ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ត្រៀមដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ ឆ្លើយតបនឹងគម្រោងពង្រាយមីស៊ីលរបស់អាមេរិកនៅអាល្លឺម៉ង់
នាថ្ងៃទី១៨ ខែកក្កដា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា រុស្ស៊ីមិនច្រានចោលការដាក់ពង្រាយគ្រាប់មីស៊ីលនុយក្លេអ៊ែរនោះទេ ដើម្បីជាការឆ្លើយតបទៅនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅលើទឹកអាល្លឺម៉ង់។

លោក Ryabkov បានបញ្ជាក់ថា ការដាក់ពង្រាយអាវុធរបស់ក្រុងមូស្គូ អាចធ្វើឡើងនៅក្នុងតំបន់ Kaliningrad ដែលស្ថិតនៅចំចន្លោះប្រទេសសមាជិកណាតូចំនួន២ គឺ ប៉ូឡូញ និងលីទុយអានី។ មន្ត្រីជាន់រុស្ស៊ីរូបនេះ ថា តំបន់ Kaliningrad គឺជាផ្នែកខាងលិចបំផុតនៃប្រទេសរុស្ស៊ី ហើយវាបានក្លាយជាការព្រួយបារម្ភរបស់គូប្រជែងរបស់រុស្ស៊ីជាយូរណាស់មកហើយ។
មីស៊ីលដែលរុស្ស៊ី និងអាមេរិកកំពុងពិចារណាដាក់ពង្រាយ គឺជាប្រភេទសព្វាវុធរយៈចម្ងាយឆ្ងាយ ដែលត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញាអាមេរិក-សូវៀតឆ្នាំ ១៩៨៧។ យ៉ាងណាមិញ អាមេរិកបានបោះបង់ចោលសន្ធិសញ្ញានេះក្នុងឆ្នាំ២០១៩ ដោយចោទរុស្ស៊ីពីការបំពានច្បាប់សន្ធិសញ្ញា តែត្រូវក្រុងមូស្គូបដិសេធ។
អ្នកជំនាញផ្នែកសន្តិសុខ បាននិយាយថា ការដាក់ពង្រាយមីស៊ីលដែលបានគ្រោងទុកនេះ គឺជាផ្នែកមួយនៃការប្រកួតប្រជែងសព្វាវុធ ដែលបន្ថែមពីលើការគំរាមកំហែងដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន ចំពេលកំពុងមានភាពតានតឹងខ្លាំងជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
ការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែររបស់រុស្សីនៅ Kaliningrad នឹងផ្ដល់ជាការព្រមានដ៏ខ្លាំងមួយទៅកាន់លោកខាងលិច ដោយសារតំបន់ Kaliningrad គឺនៅជិតប្រទេសណាតូជាទីបំផុត។
ប៉ុន្តែបើតាមលោក Andrey Baklitskiy អ្នកជំនាញគ្រប់គ្រងអាវុធនៅវិទ្យាស្ថាន UNIDIR របស់អង្គការសហប្រជាជាតិ បានយល់ឃើញថា មីស៊ីលរុស្ស៊ីនៅតំបន់ Kaliningrad ប្រហែលជាត្រូវអាចតាមដានដឹងគ្រប់វិនាទី ដោយអ្នកស៊ើបការណ៍ និងអ្នកឃ្លាំមើលរបស់អង្គការណាតូ ដូច្នេះការដាក់ពង្រាយបែបនេះទំនងជាការបង្វែរស្ថានការណ៍ប៉ុណ្ណោះ។ លោក Andrey ធ្លាប់និយាយកាលពីដើមសប្ដាហ៍ថា បើចង់ដាក់ពង្រាយមីស៊ីលមែន នោះរុស្ស៊ីនឹងជ្រើសយកទីតាំងរដ្ឋធានីមូស្គូ ឬតំបន់ Leningrad ឬតំបន់ Chukotka នៅភាគខាងកើតបំផុតរបស់ប្រទេសរុស្ស៊ី ព្រោះពីទីកន្លែងទាំងនោះ រុស្ស៊ីអាចកំណត់គោលដៅបាញ់ដល់រដ្ឋ Alaska ឬសូម្បីតែរដ្ឋ California។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងចាប់ផ្តើមដាក់ពង្រាយមីស៊ីលនៅក្នុងប្រទេសអាល្លឺម៉ង់ចាប់ពីឆ្នាំ២០២៦ ដូចជា មីស៊ីល SM-6 មីស៊ីល Tomahawk និងមីស៊ីលលឿនជាងសម្លេងប្រភេទថ្មី ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអង្គការណាតូ និងការការពារអឺរ៉ុប។
ដោយឡែក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្លាប់បានឲ្យដឹងកាលពីខែមិថុនាកន្លងទៅថា ទីក្រុងមូស្គូនឹងបន្តផលិតមីស៊ីលរយៈចម្ងាយខ្លី និងឆ្ងាយឡើងវិញ ហើយនឹងពិចារណាថាត្រូវដាក់នៅទីណា ប្រសិនបើចាំបាច់។ ប្រព័ន្ធមីស៊ីលរបស់រុស្ស៊ីភាគច្រើន មានសមត្ថភាពបំពាក់ក្បាលគ្រាប់ធម្មតា និងក្បាលគ្រាប់នុយក្លេអ៊ែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


