​របស់​អ៊ីរ៉ង់​នៅ​ភាគខាងត្បូងទីក្រុង Arad កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក​ Benjamin Netanyahu ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណេតាន់យ៉ាហ៊ូ ព្រមានថា៖​«អ៊ីរ៉ង់​មាន​សមត្ថភាព​វាយ​ប្រហារ​យ៉ាង​ជ្រៅទៅក្នុងទ្វីបអឺរ៉ុប។ ពួកគេ​កំពុង​ដាក់មនុស្ស​គ្រប់គ្នា​ឱ្យស្ថិត​នៅ​ក្នុងគោលដៅ​របស់ពួកគេ​»។

យោង​តាម​សារព័ត៌មាន The Jerusalem Post ផ្សាយ​ថ្ងៃ​ទី​២២ ខែមីនា មាន​អ្នក​សារព័ត៌មាន​​បាន​សួរ​ លោក ណេតាន់យ៉ាហ៊ូ អំឡុង​ពេល​លោក​ចុះ​ទៅ​មើល​កន្លែង​រង​គ្រោះ​ថា​៖ «តើ​ការឆ្លើយតប​របស់​អ៊ី​ស្រាអែល​ ចំពោះការវាយ​ប្រហារ​របស់​អ៊ីរ៉ង់​យ៉ាង​ម៉េច​​ដែរ»?

លោក​ឆ្លើយ​ថា​៖ «យើង​អាច​ឆ្លើយតបដោយ​កម្លាំងដ៏ខ្លាំងក្លាបាន​ ប៉ុន្តែ​មិន​មែន​ឆ្លើយតប​​លើ​ទីតាំង​​ជនស៊ីវិលទេ»។

លោក​បន្ត​ថា​៖ «ប្រសិនបើអ្នកចង់​បានភស្តុតាង​ដែល​បង្ហាញ​ថា ​អ៊ីរ៉ង់​ធ្វើ​ឱ្យពិភពលោកទាំងមូល​ទៅ​ជា​យ៉ាង​ណា ក្នុង​រយៈពេល ៤៨ម៉ោង​ទៀត​នឹង​បាន​បញ្ជាក់​ហើយ។ ពួកគេ​បានបាញ់ទៅ​លើក្រុង​យេរូសា​ឡឹម (Jerusalem) ​នៅ​ជាប់នឹងកន្លែង​ពិសិដ្ឋនៃ​ជំនឿតែមួយ​នៃ​ព្រះទាំង​បី»។​

លោក ណេតាន់យ៉ាហ៊ូ ​ចង្អុលបង្ហាញថា៖ «ដល់ពេល​ដែល​ត្រូវ​ឃើញ​មេដឹកនាំនៃប្រទេសដទៃទៀតចូលរួម។ ខ្ញុំរីករាយ​ដែល​ឃើញ​ថា​ពួកគេ​មួយចំនួន​កំពុងធ្វើដំណើរទៅ​ក្នុង​ទិសដៅ​នោះ(ជួយ​អ៊ីស្រាអែល-អាមេរិក) ប៉ុន្តែ​យើង​ត្រូវការ​ច្រើនជាងនេះ»។

គួរ​បញ្ជាក់​ថា​ ការវាយ​ប្រហារដោយ​មីស៊ីល​របស់​អ៊ីរ៉ង់​កាលពីថ្ងៃ​សៅរ៍​បាន​ធ្វើឱ្យមនុស្សរាប់សិបនាក់រង​របួស និង​បំផ្លិច​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​យ៉ាងធ្ងន់ធ្ងរ​ដល់​តំបន់​ Arad។

​​​​​​​​ទោះបី​ជា​មានការ​អះអា​ងបែបនេះ​ពី​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏​​សង្គ្រាម​​នៅអ៊ីរ៉ង់​ដែល​បាន​ចាប់​ផ្តើម​ឡើង​ដោយ​​អាមេរិក​និង​អ៊ីស្រាអែលនេះ ត្រូវបាន​ពិភពលោក​ថ្កោលទោស​​​ចំពោះការសម្រេច​ចិត្ត​នេះ ហើយ សម្ព័ូន្ធមិត្ត​​សំខាន់​​ៗ​របស់​សហរដ្ឋអាមេរិក​ បានបដិសេធ​មិនចូលរួម​ក្នុងសកម្មភាព​​សង្គ្រាម​នេះ​ទេ៕ ​

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម