ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ ថា ការដោះលែងលោក ថាក់ស៊ីន គឺស្របច្បាប់
តាមការចុះផ្សាយរបស់ Bangkok Post, លោក សេដ្ឋា ថាវីស៊ីន បញ្ជាក់ថា ការលើកលែងទោសអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺស្របច្បាប់ និងស្របតាមបទប្បញ្ញត្តិនៃប្រព័ន្ធយុត្តិធម៌ របស់ប្រទេសថៃ។

បន្ទាប់ពីលោកថាក់ស៊ីន ត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ លោកនាយករដ្ឋមន្ត្រី សេដ្ឋាបានលើកឡើងថា ប្រសិនបើការដោះលែងនេះ ជួយឲ្យទិដ្ឋភាពនយោបាយកាន់តែល្អប្រសើរនោះគាត់ជឿថា ប្រជាជនថៃប្រហែលសប្បាយចិត្តខ្លាំងជាងនេះ។ លោកថាក់ស៊ីន បានវិលត្រលប់មកមាតុប្រទេសវិញ ដើម្បីប្រឈមមុខនឹងប្រព័ន្ធយុត្តិធម៌ ហើយការដោះលែងរបស់គាត់ គឺអនុលោមតាមបទប្បញ្ញត្តិរបស់ពន្ធនាគារ មន្ទីរពេទ្យ និងក្រសួងយុត្តិធម៌។
លើសពីនេះ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ប្រសិនបើលោកថាក់ស៊ីន អាចផ្តល់ដំបូន្មានសម្រាប់រាជរដ្ឋាភិបាលរបស់លោក ច្បាស់ណាស់គណៈរដ្ឋមន្ត្រីនឹងសប្បាយចិត្តព្រោះលោក ថាក់ស៊ីន មានចេតនាល្អសម្រាប់ប្រទេសជាតិ និងយកបទពិសោធន៍នៅក្រៅប្រទេសមកចែករំលែកដល់ជនរួមជាតិ។
សូមបញ្ជាក់ជាថ្មី លោក ថាក់ស៊ីន អាយុ៧៤ឆ្នាំ ត្រូវបានដោះលែងឲ្យមានសេរីភាព និងវិលត្រលប់ទៅផ្ទះរស់ជុំគ្រួសារវិញ នៅថ្ងៃអាទិត្យទី១៨ខែកុម្ភៈ។

យោងតាមសមត្ថកិច្ចយុត្តិធម៌, លោក ថាក់ស៊ីន ត្រូវលក្ខខណ្ឌនៃការដោះលែង ព្រោះលោកមានអាយុលើស៧០ឆ្នាំ និងមានជំងឺធ្ងន់ធ្ងរ ហើយត្រូវគេចាត់ទុកថា ជាប់ពន្ធនាគារយ៉ាងហោចណាស់ប្រាំមួយខែរួចទៅហើយ ទោះលោកស្ថិតនៅក្នុងមន្ទីរពេទ្យក៏ដោយ។
ក្រោយការសម្រេចដោះលែង លោកថាក់ស៊ីន ត្រូវបានគេឃើញពាក់អាវដៃវែង និងម៉ាស នៅជាមួយកូនៗក្នុងរថយន្តមួយគ្រឿង ធ្វើដំណើរចេញពីមន្ទីរពេទ្យប៉ូលិស នាវេលាម៉ោង ៦ និង០៩នាទីព្រឹកថ្ងៃអាទិត្យ។
លោក ថាក់ស៊ីន បានវិលចូលស្រុកថៃវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរស់នៅនិរទេសអស់រយៈពេល ១៥ ឆ្នាំ ហើយនៅថ្ងៃដដែលនោះ តុលាការកំពូលក៏បានកាត់ទោសអតីតនាយករដ្ឋមន្ត្រីរូបនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណី។

ប៉ុន្តែភ្លាមៗនោះ លោក ថាក់ស៊ីន ត្រូវគេបញ្ជូនចេញពីពន្ធនាគារក្រុងបាងកកទៅកាន់មន្ទីរពេទ្យប៉ូលិសទាំងកណ្ដាលអធ្រាត្រ ដោយសារលោកមានអាការតឹងទ្រូង និងគេងមិនលក់ ហើយក្រោយការពិនិត្យរូច មន្ត្រីពេទ្យបានរកឃើញថា លោក ថាក់ស៊ីន មានជំងឺលើសឈាម ដោយតម្រូវឲ្យមន្ត្រីពន្ធនាគារធ្វើការតាមដានសុខភាពរបស់លោកយ៉ាងដិតដល់ ក្នុងអំឡុងពេលសម្រាកព្យាបាល ។
ទោះយ៉ាងណា លោក ថាក់ស៊ីន ត្រូវបានព្រះមហាក្សត្រ មហាវជ្ជរ៉ា ឡុងកន សម្រេចព្រះទ័យបន្ថូរបន្ថយទោសជាប់ពន្ធនាគារពី ៨ ឆ្នាំមកនៅត្រឹម ១ ឆ្នាំកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយសារតែទ្រង់មានព្រះរាជតម្រិះពិចារណាលើអង្គហេតុ ក៏ដូចជាកត្តាមួយចំនួនដូចជា មហាសេដ្ឋីរូបនេះមានភក្ដីភាពចំពោះរាជានិយម នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី និងនាំប្រទេសជាតិ និងប្រជានុរាស្ត្រទទួលបានផលប្រយោជន៍ជាច្រើន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


