Connect with us

ព័ត៌មានអន្ដរជាតិ

NATO ប្រឈម​ហានិភ័យ​​​​​គួរឲ្យខ្លាច​អ្វីខ្លះ​​ ប្រសិន​​​​អាមេរិក​ដក​ខ្លួន​មែន​នោះ​​?​​

បានផុស

នៅ

ដោយសារតែភាពតានតឹងថ្មីៗនេះលើសង្គ្រាមអ៊ីរ៉ង់ និងការផ្លាស់ប្តូរអាទិភាពក្នុងស្រុករបស់អាមេរិក បាននាំឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ​អាក់​អន់​ស្រពន់ចិត្ត​​ជាមួយ​សម្ព័ន្ធ​មិត្ត​ណាតូដែល​​មិនអើពើ​ជួយសហរដ្ឋអាមេរិក​តាមការ​អំពាវនាវ​របស់ លោក ត្រាំ​ ដែល​បាន​ពិពណ៌នាអំពីសម្ព័ន្ធមិត្តណាតូ ថាជា «ខ្លាក្រដាស» និងពិចារណាជាសាធារណៈអំពីការបញ្ចប់់​ទំនាក់​ទំនង​​​ជាផ្លូវការ។

​ក្រោយ​​កា​រថ្នាំងថ្នាក់​របស់​លោក ត្រាំ ​​​ការ​វិភាគនានា​បាន​កើត​ឡើង​​លើ​បណ្តាញ​សារព័ត៌មាន។ យោងតាម RT របស់​ប្រទេសរុស្ស៊ី​ ប្រសិនបើគ្មានជំនួយ​ពីសហរដ្ឋអាមេរិកដូចមុនទេ អង្គការណាតូនឹងត្រូវប្រឈមមុខនឹងវិបត្តិ និងកង្វល់ធំៗជាច្រើន។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១ ការបាត់បង់ ខែលការពារនុយក្លេអ៊ែរ

នេះជាកង្វល់ដ៏ធំបំផុត។ អាមេរិកជាអ្នកធានាសន្តិសុខនុយក្លេអ៊ែរដល់សមាជិកទាំងអស់។ បើគ្មានអាមេរិក អឺរ៉ុប​នឹងត្រូវពឹងលើអាវុធនុយក្លេអ៊ែររបស់ បារាំង និងអង់គ្លេស ដែលមានចំនួនតិចតួច (ប្រហែល ៥០០ គ្រាប់) បើធៀបនឹង រុស្ស៊ី (ប្រហែល ៥,៥០០ គ្រាប់)។ វានឹងបង្កឲ្យមានអតុល្យភាពអំណាចដ៏គ្រោះថ្នាក់នៅអឺរ៉ុបខាងកើត។

ទី២ កង្វះខាតថវិកា និងកម្លាំងទ័ពបម្រុង

អាមេរិកចំណាយថវិកាលើវិស័យយោធាច្រើនជាងសមាជិកណាតូ ៣១ ផ្សេងទៀតបូកបញ្ចូលគ្នា។ ជាក់ស្ដែង បើគ្មានទីក្រុងវ៉ាស៊ីនតោនទេ ប្រទេសអឺរ៉ុបត្រូវបង្ខំចិត្តដំឡើងកញ្ចប់ថវិកាការពារជាតិដល់កម្រិតអតិបរមា ដែលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងប្រព័ន្ធសុខុមាលភាពសង្គមក្នុងប្រទេសពួកគេ។

ទី៣ បញ្ហាភស្តុភារ និងបច្ចេកវិទ្យាស៊ើបការណ៍

អឺរ៉ុបខ្វះសមត្ថភាពសំខាន់ៗដែលអាមេរិកធ្លាប់ផ្តល់ឲ្យដូចជា៖ ប្រព័ន្ធផ្កាយរណប និងព័ត៌មានសម្ងាត់ (Intelligence): សម្រាប់តាមដានចលនាទ័ពសត្រូវ។ ជាពិសេស ការដឹកជញ្ជូនយោធាធុនធ្ងន់ ដែលអឺរ៉ុបខ្វះយន្តហោះដឹកជញ្ជូនទ័ព និងសម្ភារៈសឹកក្នុងទ្រង់ទ្រាយធំ។ សូម្បីតែការចាក់សាំងលើយន្តហោះ ដែលចាំបាច់សម្រាប់ប្រតិបត្តិការអាកាសចរណ៍រយៈចម្ងាយឆ្ងាយ។

ទី៤ ការបែកបាក់សាមគ្គីភាពផ្ទៃក្នុង

អាមេរិកដើរតួជាមេដឹកនាំនិងអាជ្ញាកណ្តាលសម្របសម្រួលជម្លោះរវាងសមាជិក (ឧទាហរណ៍៖ ជម្លោះរវាងតួកគី និងក្រិក)។ បើគ្មានអ្នកដឹកនាំដ៏មានឥទ្ធិពល ប្រទេសសមាជិកអាចនឹងមានមតិខ្វែងគ្នាលើការសម្រេចចិត្តវាយបក ឬការការពារ ហើយប្រទេសខ្លះអាចនឹងងាកទៅចងសម្ព័ន្ធភាពជាមួយរុស្ស៊ី ឬចិនដោយឡែកពីគ្នា។

ទី៥ ភាពទន់ខ្សោយចំពោះការគំរាមកំហែងពីកងទ័ពរុស្ស៊ី

រុស្ស៊ីអាចនឹងមើលឃើញថា ណាតូដែលគ្មានអាមេរិកគឺគ្រានតែជា «ខ្លាក្រដាស» នេះអាចរុញច្រានឲ្យរុស្ស៊ីបង្កើនការវាយលុក ឬការជ្រៀតជ្រែកកាន់តែខ្លាំងនៅក្នុងបណ្តាប្រទេសបាល់ទិក (អេស្តូនី, ឡាតវី, លីទុយអានី និងប៉ូឡូញ។ ជាពិសេសណាតូនឹងក្លាយជាអង្គការដែល មានតែឈ្មោះ ប៉ុន្តែខ្វះអំណាច ហើយអឺរ៉ុបនឹងត្រូវបង្ខំចិត្តបង្កើតកងទ័ពអឺរ៉ុបរួមគ្នាជាបន្ទាន់ដើម្បីរស់រាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម