Connect with us

ព័ត៌មានអន្ដរជាតិ

រវាង​លោក ត្រាំ និង​លោកស្រី ហារីស មួយ​ណាដែល​មេ​ដឹក​នាំ​ធំៗ​លើ​ពិភពលោក​ពេញ​ចិត្ត​ជាង?

បានផុស

នៅ

ការ​បោះឆ្នោត​សកល​នៅ​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកាឆ្នាំ​២០២៤ ដោយ​ក្នុង​នោះ​មាន​បេក្ខជន​ចំនួន​២​រូប គឺ​លោក ដូណាល់ ត្រាំ មក​ពី​គណបក្ស​សាធារណរដ្ឋ និង​លោកស្រី កាម៉ាឡា ហារីស មក​ពី​បក្ស​ប្រជាធិបតេយ្យ ដែល​កំពុង​មាន​សម្លេង​គាំទ្រ​ប្រកៀកប្រកិត​​គ្នា​យ៉ាង​ខ្លាំង​ពិបាក​បែងចែក​ថា​មួយ​​​ណា​មាន​ប្រៀប​ជាង។

លោកស្រី កាម៉ាឡា ហារីស និង​លោក ដូណាល់ ត្រាំ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បោះឆ្នោត​នេះ មិន​មែន​ត្រឹមតែ​សម្រាប់​​ប្រជាពលរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​​កំពុង​ត្រូវ​បាន​តាមដាន​ដោយ​ពិភពលោក​ទាំង​មូល​ផង​ដែរ​ ព្រោះ​លទ្ធផល​បោះឆ្នោត​​នៃ​ប្រទេស​មហា​អំណាច​នេះ​អាច​​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ជា​សកល​ណា​មួយ។

​​​ខាង​ក្រោម​នេះ​គឺ​ជា​ប្រតិកម្ម​មួយ​ចំនួន​របស់​មេ​ដឹក​នាំ​ពិភពលោក៖

លោក វ៉្លាឌឺមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី

មេដឹកនាំរុស្ស៊ី ធ្លាប់​បាន​លើក​ឡើង​បែប​​និយាយលេងសើច​ថា លោក​ប្រហែលជាចង់​​ឃើញ​លោកស្រី ហារីស ក្លាយ​ជាប្រធានាធិបតី​អាមេរិក។ យ៉ាង​ណា កន្លង​មក​​មាន​ហេតុ​ផល​ជាច្រើនចង្អុល​បង្ហាញ​ថា លោក ពូទីន មាន​ការ​ពេញ​ចិត្ត​នឹង​លោក ត្រាំ ជាង​លោកស្រី ហារីស។

លោក Timothy Ash សហការីក្នុងកម្មវិធីរុស្ស៊ី និងអ៊ីរ៉ាស៊ី នៅ​​ស្ថាប័ន Chatham House បានប្រាប់​ថា៖ «លោក ពូទីន នឹងចង់​ឲ្យ​លោក ត្រាំ ជាប្រធានាធិបតីសម្រាប់ហេតុផលផ្សេងៗ»។

លោក​បាន​បន្ត​ថា​៖ «​ជា​ដំបូង លោក ពូទីន គិត​ថា លោក ត្រាំ ទន់​ភ្លន់​​ចំពោះ​រុស្ស៊ី ហើយ​នឹង​បន្ត​ផ្តល់​ឲ្យ​លោក​នូវ​ដំណោះស្រាយ​ដ៏​ធំ​មួយ​លើ​អ៊ុយក្រែន កាត់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន និង​ដក​ទណ្ឌកម្ម​លើ​រុស្ស៊ី។ ខ្ញុំគិតថា ពូទីន សម្លឹងមើលលោក ត្រាំ ហើយឃើញរូបភាពកញ្ចក់នៃខ្លួនគាត់ ដែលជាអ្នកផ្តាច់ការ និងសង្គមនិយម។ គាត់ទំនងជាគិតថាគាត់យល់ពីលោក ត្រាំ»។

មុនការបោះឆ្នោតឆ្នាំ២០១៦ លោក ពូទីន បានលើក​សរសើរ​លោក ត្រាំ ក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ​ថា៖ «​គាត់​ជា​មនុស្ស​ភ្លឺ​ស្វាង និង​មាន​ទេព​កោសល្យ​ ដែល​មិន​អាច​ប្រកែក​បាន»។

ដោយ​ឡែក ទីភ្នាក់ងារព័ត៌មាន Anadolu បានរាយការណ៍ថា អ្នកវិភាគរុស្ស៊ីនិយាយថា ទោះបីជាអ្នកណាឈ្នះក៏ដោយ មន្ត្រីក្រុងមូស្គូជឿជាក់ថា ការមិនពេញចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសរុស្ស៊ីនឹងនៅតែមានដដែល។

កាលពីខែកញ្ញា លោក ពូទីន បាននិយាយ​បែប​លេង​សើច​​ទៅកាន់លោក​ស្រី ហារីស ដោយពណ៌នាថាលោកស្រី​មាន​របៀប​សើច​ខុស​​ប្លែក​ពី​គេ​និង​ទាក់ទាញ ហើយ​លោកបាននិយាយថា លោកស្រី ហារីស ធ្វើ​ការ​បាន​ល្អ ហើយប្រហែលជា​លោកស្រី​​នឹងមិនដាក់ទណ្ឌកម្មលើរុស្ស៊ីទេ។

ក្នុងខែតុលា​ឆ្នាំ​២០២៤ ក្នុងអំឡុងពេលបិទកិច្ចប្រជុំកំពូល BRICS លោក ពូទីន បានលើក​ឡើង​ថា លោក ត្រាំ «បាននិយាយអំពីបំណងប្រាថ្នារបស់គាត់ក្នុងការធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ ខ្ញុំ​គិត​ថា​គាត់​មាន​ចិត្ត​ស្មោះត្រង់»។

លោក ត្រាំ បានរិះគន់ចំពោះជំនួយដែលសហរដ្ឋអាមេរិកបញ្ជូនទៅកាន់អ៊ុយក្រែនប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៊ី ហើយនិយាយថា លោកនឹង «បញ្ចប់សង្គ្រាម» ភ្លាមៗ បើជាប់ឆ្នោត។

លោក​ ស៊ី ជីនពីង ប្រធានាធិបតី​ចិន

មេ​ដឹកនាំ​ចិន លោក ស៊ី ជីនពីង មិន​ធ្លាប់​បាន​ធ្វើ​ការ​គាំទ្រ​​ជា​សាធារណៈ​​លើ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មួយ​ណា​នោះ​ទេ។

ដូច​នឹង​រុស្ស៊ី​ដែរ ទាំង​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​បាន​ប្រកាន់​ជំហរ​តឹងរ៉ឹង​ចំពោះ​ចិន។ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី លោក ត្រាំ បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន ដោយដាក់ពន្ធលើការនាំចូលរបស់ចិនចំនួន ២៥០​ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ ប្រទេសចិនបានវាយបកវិញ ដោយដាក់ពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិកចំនួន ១១០​ពាន់លានដុល្លារ។

នៅពេលដែលលោក ចូ បៃដិន មក​ពី​បក្ស​ប្រជាធិបតេយ្យ​ ក្លាយជាប្រធានាធិបតី លោកបានរក្សា​​គោលនយោបាយ​​ពន្ធរបស់លោក ត្រាំ ដដែល។ ជាងនេះទៅទៀត នៅថ្ងៃទី១៣​ខែកញ្ញាឆ្នាំនេះ រដ្ឋបាល​លោក បៃដិន បានប្រកាសដំឡើងពន្ធលើផលិតផលមួយចំនួនដែលផលិតដោយចិន។ ប្រសិនបើលោកស្រី ហារីស ឈ្នះឆ្នោត លោកស្រី​​​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នៅ​ជាប់​នឹង​គោល​នយោបាយ​របស់​លោក បៃដិន ចំពោះ​ប្រទេស​ចិន។

ទាំងលោក ត្រាំ និងលោកស្រី ហារីស មិន​បាន​និយាយ​លម្អិត​អំពី​ដំណើរ​សកម្មភាព​របស់​ពួកគេ​នឹង​មាន​ចំពោះ​ប្រទេស​ចិន​​ឡើយ បើ​​ពួកគេ​ជាប់​ឆ្នោត។

ទោះបីជាលោក ត្រាំ មានសង្រ្គាមពាណិជ្ជកម្ម​ជាមួយ​ចិន​ក៏ដោយ ក៏​លោក​បានអួតពីទំនាក់ទំនងដ៏ល្អ​ជាមួយលោក ស៊ី ជីនពីង។ បន្ទាប់ពី​លោក ត្រាំ បានរួចផុតពីការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃទី​១៤​ខែកក្កដា​កន្លង​ទៅ លោក​បាននិយាយថា មេដឹកនាំពិភពលោកបានទាក់ទង​ទៅ​​លោក។ លោកថា៖ «ខ្ញុំបានចុះសម្រុងនឹងលោកប្រធានាធិបតី ស៊ី។ គាត់គឺជាបុរសដ៏អស្ចារ្យម្នាក់ បានសរសេរកំណត់ត្រាដ៏ស្រស់ស្អាតមួយដល់ខ្ញុំកាលពីថ្ងៃមុន នៅពេលដែលគាត់បានឮអំពីអ្វីដែលបានកើតឡើង»។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីចិនប្រហែលជាមានទំនោរទៅរកលោកស្រី ហារីស ជាង​លោក ត្រាំ បន្តិច។ នេះបើតាមសារព័ត៌មាន NBC News ដែល​បានដកស្រង់សម្តីលោក Jia Qingguo អតីតព្រឹទ្ធបុរសនៃសាលាសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ Peking។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu មិន​បាន​គាំទ្រ​ជា​សាធារណៈ​ចំពោះ​បេក្ខជន​ទាំង​ពីរ​រូប​នោះ​ទេ។ យ៉ាងណា គេជឿជាក់ថា លោក​មានទំនោរទៅរកការឈ្នះ​របស់​លោក ត្រាំ។

លោក Netanyahu និងលោក ត្រាំ មានទំនាក់ទំនងល្អក្នុងអំឡុងអាណត្តិដំបូងរបស់អតីតប្រធានាធិបតីអាមេរិក។ នៅឆ្នាំ​២០១៩ នៅឯក្រុមប្រឹក្សាអ៊ីស្រាអែល-អាមេរិក លោក ត្រាំ បាននិយាយថា៖ «រដ្ឋជ្វីហ្វមិនដែលមានមិត្តល្អនៅក្នុងសេតវិមានជាងប្រធានាធិបតីរបស់អ្នកទេ»។

ចំណែក​ឯ​លោក Netanyahu នៅក្នុងសេចក្តីថ្លែងការណ៍ឆ្នាំ២០២០ បានប្រាប់​ថា លោក ត្រាំ គឺជា «មិត្តដ៏អស្ចារ្យបំផុតដែលអ៊ីស្រាអែលមិនធ្លាប់មាននៅក្នុងសេតវិមាន»។

ទំនាក់ទំនងរវាងលោក ត្រាំ និងលោក Netanyahu បានល្អក់កករ​នឹង​គ្នា បន្ទាប់ពីលោក បៃដិន បាន​ឈ្នះ​ឆ្នោត។ នៅពេលលោក បៃដិន ស្បថចូលកាន់តំណែង លោក Netanyahu បានផ្ញើ​សារ​អបអរសាទរ។ នៅក្នុងបទសម្ភាសន៍មួយ លោក ត្រាំ បាននិយាយថា គាត់មានអារម្មណ៍​ត្រូវ​​បាន​គេ​ក្បត់ ចំពោះ​ទង្វើ​នេះ។

យ៉ាង​ណា នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ព្យាយាម​ដើម្បី​បង្កើត​ចំណង​ចាស់​ឡើង​វិញ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងខែកក្កដាឆ្នាំនេះ លោក Netanyahu បានទៅជួបលោក ត្រាំ នៅឯគេហដ្ឋានរបស់លោកក្នុងរដ្ឋ Florida។

មេដឹកនាំអ៊ីស្រាអែលក៏បានបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីការភ្ញាក់ផ្អើលអំពីការប៉ុនប៉ងធ្វើឃាតលើលោក ត្រាំ នៅឯការប្រមូលផ្តុំគ្នានៅរដ្ឋ Pennsylvania ក្នុងខែកក្កដា ដែលត្រូវបានបង្ហោះឡើងវិញដោយលោក ត្រាំ នៅលើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោក។

ទន្ទឹម​គ្នានេះ រដ្ឋបាលលោក បៃដិន បានបង្ហាញជំនួយការទូត និងយោធាដោយមិនងាករេដល់រដ្ឋាភិបាលរបស់លោក Netanyahu ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។

ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សានៅថ្ងៃទី៧​ខែតុលាឆ្នាំមុន រដ្ឋាភិបាលរបស់លោក បៃដិន បានបញ្ជូនជំនួយយោធា​រាប់ពាន់លានដុល្លារដល់អ៊ីស្រាអែល។

លោក បៃដិន បាន​លើក​ឡើង​ថា៖ «គ្មាន​រដ្ឋបាល​ណា​បាន​ជួយ​អ៊ីស្រាអែល​ច្រើន​ជាង​ខ្ញុំ​ទេ។ គឺ​គ្មាន​ទាល់​តែ​សោះ។ ហើយ​ខ្ញុំ​គិត​ថា លោក Netanyahu គួរ​តែ​ចងចាំ​រឿង​នោះ»។

មេដឹកនាំអឺរ៉ុប និង​អង្គការ​ណាតូ

មេដឹកនាំអឺរ៉ុបភាគច្រើនពេញ​ចិត្ត​លោកស្រី ហារីស ជាប្រធានាធិបតីអាមេរិក។

លោក Olaf Scholz អធិការបតីនៃប្រទេសអាឡឺម៉ង់ បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំ​ស្គាល់​គាត់​ច្បាស់។ គាត់​ពិតជានឹងក្លាយជាប្រធានាធិបតីដ៏ល្អម្នាក់»។

លោក ត្រាំ បានគំរាមចាកចេញពី​អង្គការណាតូ​ជាច្រើនដង។ យ៉ាង​ណា​មិញ សារព័ត៌មាន Politico បានរាយការណ៍ថា ទីប្រឹក្សាសន្តិសុខជាតិ និងអ្នកជំនាញការពារជាតិរបស់លោក ត្រាំ បាន​និយាយថា វា​ទំនង​ទៅ​មិន​រួច​ទេ​ដែល​លោក​នឹងចាកចេញពីសម្ព័ន្ធភាពនោះ តែការ​ត្អូញត្អែរ​របស់​លោក​អំពី​អង្គការ​ណាតូ​​នៅ​តែ​មានដដែល។ គេរំពឹងថា លោក ត្រាំ នឹង​ទាម​ទារ​ឲ្យ​សម្ព័ន្ធមិត្តណាតូបង្កើនគោលដៅចំណាយលើវិស័យការពារជាតិ។

លើសពីនេះ ជ័យជម្នះ​របស់លោក ត្រាំ អាចមានន័យថា អាមេរិក​នឹង​មិនសូវ​មាន​ភាព​ចុះសម្រុងជាមួយបណ្តាប្រទេសអឺរ៉ុបលើកិច្ចសហការសម្រាប់គំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញ។

នេះគឺដោយសារតែលោក ត្រាំ ធ្លាប់​បានធ្វើយុទ្ធនាការសម្រាប់ការផលិតឥន្ធនៈហ្វូស៊ីលបន្ថែមទៀត ដើម្បីឲ្យ​សហរដ្ឋអាមេរិកកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលពីបរទេស។

ផ្ទុយ​ទៅ​វិញ លោកស្រី ហារីស ទំនងជានឹងបន្តជាមួយនឹងច្បាប់កាត់បន្ថយអតិផរណារបស់លោក បៃដិន និងផែនការផ្លាស់ប្តូរថាមពលស្អាត ដោយបង្កើតឱកាសដើម្បីសហការជាមួយអឺរ៉ុប។

លោក Narendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បាន​​មាន​​ទំនាក់ទំនងជិតស្និទ្ធជាមួយ​ទាំង​​បេក្ខជន​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ​នៅ​អាមេរិក។

លោក Chietigj Bajpaee អ្នកស្រាវជ្រាវជាន់ខ្ពស់សម្រាប់កម្មវិធីអាស៊ីខាងត្បូង និង​អាស៊ីប៉ាស៊ីហ្វិក នៅ​ស្ថាប័ន Chatham House បានប្រាប់ថា៖ «ខ្ញុំមិនជឿថា លោក Modi មានចំណូលចិត្តខ្លាំងសម្រាប់បេក្ខជនម្នាក់ជាងបេក្ខជនម្នាក់ទៀតនោះទេ»។

លោក Bajpaee បានសរសេរថា សសរស្តម្ភសំខាន់បីនៃការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយឥណ្ឌាគឺ ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក ដែលសហរដ្ឋអាមេរិកមើលឃើញថាឥណ្ឌាគឺជាអ្នករារាំងប្រឆាំងនឹងប្រទេសចិន និង​ជា​ប្រទេស​​សេដ្ឋកិច្ចដ៏មានសក្តានុពលលឿន។

លោក Michael Kugelman នាយកវិទ្យាស្ថាន Wilson Center ដែលមានមូលដ្ឋាននៅទីក្រុង Washington DC នៃវិទ្យាស្ថានអាស៊ីខាងត្បូង បានប្រាប់​ថា រដ្ឋាភិបាលឥណ្ឌានឹងថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិសម្រាប់បេក្ខជនទាំងពីរ។

កូរ៉េខាងត្បូង

កូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក។ ទោះ​ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង លោក Yoon Suk-yeol មិនបាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​បេក្ខជន​មួយ​រូប​ណា​ក៏​ដោយ ក៏​ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានរីកចម្រើនក្រោមការដឹកនាំរបស់លោក បៃដិន។

ការអត្ថាធិប្បាយដែលបានចេញផ្សាយនៅក្នុងខែកញ្ញាដោយក្រុមអ្នកវិភាគ​អាមេរិក Brookings បាននិយាយថា ក្នុងអំឡុងពេលរដ្ឋបាលលោក ត្រាំ «ប្រជាជនកូរ៉េខាងត្បូងមានការស្រងាកចិត្តចំពោះការចោទប្រកាន់ថា ពួកគេមិនបានរួមចំណែកគ្រប់គ្រាន់ដល់ការការពាររបស់ពួកគេ និងដល់ការថែរក្សាកងកម្លាំងរបស់សហរដ្ឋអាមេរិក ទោះបីជា​មាន​ការផ្តល់កម្លាំងប្រយុទ្ធជួរមុខភាគច្រើនប្រឆាំងនឹងកូរ៉េខាងជើងក៏​ដោយ»។

ម៉្យាងវិញទៀត «រដ្ឋបាលលោក បៃដិន វិញ បានធ្វើតិចតួច​ប៉ុណ្ណោះ ដើម្បីដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប៉ុន្តែ អាមេរិក​បានផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងត្រីភាគីរវាងទីក្រុងវ៉ាស៊ីនតោន តូក្យូ និងទីក្រុងសេអ៊ូល»។ នេះ​បើ​យោង​តាម​លោក Edward Howell សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Oxford។

លោក Howell បានបន្ថែមថា កូរ៉េខាងត្បូងនឹងចង់ធ្វើឲ្យ​ប្រាកដថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេស​របស់​ខ្លួន មិនបាត់បង់នៅក្រោម​ការ​គ្រប់​គ្រង​របស់​​ប្រធានាធិបតីបន្ទាប់​ឡើយ «នៅពេលដែលតំបន់អាស៊ីបូព៌ា​មិន​ត្រឹម​តែ​ប្រឈមមុខនឹងការគំរាមកំហែងពីនុយក្លេអ៊ែរកូរ៉េខាងជើងប៉ុណ្ណោះទេ តែ​ថែម​ទាំង​ប្រទេសចិនដែលកាន់តែមានការបង្ខិតបង្ខំ និងបះបោរ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម