ព័ត៌មានអន្ដរជាតិ
កម្លាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា របូតបន្ទាយទ័ពមួយទៀតធ្លាក់ទៅកណ្ដាប់ដៃក្រុមទ័ពព្រៃ
ស្ថានភាពរបស់កងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាន់តែវឹកវរ និងយ៉ាប់យ៉ឺនទៅហើយ បន្ទាប់ពីកងទ័ពជនជាតិភាគតិចអារ៉ាកាន់ (AA) កាលពីថ្ងៃសុក្របន្តវាយដណ្ដើមបានបន្ទាយទ័ពមួយទៀតរបស់កងវរសេនាតូចដែលក្ដោបក្ដាប់ដោយកម្លាំងរដ្ឋាភិបាលនៅរដ្ឋរ៉ាក់ឃីន ស្របពេលដែលការបាញ់បោះនៅតែបែកផ្កាភ្លើងនៅក្នុងរដ្ឋភាគខាងលិចមួយនេះ ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Irrawaddy បានឲ្យដឹងថា កងទ័ពអារ៉ាកាន់បានកម្ចាត់កងវរសេនាតូចថ្មើរជើងលេខ ៥៤០ បន្ទាប់ពីផ្ទុះប្រដាប់អាវុធដាក់គ្នាអស់រយៈពេលជាច្រើនថ្ងៃនៅក្នុងទីក្រុង Mrauk-U ខណៈបច្ចុប្បន្នកម្លាំងទ័ពព្រៃមួយនេះក៏បានឡោមព័ទ្ធបន្ទាយទ័ពរបស់កងវរសេនាលេខ ៣៧៧ និងលេខ ៧៧៨ ផងដែរ ។
កងទ័ពអារ៉ាកាន់បានក្ដោបក្ដាប់ទីស្នាក់ការមួយនេះទាំងស្រុង បន្ទាប់ពីកងវរសេនាតូចថ្មើរជើងលេខ ៥៤០ បានបែរកាណុងកាំភ្លើងបាញ់បោះទៅលើសារមន្ទីរបុរាណវិទ្យា វត្តអារាម ទីតាំងបេតិកភណ្ឌសាសនា និងវប្បធម៌ផ្សេងទៀតនៅក្នុងតំបន់ Mrauk-U ដែលជារដ្ឋធានីបុរាណនៃរដ្ឋរ៉ាក់ឃីន ខណៈបច្ចុប្បន្នក្រុមទ័ពព្រៃក៏កំពុងដាក់មុខព្រួញលើបន្ទាយទ័ព និងទីស្នាក់ការយោធាដែលនៅសេសសល់ចំនួន ២ ផ្សេងទៀតនៅក្នុងទីក្រុងផងដែរ ។

ទន្ទឹមនោះ អ្វីដែលទាញឲ្យកងកម្លាំងរបស់រដ្ឋាភិបាលយោធាកាន់តែបាក់ទ័ពនោះ ក៏ដោយសារតែកងទ័ពអារ៉ាកាន់ (AA) ព្រួតដៃជាមួយកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពរំដោះជាតិ Ta’ang (TNLA) ហើយចាប់តាំងពីផ្ទុះប្រតិបត្តិការ Operation 1027 ថ្ងៃទី២៧ ខែតុលាឆ្នាំមុនមក ក្រុមទ័ពព្រៃទាំងបីនេះវាយដណ្តើមយកបន្ទាយទ័ពជាង ៥០០ កន្លែង និងទីក្រុងចំនួន ២០ ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយពេលដែលការប្រយុទ្ធគ្នាបានរាលដាលដល់ភាគខាងកើត និងភាគខាងលិចរដ្ឋ Shan ខណៈយោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប្រជាជនជាងកន្លះលាននាក់ត្រូវបង្ខំចិត្តឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមឧទ្ទាមទាំងបីបានផ្ទុះមានឡើងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ បើទោះបីជាទីក្រុងប៉េកាំងសម្របសម្រួលបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរក៏ដោយ ខណៈភ្លើងសង្គ្រាមកាន់តែឆេះរោលរាលឡើង នៅពេលកម្លាំងទ័ពជិត ២,៤០០ នាក់ រួមទាំងមន្ត្រីជាង ២០០ នាក់បានសុំចុះចាញ់ក្រុមឧទ្ទាមទ័ពព្រៃនៅទីក្រុង Kokang ដែលមានព្រំប្រទល់ជាប់ប្រទេសចិន រួមជាមួយទីក្រុង Paletwa និងបន្ទាយទ័ពចំនួន ៦ ផ្សេងទៀតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសឥណ្ឌាកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ កន្លងទៅ ៕

ដោយ ៖ សុខ ជីវ័ន្ត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ៩ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ