ព័ត៌មានអន្ដរជាតិ
ហេតុអ្វី អ៊ីស្រាអែល បញ្ចេញចង្កូមខាំប៉ុណ្ណឹងហើយ តែ អ៊ីរ៉ង់ ស្ងាត់ច្រៀបមិនប្រើថ្នាំខ្លាំងសងសឹកទៅវិញ?
អ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃសុក្រ ទី១៩ ខែមេសា បានសម្រេចចិត្តបង្ហោះយន្តហោះគ្មានមនុស្សបើកឆ្មក់ចូលមកក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានបើកប្រមាណ ៣០០ គ្រឿង និងមីស៊ីលរាប់រយគ្រាប់មកលើអ៊ីស្រាអែលកាលពីសប្ដាហ៍មុន ខណៈរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ក៏នៅស្ងាត់ច្រៀបមិនទាន់បង្ហាញតម្រុយនៃការផ្ដល់ថ្នាំខ្លាំងទៅដល់ទីក្រុងហ្ស៊េរុយសាឡិមនៅឡើយដែរ ។

កន្លងមក អ៊ីរ៉ង់ធ្លាប់បានលើកឡើងហើយថានឹងមិនទុកឲ្យអ៊ីស្រាអែលដេកលក់ស្រួលនោះទេ បើទោះជាកងកម្លាំងរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បើកការវាយប្រហារក្នុងទ្រង់ទ្រាយណាក៏ដោយ ជាពិសេសលោកប្រធានាធិបតី Ebrahim Raisi អះអាងហើយថា “បើអ៊ីស្រាអែលហ៊ានវាយប្រហារចូលទឹកដីអ៊ីរ៉ង់សូម្បីប៉ុនក្រចកដៃ សូមពួកគេត្រៀមខ្លួនទទួលយកការសងសឹកដ៏ចាស់ដៃទៅវិញទៅ” ។ ដូច្នេះហេតុអ្វីបានជាអ៊ីស្រាអែលបញ្ចេញចង្កូមខាំប៉ុណ្ណឹងហើយ ប៉ុន្តែអ៊ីរ៉ង់មិនទាន់ឲ្យអ៊ីស្រាអែលភ្លក់រសជាតិសងសឹកទៅវិញ?
កងកម្លាំងអ៊ីរ៉ង់បញ្ជាក់កាលពីថ្ងៃសុក្រថាបានបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងនៅទីក្រុង Isfahan ហើយសំឡេងផ្ទុះដែលឮនៅទីនោះ គឺជាស្នូរបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ខ្មាំងសត្រូវពីសំណាក់ប្រព័ន្ធខែលការពារដែនអាកាសអ៊ីរ៉ង់ ខណៈរហូតមកដល់ពេលនេះ ក៏មិនទាន់មានមីស៊ីលណាមួយហោះចូលមកវាយប្រហារលើទឹកដីរបស់ខ្លួននោះដែរ ហើយចាត់ទុកសកម្មភាពទាំងនេះគឺតូចតាចប៉ុនសរដសៃសក់ ទើបទីក្រុងតេហេរ៉ង់មិនបើកការវាយប្រហារសងសឹកទៅវិញ ។

ម្យ៉ាងការវាយប្រហារទាំងប៉ុន្មាននោះក៏មិនមានផលខូចខាតណាមួយទៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះដែរ ដោយសារតែសមត្ថភាពនៃប្រព័ន្ធខែលការពារដែនអាកាសដ៏មានឥទ្ធិពលរបស់ខ្លួន ទើបមិនធ្វើឲ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ក្ដៅស្លឹកត្រចៀក និងបន្តស្ងាត់ស្ងៀម ខណៈរហូតមកដល់ពេលនេះ អ៊ីស្រាអែលមិនទាន់ចេញមកបំភ្លឺ ឬទទួលស្គាល់អំពីឧប្បត្តិហេតុនេះដូចគ្នា ។
ទោះជាយ៉ាងណា ច្បាស់ណាស់ថា អ៊ីរ៉ង់នឹងមិនទុកឲ្យអ៊ីស្រាអែលជិះសេះលែងដៃនោះឡើយ បើរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមនៅតែថ្លើមធំបើកការវាយប្រហារទៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់ ហើយសត្រូវសួរពូជទាំងពីរបាននឹងកំពុងសង្គ្រឺតការវាយប្រហារដាក់គ្នាដោយផ្ទាល់ ស្របពេលដែលអ៊ីស្រាអែលក៏កំពុងជាប់ដៃធ្វើសង្គ្រាមជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅតំបន់ហ្គាហ្សាផងដែរ ដែលរហូតមកដល់ពេលនេះចាយពេល ៦ ខែមកហើយ ។

ស្របពេលជាមួយគ្នានេះ អង្គការសហប្រជាជាតិបានសម្ដែងក្ដីភ័យព្រួយចំពោះវោហារសាស័ព្ទដុតបញ្ឆេះជម្លោះនៅមជ្ឈិមបូព៌ា ខណៈសម្ព័ន្ធមិត្តអ៊ីស្រាអែលដូចជា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក៏បានជំរុញឲ្យរដ្ឋាភិបាលរបស់លោក Netanyahu អត់ធ្មត់ និងត្រជាក់ចិត្តកុំវាយតបតបន្ថែមទៀតទៅអ៊ីរ៉ង់ឲ្យសោះ ជាពិសេសទីក្រុងវ៉ាស៊ីនតោនលើកឡើងហើយថា នឹងមិនលូកដៃចូលក្នុងភ្នក់ភ្លើងមួយនេះឡើយ ។
គួរបញ្ជាក់ថា អ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែពាក់មុខយក្សដាក់គ្នា ក្រោយរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមបើកការវាយប្រហារតាមអាកាសដ៏សាហាវយង់ឃ្នងទៅលើស្ថានកុងស៊ុលរបស់ទីក្រុងតេហេរ៉ង់នៅក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរីកាលពីថ្ងៃទី១ ខែមេសា ដោយបានសម្លាប់ទីប្រឹក្សាយោធាអ៊ីរ៉ង់ ៧ រូប ខណៈក្នុងនោះរួមមានទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohammad Reza Zahedi ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រកឃើញឫសគល់ដែលជំនន់ទឹកភ្លៀងនៅទីក្រុងអ្នកមាន ឌូបៃ ស្រកយឺតបែបនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


