Connect with us

ព័ត៌មានអន្ដរជាតិ

FT៖ រុស្ស៊ីចាប់ផ្តើមបញ្ជូនដ្រូនយោធា​​ឲ្យ​អ៊ីរ៉ង់ ដើម្បីទប់​ទល់​នឹង​អាមេរិក-អ៊ីស្រាអែល

បានផុស

នៅ

យោងតាមរបាយការណ៍សម្ងាត់ពីលោកខាងលិចដែលចុះផ្សាយដោយកាសែត Financial Times កាល​ពី​ថ្ងៃទី​២៥​ខែ​មីនា​ឆ្នាំ​២០២៦ ប្រទេសរុស្ស៊ីបានចាប់ផ្តើមដឹកជញ្ជូនដ្រូនយោធាទៅ​ឲ្យ​​អ៊ីរ៉ង់ហើយ ដើម្បីជួយជ្រោមជ្រែងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

រូប​តំណាង /ដ្រូន​យោធា​រុស្ស៊ី (រូបថត៖ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចរចាសម្ងាត់ស្តីពីការផ្តល់ជំនួយជាដ្រូន ស្បៀងអាហារ និងឱសថ ត្រូវ​គេរាយការណ៍ថា​​បាន​ចាប់ផ្តើមភ្លាមៗ បន្ទាប់ពីមានការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ។ នេះគឺជាលើកដំបូងហើយដែលទីក្រុងមូស្គូបានផ្តល់ជំនួយយោធាដ៏គ្រោះថ្នាក់បែបនេះទៅ​ឲ្យ​ទីក្រុងតេហេរ៉ង់ ក្នុងអំឡុងពេលសង្គ្រាមដែលបានអូសបន្លាយអស់រយៈពេល៤​សប្តាហ៍​កន្លង​មក ដោយការដឹកជញ្ជូនរំពឹងថានឹងបញ្ចប់នៅដំណាច់​ខែមីនានេះតែម្តង។

ចំណែក​ឯ​របាយការណ៍​មួយ​ផ្សេង​ទៀត​​ពី​សារព័ត៌មាន Kyiv Independent បាន​ឲ្យ​ដឹង​ថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលព័ត៌មាននេះថាជា «រឿងប្រឌិត» ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាងថា ទីក្រុងកៀវ​មាន «ភស្តុតាងដែលមិនអាចប្រកែកបាន» ថា រុស្ស៊ីក៏កំពុងផ្តល់ទិន្នន័យសម្ងាត់ដើម្បីជួយអ៊ីរ៉ង់ក្នុងការកំណត់គោលដៅវាយប្រហារលើទ្រព្យសម្បត្តិយោធា​អាមេរិកផងដែរ។ ខាងរុស្ស៊ីតែងតែបដិសេធរាល់ការចោទប្រកាន់ដែលថាខ្លួនបានផ្តល់ទិន្នន័យទីតាំងនាវាចម្បាំង និងយន្តហោះអាមេរិក​ឲ្យ​ទៅអ៊ីរ៉ង់។ ចំណែកលោកប្រធានាធិបតី ដូណាល់ ត្រាំ វិញ ហាក់មិនសូវខ្វល់ខ្វាយនឹងការចោទប្រកាន់នេះទេ ដោយលោកយល់ថា ការចែករំលែកព័ត៌មានសម្ងាត់នេះ នឹងមិនអាចធ្វើ​ឲ្យ​អ៊ីរ៉ង់មានសមត្ថភាពវាយបកមកលើអាមេរិកខ្លាំងក្លាបានឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម