Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ មិនទាន់ឆ្លើយតប សំណើសន្តិភាពរបស់អាមេរិក ក្រោយភាគីទាំងពីរ បាញ់គ្នាយ៉ាងកក្រើក ជាថ្មី

បានផុស

នៅ

ក្តីសង្ឃឹមថា ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា នឹងរលត់ក្នុងពេលឆាប់ៗនេះ បានរសាត់ឆ្ងាយបាត់ទៅហើយ បន្ទាប់ពីសហរដ្ឋអាមេរិក បើកការវាយប្រហារ លើទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ ហើយភាគីទាំងពីរ ថែមទាំងបាញ់តដៃគ្នាយ៉ាងកក្រើក នៅច្រកសមុទ្រ Hormuz ទៀតផង។

(រូប៖ Reuters)

កាលពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ភាគីអ៊ីរ៉ង់ បញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលសំណើសន្តិភាព ​១៤ចំណុចរបស់អាមេរិក ហើយនឹងជូនដំណឹង នៅ ២៤ម៉ោងក្រោយ តាមរយៈប្រទេស ប៉ាគីស្ថាន។

យ៉ាងណា មកទល់ពេលនេះ ទីក្រុងតេហេរ៉ង់ នៅតែស្ងាត់ មិនទាន់ឆ្លើយតប ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ថ្លែងនៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ថា ភាគីរបស់លោក កំពុងបន្តពិនិត្យមើលសំណើនៅឡើយ។

(រូប៖ Reuters)

មន្ត្រីអ៊ីរ៉ង់និយាយថា ពួកគេ កំពុងស្ថិតក្នុងដំណាក់កាលពិនិត្យមើលសំណើ ហើយទោះមានការប្រឈមមុខដាក់គ្នាផ្នែកយោធា ក៏កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងកិច្ចសម្របសម្រួល នៅដំណើរការដដែល។

១៤ចំណុច ក្នុងសំណើនោះ ឬគេហៅថា MOU ត្រូវគេមើលឃើញថា មាន ៣ ចំណុចដែលសំខាន់ជាងគេ និងជាឧបសគ្គធំ អាចរាំងស្ទះដល់ដំណើរការសន្តិភាព រវាងភាគីទាំងពីរ។

៣ចំណុចនោះ រួមមាន៖

🚨បើកច្រកសមុទ្រ Hormuz ឡើងវិញ សម្រាប់ចរាចរណ៍កប៉ាល់ដឹកជញ្ជូន ព្រមជាមួយការដកចេញនូវការបិទខ្ទប់ផ្លូវទឹក ដោយសហរដ្ឋអាមេរិក។

🚨អ៊ីរ៉ង់ នឹងយល់ព្រមលើការផ្អាកចម្រាញ់អ៊ុយរ៉ាញ៉ូម ជាបណ្ដោះអាសន្ន (ទំនងជាក្នុងរយៈពេលពី ១២ ដល់ ១៥ ឆ្នាំ) និងពង្រឹងការត្រួតពិនិត្យ ពីសំណាក់ អង្គការសហប្រជាជាតិ។

🚨ការដកទណ្ឌកម្មចេញជាដំណាក់កាល និងបញ្ចេញថវិការាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកទុក។

យ៉ាងណាក្តី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានរួចហើយថា បើអ៊ីរ៉ង់ មិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាពទេ ពួកគេ នឹងត្រូវរងការវាយប្រហារធ្ងន់ធ្ងរ និងសាហាវជាងនេះទៅទៀត។

ដូច្នេះ គេកំពុងរង់ចាំមើលថា តើការប្រឈមមុខដាក់គ្នាផ្នែកយោធា ចុងក្រោយបង្អស់នេះ អាចធ្វើឲ្យអ៊ីរ៉ង់ ប្តូរចិត្ត លែងចង់ចប់សង្គ្រាមឬយ៉ាងណា ហើយថាតើ ទីក្រុងតេហេរ៉ង់ នឹងឆ្លើយតបទៅអាមេរិក ឬសងសឹកវិញ ដោយរបៀបណា?

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម