ព័ត៌មានអន្ដរជាតិ
ចិនរឹតបន្តឹងការនាំចេញដ្រូនដែលអាចប្រើប្រាស់បម្រើគោលបំណងយោធា
ប្រទេសចិននឹងហាមឃាត់ការនាំចេញយន្តហោះគ្មានមនុស្សបើក(ដ្រូន)ស៊ីវិល ដែលអាចត្រូវបានប្រើសម្រាប់គោលបំណងយោធា ឬក្នុងសកម្មភាពបង្កភេរវកម្ម ព្រមទាំងរឹតបន្តឹងលក្ខណៈពិសេសមួយចំនួនរបស់យន្តហោះដ្រូន ខណៈដែលទីក្រុងប៉េកាំងប្រឈមការរិះគន់ពីលោកខាងលិចម្តងហើយម្តងទៀតចំពោះជំហររបស់ខ្លួនលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី០១ខែកក្កដានេះ។

ក្រសួងពាណិជ្ជកម្មចិនបានសម្រេចចិត្តធ្វើការរឹតបន្តឹងនេះដើម្បីការពារការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកនៅក្នុងគោលបំណងទប់ស្កាត់ការរីកសាយនៃអាវុធបំផ្លិចបំផ្លាញ លើសពីនេះក៏មានឧបករណ៍រូបភាពអ៊ីនហ្វ្រារ៉េដឡាស៊ែរសម្រាប់ចង្អុលបង្ហាញគោលដៅនិងឧបករណ៍វាស់ស្ទង់និចលភាពក៏ត្រូវបានដាក់ក្នុងបញ្ជីត្រួតពិនិត្យការនាំចេញផងដែរ។
ការរឹតបន្តឹងបណ្ដោះអាសន្នលើដ្រូនស៊ីវិល ប៉ុន្តែក្រសួងមិនបានបញ្ជាក់ច្បាស់ថាប្រភេទណានោះទេ។ ទោះយ៉ាងណា កាលពីឆ្នាំមុន ទីក្រុងប៉េកាំងបានដាក់កម្រិតលើការនាំចេញយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ ខណៈដែលមានលើកឡើងពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយជាញឹកញាប់ថា រុស្ស៊ីបានទិញយន្តហោះគ្មានមនុស្សបើកពីប្រទេសចិន សម្រាប់ប្រើប្រាស់ក្នុងវិស័យយោធា។ កាលពីខែមេសា មន្ត្រីអាមេរិកដែលបាននិយាយទៅកាន់សារព័ត៌មាន Associated Press ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ការលក់របស់ចិនទៅឱ្យរុស្ស៊ីបានកើនឡើង ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន ហើយថា ប្រទេសទាំងពីរបានធ្វើការរួមគ្នាផលិតយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសរុស្ស៊ី។
ជាមួយគ្នានេះ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឱ្យដឹងថា ប្រទេសចិនគឺជាប្រទេសនាំចេញអាវុធធំជាងគេទីបួននៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក បារាំង និងរុស្ស៊ី។ ទិន្នន័យរបស់ SIPRI បង្ហាញថា ការនាំចេញភាគច្រើនរបស់ខ្លួនទៅប្រទេសប៉ាគីស្ថាន ខណៈដែលខ្លួនក៏លក់អាវុធទៅឲ្យរដ្ឋនៅអាស៊ី និងអាហ្វ្រិកផងដែរ ក្នុងនោះក្រុមហ៊ុន DJI Technology Co. ដែលជាក្រុមហ៊ុនរបស់ចិន គឺជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកកំពូលមួយរបស់ឧស្សាហកម្មពិភពលោក ដែលប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


