ព័ត៌មានអន្ដរជាតិ
មរណភាពប្រធានាធិបតីអ៊ីរ៉ង់ ជះឥទ្ធិពលអាក្រក់២យ៉ាង ដល់ពិភពលោក
មរណភាពរបស់លោកប្រធានាធិបតី Ebrahim Raisi មិនមែនត្រឹមបង្កផលអាក្រក់ក្នុងប្រទេសអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ពោលគឺជះឥទ្ធិពលដល់ពិភពលោកតែម្តង នោះគឺពាក់ព័ន្ធតម្លៃប្រេងជាសកល និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយ។

១. តម្លៃប្រេង
តាមការចុះផ្សាយរបស់គេហទំព័រ Oilprice.com នៅថ្ងៃអង្គារទី២១ខែឧសភា, គ្រាន់តែលេចឮព័ត៌មានអំពីការស្លាប់របស់លោក Raisi ភ្លាម តម្លៃប្រេងឆៅម៉ាក Brent បានហក់ឡើងលើស ៨៤ដុល្លារក្នុងមួយបារ៉ែល ចំណែកឯម៉ាក West Texas Intermediate (WTI) បានឡើងដល់ ៨០ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែក្រោយមកតម្លៃក៏បានថយចុះមកវិញ។
យ៉ាងណាក្តី ក្រុមអ្នកព្យាករព្រមានថា តម្លៃប្រេងឆៅ អាចនឹងឡើងជាបន្តទៀត ប្រសិនបើស្ថានការណ៍ជុំវិញបញ្ហាអ៊ីរ៉ង់ នៅតែបន្តពុះកញ្ជ្រោល។

២. ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ
ត្បិតតែការសន្និដ្ឋានដំបូងបានចង្អុលទៅកត្តាអាកាសធាតុ ថាជាមូលហេតុនៃឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសពិតមែន ប៉ុន្តែក៏នៅតែមានមន្ទិលសង្ស័យលើការធ្វើឃាតនៅពីក្រោយរឿងនេះផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NDTV។
ឧបទ្ទវហេតុនេះ កើតឡើងនៅពេលលោក Raisi វិលត្រឡប់ពីពិធីសម្ពោធទំនប់វារីអគ្គិសនីថ្មីមួយ ដែលសាងសង់នៅព្រំដែនជាមួយប្រទេស អាស៊ែរបៃហ្សង់។

តាមពិតទៅឧទ្ធម្ភាគចក្រទាំងអស់មានចំនួន៣គ្រឿង ដោយ២គ្រឿងមានដឹកមន្ត្រីរដ្ឋាភិបាលប៉ុន្តែបានធ្វើដំណើរទៅដល់គោលដៅដោយសុវត្ថិភាព អកុសលតែឧទ្ធម្ភាគចក្រមួយគ្រឿង ដឹកលោកប្រធានធិបតីនិងរដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian ព្រមទាំងអ្នកមុខអ្នកការផ្សេងទៀត បែរជាត្រូវធ្លាក់នៅក្នុងតំបន់ជួរភ្នំដាច់ស្រយាល។
លោក Raisi គឺជាបុគ្គលអភិរក្សនិយមជ្រុល និងបានចេញបញ្ជាឲ្យមានការបង្ក្រាបនានាលើគូប្រជែង ជាពិសេសលោកគឺជាអ្នកប្រឆាំងដាច់ខាតជាមួយអ៊ីស្រាអែល។ ម្យ៉ាងវិញទៀត លោកក៏ជាអ្នកគាំទ្រខ្លាំងក្លារបស់ក្រុមហាម៉ាសផងដែរ ខណៈបច្ចុប្បន្នចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ កំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល។ លោក Raisi ក៏ជាអ្នកចេញបញ្ជាឲ្យបាញ់មីស៊ីលនិងដ្រូន ទៅវាយប្រហារប្រទេសអ៊ីស្រាអែលផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងហ្ស៊េរុយសាឡិម បានចេញមុខបដិសេធហើយថា ខ្លួនគ្មានអ្វីពាក់ព័ន្ធនឹងហេតុការណ៍នេះទេ ហើយភាគីអ៊ីរ៉ង់ ក៏មិនទាន់និយាយអ្វីខ្លាំងទាក់ទងរឿងនេះដែរ។
ត្បិតមានការលើកឡើងបែបនេះក្តី តែក្រុមអ្នកវិភាគអន្តរជាតិមួយចំនួនបានបង្ហាញក្តីបារម្ភថា ប្រសិនបើទីក្រុងតេហេរ៉ង់ រកឃើញតម្រុយណាមួយ ពាក់ព័ន្ធការធ្វើឃាតមែននោះ ច្បាស់ណាស់ស្ថានការណ៍នៅមជ្ឈិមបូព៌ា នឹងឡើងកម្តៅខ្លាំង ហើយឈានទៅដល់ការផ្ទុះសង្គ្រាមធំជាក់ជាមិនខាន ស្របពេលដែលភាពវឹកវរបច្ចុប្បន្ន បាននាំតំបន់នេះឲ្យដើរដល់មាត់ជ្រោះមរណៈរួចទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លម្អិតហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ឆក់យកជីវិត ប្រធានាធិបតីអ៊ីរ៉ង់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះក្រោម ១០០ ដុល្លារ/បារ៉ែល ជុំវិញវឌ្ឍនភាពការចរចាអាមេរិក-អ៊ីរ៉ង់


