ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា កាត់ទោសប្រហារជីវិតឧត្តមសេនីយ៍ផ្កាយមួយ ៣ រូប ក្រោយលើកទង់ ស ចុះចាញ់ក្រុមឧទ្ទាមទ័ពព្រៃ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានកាត់ទោសប្រហារជីវិតឧត្តមសេនីយ៍ត្រីចំនួន ៣ រូប ដោយសារតែទម្លាក់អាវុធសុំចុះចាញ់ និងហុចទីក្រុងជាប់ព្រំដែនចិនទៅឲ្យសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចកាលពីខែមុន ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ Bangkok Post កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ប្រភពនៅក្នុងជួរយោធាដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះក៏បានលួចខ្សឹបប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលថ្ងៃចន្ទដែរថា ឧត្តមសេនីយ៍ផ្កាយមួយទាំង ៣ រូប រួមទាំងមេបញ្ជាការក្រុង Laukkai ផងនោះ ត្រូវបានកាត់ទោសប្រហារជីវិត ខណៈស្របពេលជាមួយគ្នានេះ ក៏មានមនុស្ស ២ នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិតផងដែរក្នុងឧបទ្ទវហេតុរត់ជាន់គ្នា នៅពេលឈរប្រជ្រៀតគ្នាជាមួយមនុស្សរាប់រយនាក់ផ្សេងទៀតដើម្បីពិនិត្យលិខិតឆ្លងដែនបម្រុងរត់ចេញពីប្រទេស ។
ទោះយ៉ាងណា ព័ត៌មានលម្អិតទាក់ទងនឹងពេលវេលានៃការប្រកាសសាលក្រមកាត់ទោសប្រហារជីវិតនេះគឺមិនត្រូវបានបង្ហាញឲ្យដឹងនោះឡើយ ប៉ុន្តែអ្នកនាំពាក្យយោធាបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីខែមុនថា ឧត្តមសេនីយ៍ត្រីទាំង ៣ រូបកំពុងស្ថិតក្នុងមន្ទីរឃុំឃាំងយោធា ពោលគឺអនុវត្តទៅតាមច្បាប់ទាហានមីយ៉ាន់ម៉ាដែលបានចែងថា ទាហានរូបណាដែលរត់ចោលជួរដោយគ្មានការអនុញ្ញាត គឺអាចមានទោសប្រហារជីវិត ។

ទន្ទឹមនោះ ការកាត់ទោសនេះធ្វើឡើង បន្ទាប់ពីកងទ័ពរាប់រយនាក់លើកទង់ ស និងទម្លាក់អាវុធសុំចុះចាញ់សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច ឬសម្ព័ន្ធបងប្អូន ៣ នាក់នៅទីក្រុង Laukkai ដែលមានទីតាំងនៅភាគខាងជើងរដ្ឋ Shan បន្ទាប់ពីបែរកាណុងបាញ់បោះដាក់គ្នាយ៉ាងចាស់ដៃអស់រយៈពេលជាច្រើនខែ ខណៈការរត់ចោលជួរយ៉ាងអាម៉ាស់នេះ បង្ហាញពីការបាក់ទ័ពក្នុងជួរយោធាមីយ៉ាន់ម៉ា ហើយក៏បានទាញការរិះដៀលជាសាធារណៈដ៏កម្រពីបក្ខពួករបស់ខ្លួនផងដែរ ចំពេលមានការប្រឆាំងជាហូរហែចំពោះរដ្ឋប្រហារឆ្នាំ ២០២១ មក ។
សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច ឬសម្ព័ន្ធបងប្អូន ៣ នាក់បានប្រកាសពីការវាយដណ្ដើមបានទីក្រុង Laukkai បន្ទាប់ពីទីបញ្ជាការកណ្ដាលរបស់យោធារដ្ឋាភិបាលលនៅក្នុងតំបន់នោះបានលើកទង់ ស និងទម្លាក់អាវុធសុំចុះចាញ់ ហើយតំបន់ទាំងអស់ក្នុងទីក្រុងមួយនេះ បានក្លាយជាទឹកដីដែលលែងមានកងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាទៀតហើយ ។
ជម្លោះប្រដាប់អាវុធរវាងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមឧទ្ទាមទាំងបីបានផ្ទុះមានឡើងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ ខណៈភ្លើងសង្គ្រាមកាន់តែឆេះរោលរាលឡើង នៅពេលកម្លាំងទ័ពជិត ២,៤០០ នាក់ រួមទាំងមន្ត្រីជាង ២០០ នាក់បានសុំចុះចាញ់ក្រុមឧទ្ទាមទ័ពព្រៃនៅទីក្រុង Kokang ដែលមានព្រំប្រទល់ជាប់ប្រទេសចិន រួមជាមួយទីក្រុង Paletwa និងបន្ទាយទ័ពចំនួន ៦ ផ្សេងទៀតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសឥណ្ឌាកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ កន្លងទៅ ។

សរុបមក ក្រុមទ័ពព្រៃទាំងបីនេះដណ្តើមយកបន្ទាយទ័ពជាង ៥០០ កន្លែង និងទីក្រុងជិត ២០ ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយពេលដែលការប្រយុទ្ធគ្នាបានរាលដាលដល់ភាគខាងកើត និងភាគខាងលិចនៃប្រទេស ខណៈយោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប្រជាជនជាងកន្លះលាននាក់ត្រូវបង្ខំចិត្តឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាក់ទ័ព និងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈសមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវចាប់ខ្លួនផងដែរ ក្នុងការបាញ់បោះដាក់គ្នាតាមតំបន់ព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ទ័ពរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា បាញ់សម្លាប់ទណ្ឌិតនយោបាយ ២ រូប ហើយយកទៅបូជាស្ងាត់ៗ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
នយោបាយ៤៥ នាទីutes ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង