Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រី គីម ជុងអ៊ុន ព្រមានសងសឹក កម្ទេចអាជ្ញាធរក្រុងសេអ៊ូល ចំពោះការធ្វើឲ្យផ្ទុះកូវីដ នៅកូរ៉េខាងជើង (មានវីដេអូ)

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី១១ខែសីហានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានចោទប្រកាន់ប្រទេសកូរ៉េខាងត្បូងថា ជាអ្នកបង្កឲ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅក្នុងប្រទេស ហើយបានព្រមាន “សងសឹក” បន្ទាប់ពីទីក្រុងព្យុងយ៉ាង ប្រកាសជ័យជម្នះលើការផ្ទុះឡើងនៃមេរោគនេះ។

គីម ជុងអ៊ុន និងប្អូនស្រី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូរ៉េខាងជើងធ្លាប់និយាយថា “វត្ថុចម្លែក” នៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង បានបណ្តាលឲ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងរដ្ឋមួយនេះ ប៉ុន្តែជាការអះអាងដែលទីក្រុងសេអ៊ូល ច្រានចោល។

អស់រយៈពេលជាច្រើនឆ្នាំ សកម្មជនកូរ៉េខាងត្បូង បានបង្ហោះប៉េងប៉ោងភ្ជាប់ជាមួយខិត្តប័ណ្ណឃោសនា និងប្រាក់ដុល្លារអាមេរិកនៅតាមព្រំដែន ដែលទីក្រុងព្យុងយ៉ាងបានតវ៉ាជាយូរមកហើយ ហើយបម្រាមមួយបានចូលជាធរមានក្នុងឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្អូនស្រីរបស់លោក គីម ជុងអ៊ុន ឈ្មោះ យូ ជុង បានស្តីបន្ទោសសកម្មភាពទាំងនេះ ថានាំឲ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងប្រទេស ដោយនិយាយថា វាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

នាងនិយាយថា ប្រទេសជាច្រើន និងអង្គការសុខភាពពិភពលោក សុទ្ធតែបានទទួលស្គាល់គ្រោះថ្នាក់នៃការរីករាលដាលនៃជំងឺឆ្លង តាមរយៈការប៉ះពាល់ទៅនឹងវត្ថុដែលមានមេរោគ។

នាង​បន្ត​ថា​ “​វា​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ណាស់​ដែល​កូរ៉េ​ខាង​ត្បូង ​កំពុង​ផ្ញើ​ខិត្តប័ណ្ណ លុយ កូនសៀវភៅ​មិន​ស្អាត និង​ទំនិញ​ចូល​ក្នុង​តំបន់​របស់​យើង​”។

នាង យូ ជុង ប្អូនស្រីលោក គីម ជុងអ៊ុន

នាង យូ ជុង ព្រមានថា “ទីក្រុងព្យុងយ៉ាងកំពុងពិចារណា ការឆ្លើយតបយ៉ាងខ្លាំងក្លា។ ប្រសិនបើប៉េងប៉ោងនៅតែបន្តហោះចូលមក យើងនឹងឆ្លើយតបដោយការកម្ទេចមិនត្រឹមតែវីរុសប៉ុណ្ណោះទេ ថែមទាំងអាជ្ញាធរកូរ៉េខាងត្បូងផងដែរ”។

ការអត្ថាធិប្បាយនេះ បានកើតឡើងបន្ទាប់ពីបងប្រុសរបស់នាង ប្រកាសជ័យជម្នះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រោយមន្រ្តីបានរាយការណ៍ថា មិនមានករណីថ្មីនៃវីរុសនេះសោះ រយៈពេលជិតពីរសប្តាហ៍៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូរ៉េខាងជើង ប្រកាសយកឈ្នះលើកូវីដ ទោះលោក គីម ចេញរោគសញ្ញាគ្រុនក្តៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម