ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ប្រើឧទ្ធម្ភាគចក្រទម្លាក់លុយ១លានដុល្លារឲ្យគេរើស ដោយសារតែមូលហេតុកម្រមួយ
បុរសម្នាក់មកពីសាធារណរដ្ឋឆេក ថ្មីៗនេះបានធ្វើឲ្យមានការរំជើបរំជួលនៅពេលដែលគាត់បានទម្លាក់ប្រាក់ចំនួន ១ លានដុល្លារ ទៅក្នុងវាលស្រែសម្រាប់មនុស្សជាង ៤ ០០០នាក់។
លោក Kamil Bartoshek មានអាយុ ៣៨ ឆ្នាំ ត្រូវបានគេស្គាល់ដោយរហស្សនាមថា Kazma គឺជាពិធីករដ៏ល្បីល្បាញនៅសាធារណរដ្ឋឆេក។ ថ្មីៗនេះ លោកបានទាក់ទាញការចាប់អារម្មណ៍របស់ពិភពលោកសម្រាប់ការទម្លាក់១លានដុល្លារអាមេរិក ពីឧទ្ធម្ភាគចក្រនៅទីក្រុង Lysa nad Labem សាធារណរដ្ឋឆេក។
សកម្មភាពហួសចិត្តនេះគឺជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយសម្រាប់កម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា “One Man Show” ។ នៅទីនេះ អ្នកលេងនឹងត្រូវចូលរួមក្នុងការដោះស្រាយកូដ ហើយអ្នកឈ្នះនឹងទទួលបានរង្វាន់ដែលមានតម្លៃ ១ លានដុល្លារ។

ទោះយ៉ាងណាក៏ដោយ នៅចុងបញ្ចប់នៃហ្គេម គ្មាននរណាម្នាក់អាចដោះស្រាយកូដបានទេ ដូច្នេះ Kamil Bartoshek បានធ្វើការសម្រេចចិត្តយ៉ាងក្លាហាន។ ពិធីករបុរសវ័យ ៣៨ ឆ្នាំរូបនេះបានប្រកាសថាលោកនឹងផ្តល់ប្រាក់ចំនួននោះដល់អ្នកដែលបានចុះឈ្មោះ ដើម្បីធ្វើតាមគាត់បន្ទាប់ពីបានយកឈ្នះលើបញ្ហាប្រឈមតូចមួយទៀត។
ក្រោយមក Kamil បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ថា “ក្នុងរយៈពេលពីរបីថ្ងៃ ឧទ្ធម្ភាគចក្រដឹកទំនិញមួយនឹងហោះហើរលើសាធារណរដ្ឋឆេក។ វានឹងមានធុងមួយដែលមានតម្លៃ ១លានដុល្លារ ទ្វារខាងក្រោមធុងនេះនឹងបើកនៅកន្លែងណាមួយក្នុងសាធារណរដ្ឋឆេក។ ដើម្បីដឹងថានៅពេលណា និងកន្លែងដែលទ្វារបើក មានតែអ្នកដែលបានចុះឈ្មោះនៅលើគេហទំព័ររបស់ខ្ញុំប៉ុណ្ណោះ ដែលនឹងត្រូវបានជូនដំណឹងពីរបីម៉ោងជាមុន”។
បន្ទាប់មក Kamil Bartoshek បានផ្ញើអ៊ីមែលទៅកាន់អ្នកគាំទ្រនៅម៉ោង ៦ ព្រឹកថ្ងៃអាទិត្យ ដែលមានព័ត៌មានសម្ងាត់អំពីកន្លែងដែលគាត់នឹងទម្លាក់ប្រាក់ពីឧទ្ធម្ភាគចក្រ តាមការសន្យា គាត់បានមកដល់ទីតាំងដែលបានកំណត់ទាន់ពេលតាមឧទ្ធម្ភាគចក្រ។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅវាលស្រែ ដោយប្រមូលក្រដាសប្រាក់ទាំងអស់ក្នុងរយៈពេលតិចជាងមួយម៉ោង។ នៅក្នុងវីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិត គេអាចឃើញហ្វូងមនុស្សកំពុងរត់ជុំវិញវាលមួយដែលមានកាបូប ដោយព្យាយាមប្រមូលក្រដាសប្រាក់១ ដុល្លារឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ អ្នកខ្លះថែមទាំងកាន់ឆ័ត្រដើម្បីប្រមូលលុយច្រើនបំផុតតាមវិធីងាយស្រួលបំផុត។
បើតាមពិធីករប្រុសរូបនេះបញ្ចាក់ថា មានមនុស្សចូលរួមប្រមូលលុយប្រមាណ ៤ពាន់នាក់។ គួរកត់សម្គាល់ថាក្រដាសប្រាក់នីមួយៗត្រូវបានភ្ជាប់ជាមួយលេខកូដ QR ជាមួយនឹងតំណភ្ជាប់ទៅកាន់វេទិកាបរិច្ចាគសប្បុរសធម៌តាមអ៊ីនធឺណិតដោយសរសេរថា “អ្នកបានផ្តល់គំនិតជាច្រើនដល់យើងអំពីអ្វីដែលត្រូវធ្វើជាមួយនឹងប្រាក់ដ៏ច្រើននេះ។ ភាគច្រើននៃព័ត៌មានដែលយើងទទួលបានរួមមាន ៣គំនិត ទីមួយគឺជួយ បរិច្ចាគថវិកាដល់អង្គការសប្បុរសធម៌ ទីពីរគឺចែកចាយវាដល់មនុស្សដែលបានគាំទ្រ និងចូលរួមក្នុងហ្គេមរបស់យើង ទីបីគឺធ្វើកម្មវិធីមួយទៀតជាមួយនឹងប្រាក់នោះ។ .
ក្រោយព្រឹត្តិការណ៍នេះ Bartoshek កាន់តែល្បីល្បាញ និងទាក់ទាញអ្នកតាមដានជិត១ លាននាក់ទៅកាន់ទំព័រផ្ទាល់ខ្លួនរបស់គាត់។

ពិធីករប្រុសរូបនេះត្រូវបានកេដឹងថា លោកមានជីវភាពធូរធារ និងសម្បូរសប្បាយដោយសារកេរ្តិ៍ឈ្មោះជាតារាទូរទស្សន៍។ មិត្តស្រីរបស់ Bartoshek គឺជាតារាម៉ូដែលដ៏ស្រស់ស្អាតរបស់ឆែក Andrea Kalousova ។ គាត់តែងតែចែករំលែករូបថតនៃការធ្វើដំណើរទៅកាន់កន្លែងជាច្រើនជុំវិញពិភពលោក ចាប់ពីការជិះស្គីលើកំពូលភ្នំដ៏អស្ចារ្យ រហូតដល់ការកោតសរសើរអគារ Burj Khalifa ក្នុងទីក្រុងឌូបៃ។
ទោះបីជារស់នៅយ៉ាងខ្ជះខ្ជាយក៏ដោយ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា Kamil Bartoshek មិនមានរថយន្តណាមួយឡើយ។ ផ្ទុយទៅវិញ ពិធីករប្រុសមានចិត្តចង់ធ្វើដំណើរជុំវិញពិភពលោកដោយយន្តហោះឯកជន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖.ndtv.
ចុចអាន៖ជីវិតដ៏ប្រណិតរបស់មេដឹកនាំហាម៉ាស សុទ្ធតែជាកំពូលមហាសេដ្ឋីមានប្រាក់វាល់លាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


