Connect with us

ព័ត៌មានអន្ដរជាតិ

USGS ចេញការព្រមានយ៉ាងរន្ធត់ថា មនុស្សស្លាប់ ដោយរញ្ជួយដីនៅ វ៉េណេស៊ុយអេឡា អាចកើនលើស ១០ម៉ឺននាក់

បានផុស

នៅ

ជារឿងដ៏គួរឲ្យរន្ធត់មួយ ដែលភ្នាក់ងារស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានចេញការព្រមានថា តួលេខមនុស្សស្លាប់ ក្នុងសោកនាដកម្មគ្រោះរញ្ជួយដីនៅប្រទេសវ៉េណេស៊ុយអេឡា អាចហក់ឡើងខ្ពស់ ដល់ទៅជាង ១០ម៉ឺននាក់ ឯណោះ។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដែលដកស្រង់ប្រភពពី USGS, មានឱកាស ៤៤% ដែលចំនួនអ្នកបាត់បង់ជីវិត អាចកើនលើស ១០ ០០០ នាក់ និងឱកាស ៣០% ដែលអាចកើនលើស ១០០ ០០០ នាក់។

ហេតុផលនៅពីក្រោយការព្រមាននេះ ត្រូវបាន USGS អះអាងថា គ្រោះមហន្តរាយនេះ ទំនងជាអាចរីករាលដាលធំធេង ហើយការរញ្ជួយដីបន្ទាប់បន្សំខ្លាំងៗ ក៏អាចនឹងបន្តកើតឡើងផងដែរ។ 

(រូប៖ Reuters)

យ៉ាងណា នេះគ្រាន់តែជាហេតុផលខ្លះៗប៉ុណ្ណោះ នៅមានហេតុផលជាច្រើនទៀត ដែលគេមិនទាន់ ទម្លាយ។

ការព្រមាននេះកើតឡើង បន្ទាប់ពីក្រុមរុករកបញ្ជាក់ថា តួលេខមនុស្សស្លាប់ ក្នុងសោកនាដកម្មរញ្ជួយដីកម្រិតធ្ងន់ ដែលវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ២លើកផ្ទួនៗ បានកើនដល់ ៣២នាក់ ខណៈយ៉ាងតិច ៧០០នាក់ទៀត រងរបួស គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍។

(រូប៖ Reuters)

សូមជម្រាបជាថ្មី ការរញ្ជួយដីលើកដំបូង កម្រិត ៧.២ រ៉ិចទ័រ បានកើតឡើងនៅម៉ោង ៦:០៤ នាទីល្ងាច (ម៉ោងនៅវ៉េណេស៊ុយអេឡា) ក្នុងជម្រៅ ២២ គីឡូម៉ែត្រ ជិតទីក្រុង San Felipe នៃរដ្ឋ Yaracuy។

ត្រឹមតែ ៣៩ វិនាទីក្រោយប៉ុណ្ណោះ ការរញ្ជួយដីមួយទៀត កម្រិត ៧.៥ រ៉ិចទ័រ ដែលបង្កវិនាសកម្មខ្លាំងជាងមុន បានកើតឡើងក្នុងជម្រៅ ១០ គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល ស្ថិតនៅភាគនិរតី ទីក្រុង Morón ខណៈឥទ្ធិពលរបស់វា ធ្វើឲ្យញ័រដល់ទីក្រុង Bogotá នៃប្រទេសកូឡុំប៊ី និងព្រៃអាម៉ាហ្សូន នៃប្រទេសប្រេស៊ីល ឯណោះ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម