Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី Merkel បដិសេធធ្វើជាអ្នកសម្របសម្រួលជាមួយរុស្ស៊ី និង រិះគន់ EU ថា ខ្វះសកម្មភាពការទូត

បានផុស

នៅ

អតីតអធិការបតីអាល្លឺម៉ង់​ដ៏​មាន​ឥទ្ធិពល​​ លោកស្រី Angela Merkel ​នៅ​​ថ្ងៃចន្ទ ទី១៨ ខែឧសភា បានរិះគន់សហភាពអឺរ៉ុប (EU) ថា មិនបានប្រើប្រាស់ឥទ្ធិពលការទូតរបស់ខ្លួន ដើម្បីជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយមិនរក្សាទំនាក់ទំនងឲ្យបានគ្រប់គ្រាន់ជាមួយទីក្រុងមូស្គូ ខណៈពេលដែលលោកស្រី ក៏បានបដិសេធចំពោះគំនិតដែលថា រូបលោកស្រីផ្ទាល់ អាចដើរតួជាអ្នកសម្របសម្រួលផងដែរ។

អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន Politico បានចេញផ្សាយដោយដកស្រង់នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ WDR លោកស្រី Merkel បាននិយាយថា «ខ្ញុំគិតថា ការគាំទ្រផ្នែកយោធាចំពោះអ៊ុយក្រែន និងកិច្ចប្រឹងប្រែងដើម្បីកែលម្អសមត្ថភាពទប់ស្កាត់ការគំរាមកំហែង គឺជារឿងត្រឹមត្រូវ។ អ្វីដែលខ្ញុំសោកស្តាយ គឺអឺរ៉ុបមិនបានប្រើប្រាស់សក្តានុពលការទូតរបស់ខ្លួនឲ្យបានពេញលេញនោះទេ។ វាមិនគ្រប់គ្រាន់ឡើយ ក្នុងការរំពឹងតែលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការរក្សាទំនាក់ទំនងជាមួយរុស្ស៊ីនោះទេ»។

អតីតអធិការបតីអាល្លឺម៉ង់រូបនេះ បានបន្តថា ការទូតតែងតែជាផ្នែកមួយមិនអាចខ្វះបានក្នុងការដោះស្រាយជម្លោះ រាប់បញ្ចូលទាំងក្នុងអំឡុងសម័យសង្គ្រាមត្រជាក់ផងដែរ។ លោកស្រី បានថ្លែងថា៖ «យើងត្រូវតែបន្តព្យាយាម រហូតដល់យើងសម្រេចបាននូវការយល់ឃើញរួមគ្នា»។

ផ្អែកតាមបទពិសោធន៍ពីមុនរបស់លោកស្រី Merkel ក្នុងការចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានជួយឲ្យអតីតអធិការបតីរូបនេះ ត្រូវបានគេមើលឃើញថាជាបេក្ខជនសក្តិសមមួយរូបសម្រាប់តំណែងជាប្រេសិតសន្តិភាពរបស់ EU ផងដែរ។

ប៉ុន្តែ លោកស្រីបានទាត់ចោលការលើកឡើងដែលថា រូបលោកស្រីផ្ទាល់អាចដើរតួជាអ្នកសម្របសម្រួលការចរចា ដោយលោកស្រីបានសំអាងថា មានតែមេដឹកនាំបច្ចុប្បន្នដែលមានអំណាចនយោបាយក្នុងដៃប៉ុណ្ណោះទើបមានកេរ្តិ៍ឈ្មោះ និងឥទ្ធិពលគ្រប់គ្រាន់ក្នុងការដឹកនាំការចរចាជាមួយលោក ពូទីន ឲ្យមានប្រសិទ្ធភាព។

ដោយឡែក អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីដើមសប្តាហ៍នេះថា EU មិនទាន់មានផែនការតែងតាំងអ្នកចរចាណាម្នាក់ ដើម្បីតំណាងឲ្យប្លុកទាំងមូលនោះទេ ប៉ុន្តែបានទុកជម្រើសនេះឲ្យនៅចំហ។ លោកបានបន្ថែមថា អាទិភាពនៅពេលនេះ គឺត្រូវជំរុញឲ្យរុស្ស៊ីមានឆន្ទៈក្នុងការចូលមកអង្គុយនៅតុចរចាជាមុនសិន។ ដរាបណារដ្ឋាភិបាលរុស្ស៊ីមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការចរចា យើងមិនចាំបាច់ធ្វើការសម្រេចចិត្តណាមួយលើការតែងតាំងតំណាងនោះឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

មន្ត្រីអ៊ីរ៉ង់ អះអាងថា មេដឹកនាំ​អ៊ីរ៉ង់ Mojtaba Khamenei មិនរងរបួសធ្ងន់ធ្ងរ ដូច​​ពាក្យ​ចចាមអារ៉ាមទេ​​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម