Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ផ្ដោតតែលើការ​បញ្ចប់​​នុយ​ក្លេ​អ៊ែរ ​អ៊ីរ៉ង់ដោយ​មិនខ្វល់រឿង​ប្រជាជនលំ​បាក​

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអង្គារទី ១២ ខែឧសភា ថា ការលំបាកផ្នែក​ហិរញ្ញវត្ថុ​របស់ប្រជាជនអាមេរិក មិនមានឥទ្ធិពលលើការសម្រេចចិត្តរបស់លោក ក្នុងយុទ្ធនាការ​​ឈានទៅ​បញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់នោះឡើយ។ លោក បានសង្កត់ធ្ងន់ថា ការរារាំងទីក្រុងតេហេរ៉ង់មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ គឺជាអាទិភាពខ្ពស់បំផុតរបស់លោក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែតមុនទៅចិន (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយ​នានា​ នៅក្នុងការឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកកាសែត មុនពេលចាកចេញពីសេតវិមានទៅ​កាន់ប្រទេសចិន លោក ត្រាំ បានថ្លែងថា៖ «រឿងដ៏សំខាន់តែមួយគត់ដែលជំរុញ​ចិត្តខ្ញុំ នោះគឺយើងមិនអាចបណ្ដោយឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរឡើយ»។ លោកបន្តថា លោកមិនបានយកស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនអាមេរិក ឬកត្តាផ្សេងៗទៀតមកពិចារណាឡើយ នៅពេលធ្វើការសម្រេចចិត្តនានាពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។

មិនតែប៉ុណ្ណោះ លោក ត្រាំ បានពិពណ៌នាអំពីវិធីសាស្ត្ររបស់ខ្លួនថា ជាបញ្ហាសន្តិសុខជាតិ និងសកលលោក ដែលក្នុងនោះ ក្តីបារម្ភផ្នែកសេដ្ឋកិច្ច គ្រាន់តែជារឿងបន្ទាប់បន្សំប៉ុណ្ណោះ បើធៀបនឹងការការពារការសាយភាយអាវុធនុយក្លេអ៊ែរ។

ការថ្លែងរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យមានការរិះគន់កាន់តែខ្លាំងឡើង ក្នុងបរិបទដែលមានមតិជាច្រើនលើកឡើងថា រដ្ឋបាលអាមេរិក ចាំបាច់ត្រូវមានតុល្យភាពរវាងគោលដៅភូមិសាស្ត្រនយោបាយ និងផលប៉ះពាល់សេដ្ឋកិច្ចលើប្រជាពលរដ្ឋ ជាពិសេសនៅពេលដែលតម្លៃជីវភាពរស់នៅនៅតែជាបញ្ហាប្រឈមធំ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាខាងមុខ។

ទៅះជាយ៉ាងណា នាយកផ្នែកទំនាក់ទំនងសេតវិមាន លោក Steven Cheung បានពន្យល់ថា ការទទួលខុសត្រូវដ៏ខ្ពស់បំផុតរបស់លោក ត្រាំ គឺការធានាសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអាមេរិក។ លោកសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិកមិនចាត់វិធានការទេ នោះអ៊ីរ៉ង់អាចនឹងទទួលបានអាវុធនុយក្លេអ៊ែរ ហើយវានឹងក្លាយជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក។

បច្ចុប្បន្ន លោក ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងពីសំណាក់សមាជិកគណបក្សសាធារណរដ្ឋ។ មនុស្សជាច្រើនបារម្ភថា ការខូចខាតសេដ្ឋកិច្ចដែលបណ្តាលមកពីសង្រ្គាមជាមួយអ៊ីរ៉ង់ អាចធ្វើឲ្យគណបក្សនេះបាត់បង់ការគ្រប់គ្រងនៅក្នុងរដ្ឋសភា និងសូម្បីតែនៅក្នុងព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតខាងមុខនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

គម្រោង​ការ​ពារដែន​អាកាស​អាមេរិក​ «Golden Dome» នឹង​ចាយដល់ ១.២ ទី្រលានដុល្លារ គ្រប​ដណ្តប់​​លើ​ទឹកដី​អាមេរិចទាំងអស់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម