ព័ត៌មានអន្ដរជាតិ
ធ្លាយផែនការសម្ងាត់ថា អាល្លឺម៉ង់ គ្រោងកែនទាហានអាយុ១៨ឆ្នាំ ដើម្បីប្រយុទ្ធក្នុងសង្គ្រាម ណាតូ-រុស្ស៊ី
តាមរយៈផែនការយោធាសម្ងាត់ដែលទម្លាយដោយសារព័ត៌មាន Telegraph កាលពីថ្ងៃអាទិត្យទី១២ខែឧសភា បានលាតត្រដាងថា ប្រទេសអាល្លឺម៉ង់ អាចគាស់យកច្បាប់កែនមនុស្សអាយុ១៨ឆ្នាំទាំងពីរភេទឲ្យចូលបម្រើកងទ័ពមកប្រើវិញ ដើម្បីត្រៀមប្រយុទ្ធ ព្រោះកំពុងភ័យថា សង្គ្រាមធំរវាងអង្គការណាតូ ជាមួយរុស្ស៊ី អាចនឹងកើតឡើងមែនទែន។

ប្រភពដដែលទម្លាយថា កិច្ចពិភាក្សាដំណាក់កាលចុងក្រោយនៃច្បាប់នេះ កំពុងធ្វើឡើងជាមួយរដ្ឋមន្ត្រីការពារជាតិ Boris Pistorius ហើយគេនឹងប្រកាសផែនការផ្លូវការនេះ ជាសាធារណៈ នាខែក្រោយតែម្តង។
ចំណុចមួយដែលគេមើលឃើញក្នុងផែនការយោធានេះ, បុរសស្ត្រីទាំងអស់ នឹងត្រូវចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ពនៅពេលពួកគេ ឈានចូលវ័យ១៨ឆ្នាំ។ ប៉ុន្តែយ៉ាងណា ការជ្រើសរើសស្រ្តីទំនងជាងទទួលការជំទាស់ជាក់ជាមិនខាន ព្រោះគោលនយោបាយពីមុនរបស់ប្រទេសអាល្លឺម៉ង់ស្តីពីការបំពេញកាតព្វកិច្ចយោធានេះ គឺត្រូវបានអនុវត្តចំពោះតែបុរសប៉ុណ្ណោះ។

គេនៅចាំបានថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនលោក Pistorius និយាយថា លោកទទួលស្គាល់, អាល្លឺម៉ង់ ពិតជាចាំបាច់ត្រូវមានកំណែទម្រង់នៃការកែនទាហានថ្មីមែន ហើយលោកថែមអះអាងទៀតថា ការសម្រេចចិត្តរបស់ប្រទេសនេះ ដែលផ្អាកការបំពេញកាតព្វកិច្ចយោធាក្នុងឆ្នាំ២០១១ គឺជា កំហុសដ៏ធំ។
ព័ត៌មាននេះទៀតសោត កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ប្រកាសថា កងកម្លាំងនុយក្លេអ៊ែររបស់លោក ត្រៀមលក្ខណៈប្រយុទ្ធពេញលេញអស់ហើយ ដើម្បីច្បាំងក្នុងសង្គ្រាមលោក។

ក្នុងសុន្ទរកថាចេញទីលានក្រហមនៃទីក្រុងមូស្គូ កាលពីសប្តាហ៍មុន លោក ពូទីន បានថ្លែងខ្លាំងៗទៅកាន់មន្ត្រីកំពូល កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋរុស្ស៊ីរាប់លាននាក់ថា យោធារុស្ស៊ី តែងប្រុងជើងការជាប់ជានិច្ច និងត្រៀមរួចជាស្រេច ដើម្បីការពារអធិបតេយ្យរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ច្បាស់ៗថា រុស្ស៊ី នឹងប្រើអំណាចធ្វើគ្រប់បែបយ៉ាង ដើម្បីរារាំងមិនឲ្យពិភពលោកកើតជម្លោះថ្មីទៀត ប៉ុន្តែក៏មិនអនុញ្ញាតឲ្យមានការគំរាមកំហែងណាមួយចំពោះរុស្ស៊ីដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមនឹងការផ្ទុះសង្គ្រាមធំមែនទែន ព្រោះតែបណ្តាមេដឹកនាំប្រទេសមហាអំណាច កំពុងសង្គ្រឺតធ្មេញដាក់គ្នា ជាពិសេសជុំវិញគំនិតរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលគិតចង់បញ្ជូនទ័ពទៅជួយអ៊ុយក្រែន ប្រយុទ្ធជាមួយរុស្ស៊ី ជាហេតុនាំឲ្យទីក្រុងមូស្គូ គំរាមសងសឹកម្តងហើយម្តងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន ប្រកាសប្រើអំណាច ធ្វើគ្រប់យ៉ាង រារាំងពិភពលោក មិនឲ្យកើតសង្គ្រាមថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


