Connect with us

ព័ត៌មានអន្ដរជាតិ

​មិន​ត្រឹមតែអង់គ្លេសទេ សូម្បី​ ប៊ុលហ្គារី ក៏​អនុម័តឲ្យ អាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពអាកាស​ដែរ​

បានផុស

នៅ

​បន្ទាប់នាយករដ្ឋមន្ត្រី​ថ្មី​របស់​អង់គ្លេស​បើក​ដៃ​ឲ្យ​អាមេរិកអាច​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​​​សម្រាប់​ប្រតិបត្តិការយោធា​ប្រឆាំងអ៊ីរ៉ង់ រដ្ឋសភានៃប្រទេសប៊ុលហ្គារី បានអនុម័តលើការដាក់ពង្រាយជាបណ្តោះអាសន្ននូវយន្តហោះចាក់ប្រេងរបស់អាមេរិក នៅឯមូលដ្ឋានទ័ពអាកាស Bezmer របស់ខ្លួន បើទោះបីជាមានការព្រមានពីអ៊ីរ៉ង់ថា ទង្វើនេះគឺជាការចូលដៃក្នុង «អំពើឈ្លានពាន និងឧក្រិដ្ឋកម្មសង្គ្រាម» របស់សហរដ្ឋអាមេរិក​​ក៏ដោយ ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់​ទីភ្នាក់ងារ Reuters, រដ្ឋមន្ត្រីការពារជាតិ ប៊ុលហ្គារី លោក Dimitar Stoyanov បានថ្លែងប្រាប់សមាជិកសភាកាលពីថ្ងៃ ទី២២ ខែកក្កដា ថា «គ្មានប្រព័ន្ធអាវុធវាយលុកប្រភេទណាមួយ នឹងត្រូវដាក់ពង្រាយនៅលើទឹកដីនៃប្រទេសប៊ុលហ្គារីឡើយ។ វត្តមានជាបណ្តោះអាសន្នរបស់ពួកគេ មិនបានធ្វើឲ្យប៊ុលហ្គារី ក្លាយជាភាគីនៃសកម្មភាពយោធានោះទេ»។

យោងតាមលោក Stoyanov ទីក្រុងវ៉ាស៊ីនតោនបានសន្យាថានឹង កាត់បន្ថយហានិភ័យចំពោះសន្តិសុខជាតិរបស់យើងឲ្យមកនៅកម្រិតទាបបំផុត។ កន្លងមក អភិបាលក្រុងចំនួន ៥ រូបនៃទីក្រុងដែលស្ថិតនៅជុំវិញមូលដ្ឋានទ័ព Bezmer (ដែលមានចម្ងាយប្រហែល ២៦០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុង Sofia) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងផែនការនេះ ដោយលើកឡើងពីកង្វល់ផ្នែកសន្តិសុខ។

លោក Stoyanov បានបន្តថា កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបានស្នើសុំដាក់ពង្រាយយន្តហោះទាំងនោះ រួមទាំងបុគ្គលិកយោធារហូតដល់ ២៥០ នាក់ ចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី១ ខែតុលា ផ្អែកលើកិច្ចព្រមព្រៀងគ្រប់គ្រងការប្រើប្រាស់រួមគ្នានៃសម្ភារៈបរិក្ខារយោធា។ លោកបានបន្ថែមថា «ប៊ុលហ្គារីមិនបានធ្វើសកម្មភាពអរិភាពណាមួយប្រឆាំងនឹងប្រទេសដទៃឡើយ។ យើងគ្រាន់តែបំពេញកាតព្វកិច្ចតាមកិច្ចសន្យារបស់យើងជាមួយអាមេរិកប៉ុណ្ណោះ»។

ទោះជាយ៉ាងណាក៏ដោយ ផែនការនេះបានធ្វើឲ្យមានការព្រមានពីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei កាលពីថ្ងៃអង្គារ ប្រឆាំងនឹងការអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់ទឹកដីប៊ុលហ្គារី សម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយលោកបានសង្កត់ធ្ងន់ថា វានឹងធ្វើឲ្យទីក្រុង Sofia ក្លាយជា «អ្នកសមគំនិតរបស់ជនឈ្លានពាន និងអ្នកបំពានច្បាប់»។

គួរបញ្ចាក់ដែរថា ប៊ុលហ្គារីបានចូលជាសមាជិកអង្គការណាតូ តាំងពីឆ្នាំ២០០៤មកម្ល៉េះ ។ ជាក់ស្ដែង ប្រទេសទាំងពីរ (អាមេរិក-ប៊ុលហ្គារី) មានកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ដែលអនុញ្ញាតឲ្យកងទ័ពអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរួមគ្នាចំនួន ៤ នៅក្នុងប្រទេសប៊ុលហ្គារី រួមទាំងមូលដ្ឋានទ័ពអាកាស Bezmer នេះផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម