Connect with us

ព័ត៌មានអន្ដរជាតិ

កងនាវាចម្បាំងរុស្ស៊ី ចាកចេញពីគុយបា ក្រោយបំពេញទស្សនកិច្ចនិងធ្វើសមយុទ្ធ ៥ថ្ងៃ

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT នៅថ្ងៃអង្គារទី១៨ខែមិថុនា, កងនាវាចម្បាំងរុស្ស៊ី បានចាកចេញពីកំពង់ផែទីក្រុង ឡាវ៉ាហាន ហើយ បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេលប្រាំថ្ងៃ និងការធ្វើសមយុទ្ធយោធាតាមគម្រោងនៅប្រទេសគុយបា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AFP)

ពីដំបូង កងនាវានេះ ដែលរួមមានទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាចម្បាំងផងដែរនោះ បានធ្វើដំណើរទៅដល់កំពង់ផែ នៅថ្ងៃពុធទី១២ខែមិថុនា ធ្វើឲ្យសហរដ្ឋអាមេរិក នៅមិនសុខ ឈានដល់ថ្នាក់បញ្ជូននាវាទៅតាមដាន និងសង្កេតមើលស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុតថែមទៀតផង។

យ៉ាងណាក្តី ក្រសួងការបរទេសគុយបាអះអាងថា គ្មាននាវាណាមួយផ្ទុកអាវុធនុយក្លេអ៊ែរឡើយ ហើយដំណើរទស្សនកិច្ចនេះ ក៏មិនបង្កការគំរាមកំហែងអ្វីទេដល់តំបន់ដែរ ផ្ទុយពីការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ី ដែលថា នាវាចម្បាំង Admiral Gorshkov និងនាវាមុជទឹក Kazan គឺជាមានផ្ទុកអាវុធទំនើបៗ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ជាដើម។

(រូបថត៖ Getty)

នេះមិនមែនជារឿងថ្មីឡើយ ដែលរុស្ស៊ី បញ្ជូននាវាចម្បាំងទៅកាន់ប្រទេសគុយបា គ្រាន់តែថា វត្តមានកម្លាំងយោធារបស់ទីក្រុងមូស្គូនៅទីក្រុងឡាវ៉ាហាន នាពេលនេះ គឺកើតឡើងចំពេលស្ថានការណ៍ពិភពលោកកំពុងឡើងកម្តៅខ្លាំងប៉ុណ្ណោះ។

សូមបញ្ជាក់ គុយបាមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ជាយូរមកហើយ ដោយប្រទេសនេះគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អតីតសហភាពសូវៀត ក្នុងសម័យសង្គ្រាមត្រជាក់ ដោយថែមទាំងព្រមទទួលធ្វើជាទីតាំងដាក់មីស៊ីលនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ អំឡុងវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមនាវាចម្បាំងរុស្ស៊ីទៅដល់គុយបា, អាមេរិក កំពុងតាមមើល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម