ព័ត៌មានអន្ដរជាតិ
តាលីបង់ បញ្ជាក់ច្បាស់ៗ គ្មានវត្តមានក្រុមអាល់កៃដានៅ អាហ្វហ្គានីស្ថាន ឡើយក្រោយ អាមេរិក ចោទថាកំពុងផ្ដល់ជម្រកដល់ភេរវករមួយនេះ
ដោយដកស្រង់សម្ដីពីអ្នកនាំពាក្យរបស់ក្រុមតាលីបង់គឺលោក Zabihullah Mujahid ទីភ្នាក់ងារសារព័ត៌មាន TOLO News បានរាយការណ៍កាលពីថ្ងៃអង្គារថា មិនមានសមាជិកក្រុមអាល់កៃដានៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះទេ ។

កាលពីដើមខែនេះ អតីតប្រធានទីភ្នាក់ងារចារកម្មកណ្តាល (CIA) លោក Michael Morrell បានអះអាងថា មេដឹកនាំអាល់កៃដា Ayman Al-Zawahiri រស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែត្រូវបានក្រុមតាលីបង់លាក់ខ្លួន ។
ស្របពេលជាមួយគ្នានេះ ចលនាតស៊ូនៅខេត្ត Panjshir ក៏បានចោទប្រកាន់ថា ពួកតាលីបង់កំពុងផ្ដល់ជម្រកដល់ភេរវករអាល់កៃដា និងអនុញ្ញាតឲ្យពួកគេចូលរួមចលនានេះ ។ ចាប់តាំងពីពេលនោះមកក្រុមតាលីបង់បានច្រានចោលការចោទប្រកាន់នេះ ។

លោក Mujahid បាននិយាយថា “មានការព្រួយបារម្ភត្រូវបានលើកឡើងអំពីវត្តមានក្រុមអាល់កៃដានៅអាហ្វហ្គានីស្ថាន ប៉ុន្តែការកត់សម្គាល់បែបនេះគឺជាការឃោសនា ។ យើងមិនឃើញនរណាម្នាក់ជាសមាជិកក្រុមអាល់កៃដានៅក្នុងប្រទេសអាហ្វហ្គានីស្ថានឡើយ ។ ចក្រភពឥស្លាមអាហ្វហ្គានីស្ថានដែលដឹកនាំដោយតាលីបង់ បានប្តេជ្ញាចិត្តចំពោះសហរដ្ឋអាមេរិកក្នុងរឿងនេះ ។ ការប្តេជ្ញាចិត្តគឺយើងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់យកទឹកដីអាហ្វហ្គានីស្ថាន គំរាមកំហែងនរណាម្នាក់ឡើយ” ។
នៅពាក់កណ្តាលខែកញ្ញា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានព្រមានថា ក្រុមអាល់កៃដាអាចប្រើទឹកដីអាហ្វហ្គានីស្ថាន ដើម្បីរៀបចំផែនការវាយប្រហារអាមេរិកបានលឿនជាងការរំពឹងទុកក្នុងរយៈពេល ២ ឆ្នាំ ចាប់តាំងពីការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ។

ទន្ទឹមនោះ តាលីបង់បានប្តេជ្ញាកាត់ផ្តាច់ទំនាក់ទំនងជាមួយអាល់កៃដា និងការពារអាហ្វហ្គានីស្ថានពីការក្លាយជាទីជម្រកសុវត្ថិភាពរបស់ក្រុមភេរវករ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងទីក្រុងដូហា ដែលសម្រេចបានជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ នៅខែកុម្ភៈ ឆ្នាំ ២០២០ ។
គួរបញ្ជាក់ថា កន្លងមកអាហ្វហ្គានីស្ថានបានផ្តល់មូលដ្ឋានសម្រាប់ក្រុមអាល់កៃដា និងមេដឹកនាំលោក អូសាម៉ា ប៊ីនឡាដិន ដើម្បីរៀបចំផែនការ និងដឹកនាំការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ដែលបណ្តាលឲ្យមានការឈ្លានពានរបស់អាមេរិក និងការប្រយុទ្ធគ្នាអស់រយៈពេល ២ ទសវត្ស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ក្រុមអ្នកប្រយុទ្ធ តាលីបង់ កំពុងសប្បាយជិះទាទឹកប្រដាប់ដោយអាវុធ យ៉ាងរំភើយ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


