Connect with us

ព័ត៌មានអន្ដរជាតិ

ថ្កោលទោសពេញពិភពលោក ចំពោះសេចក្តីរបស់តុលាការ​កំពូល​អាមេរិក​ ​លើ​សិទ្ធិ​រំលូត​កូន

បានផុស

នៅ

ការថ្កោលទោសជាអន្តរជាតិ បានកើតឡើងភ្លាមៗ បន្ទាប់ពីសេចក្តីសម្រេច របស់តុលាការកំពូលសហរដ្ឋអាមេរិក ក្នុងការបញ្ចប់ការការពារតាមរដ្ឋធម្មនុញ្ញ សម្រាប់សិទ្ធិរំលូតកូនដែលមាននៅក្នុងសេចក្តីសម្រេចរបស់រឿងក្តី Roe v Wade ឆ្នាំ១៩៧៣។

សេចក្តីសម្រេចដ៏ចម្រូងចម្រាសកាលពីថ្ងៃសុក្រទី២៤ខែមិថុនាមានន័យថា ប្រហែលពាក់កណ្តាលនៃរដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេច ក្នុងការហាមឃាត់ការរំលូតកូន។

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោកស្រី Michelle Bachelet បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីសម្រេចរបស់តុលាការសហរដ្ឋអាមេរិក គឺជា “ការថយក្រោយដ៏ធំ” និងជា “ការប៉ះទង្គិចដ៏ធំចំពោះសិទ្ធិមនុស្ស និងសមភាពយេនឌ័រ”។

អ្នកនាំពាក្យរបស់អគ្គលេខាធិការ UN លោក Antonio Guterres បាននិយាយថា ការរឹតត្បិតសិទ្ធិក្នុងការរំលូតកូន មិនអាចបញ្ឈប់មនុស្សដែលកំពុងស្វែងរកនីតិវិធីនោះទេ វាគ្រាន់តែធ្វើឲ្យកាន់តែមានគ្រោះថ្នាក់ប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យអគ្គលេខាធិកាលោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មានថា “សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិ គឺជាមូលដ្ឋានគ្រឹះនៃជីវិត ការផ្តល់សិទ្ធិអំណាច និងសមភាពសម្រាប់ស្ត្រី និងក្មេងស្រីរបស់ពិភពលោក។ ការរឹតត្បិតសិទ្ធិរំលូតកូន មិនបានរារាំងមនុស្សពីការស្វែងរកការរំលូតកូនឡើយ វាគ្រាន់តែធ្វើឲ្យរឿងកាន់តែសាហាវទៅៗប៉ុណ្ណោះ”។

ដោយឡែក អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា លោករំពឹងយ៉ាងខ្លាំងលើសហរដ្ឋអាមេរិក នៅពេលនិយាយអំពីការការពារសិទ្ធិស្ត្រីប៉ុន្តែលោក​ខក​ចិត្ត​ខ្លាំង​ណាស់ ពេលមានរឿងនេះ។

រីឯមេដឹកនាំ​បារាំង និង​អង់គ្លេស​បាន​ថ្កោលទោស​ការ​សម្រេច​នេះ ​ថា​ជា​បញ្ហា​ប្រឈម​ចំពោះ​សេរីភាព​ស្ត្រី។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅលើ Twitter ថា “ការរំលូតកូនគឺជាសិទ្ធិជាមូលដ្ឋានសម្រាប់ស្ត្រីគ្រប់រូប។ វាត្រូវតែត្រូវបានការពារ”។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយថា “ខ្ញុំគិតថាវាជាជំហានថយក្រោយដ៏ធំមួយ។ ខ្ញុំតែងតែជឿជាក់លើសិទ្ធិរបស់ស្ត្រីក្នុងការជ្រើសរើស ហើយខ្ញុំប្រកាន់ខ្ជាប់នូវទស្សនៈនោះ ហើយនេះជាមូលហេតុដែលចក្រភពអង់គ្លេសមានច្បាប់ដែលខ្លួនធ្វើ”។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានហៅព័ត៌មាននេះថា “គួរឲ្យរន្ធត់” ហើយបានអះអាងថា “គ្មានរដ្ឋាភិបាល អ្នកនយោបាយ ឬបុរសណាម្នាក់គួរប្រាប់ស្ត្រីអំពីអ្វីដែលនាងអាចធ្វើបាន និងមិនអាចធ្វើបាន ជាមួយនឹងរាងកាយរបស់នាងនោះទេ។ ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​ក្នុង​ប្រទេស​កាណាដា​ដឹង​ថា យើង​នឹង​ក្រោក​ឈរ​ឡើង​ដើម្បី​សិទ្ធិ​ជ្រើសរើស​របស់​អ្នក​ជានិច្ច”។

នាយករដ្ឋមន្រ្តីន័រវេសលោក Jonas Gahr Støre បានហៅសេចក្តីសម្រេនេះថាជា “ជំហានថយក្រោយយ៉ាងធំសម្រាប់សិទ្ធិស្ត្រី” ខណៈនាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sánchez បាននិយាយថា “ស្ត្រីត្រូវតែអាចសម្រេចចិត្តដោយសេរី អំពីជីវិតរបស់ពួកគេ”។

រដ្ឋមន្ត្រីទីមួយនៃប្រទេសស្កុតឡែន Nicola Sturgeon បានហៅថា “ថ្ងៃដ៏ខ្មៅងងឹតបំផុតសម្រាប់សិទ្ធិស្ត្រីក្នុងជីវិតរបស់ខ្ញុំ”។ ផលវិបាកភ្លាមៗនៃសេចក្តីសម្រេចរបស់តុលាការ នឹងពង្រឹងកម្លាំងប្រឆាំងការរំលូតកូន និងប្រឆាំងស្ត្រីនៅក្នុងប្រទេសផ្សេងទៀតផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម