ព័ត៌មានអន្ដរជាតិ
ដោយសារជម្លោះ កូនប្រសាស្រីដាក់ថ្នាំបំពុលសម្លាប់មួយគ្រួសារខាងប្ដី នៅឯប្រេស៊ីល
ករណីឃាតកម្មដ៏គួរឲ្យរន្ធត់មួយ ទើបតែត្រូវបានរកឃើញនៅក្នុងទីក្រុង Torres ភាគខាងត្បូងប្រទេសប្រេស៊ីល នៅពេលដែលកូនប្រសាស្រីត្រូវចោទប្រកាន់ថា បានបំពុលនំបុណ្យណូអែលជាមួយនឹងសារធាតុអាសេនិច បណ្តាលឲ្យសមាជិកគ្រួសារប្តីរបស់នាងស្លាប់ចំនួន៣នាក់។
ប៉ូលិសបាននិយាយកាលពីថ្ងៃទី០៦ ខែមករាថា Deise Moura កូនប្រសាររបស់អ្នកស្រី Zeli Terezinha Silva dos Anjos (អាយុ ៦១ ឆ្នាំ) រស់នៅក្នុងទីក្រុង Torres ប្រទេសប្រេស៊ីលត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទមនុស្សឃាត។
នៅមុនពេលកើតហេតុ អ្នកស្រី Zeli បានធ្វើនំប្រពៃណីប្រេស៊ីលក្នុងថ្ងៃបុណ្យណូអែលសម្រាប់គ្រួសាររបស់គាត់ ហើយកូនប្រសារស្រី Deise បានជួយរៀបចំគ្រឿងផ្សំ។ ប៉ុន្មានម៉ោងបន្ទាប់ពីញ៉ាំនំនេះ ប្អូនស្រីរបស់គាត់ Maida Bernice Flores da Silva (អាយុ ៥៨ឆ្នាំ) និងក្មួយស្រី Tatiana Silvia Dos Santos (អាយុ ៤៣ ឆ្នាំ) បានប្រកាច់ ហើយបានស្លាប់។ មួយថ្ងៃក្រោយមក បងស្រីរបស់គាត់ម្នាក់ទៀត ឈ្មោះ Neuza Denize Silva Dos Anjos (អាយុ ៦៥ ឆ្នាំ) ក៏បានទទួលមរណភាពដែរ។
អ្នកតំណាងមន្ទីរពេទ្យ Nossa Senhora dos Navegantes de Torres បាននិយាយថា មូលហេតុនៃការស្លាប់គឺបណ្ដាលមកពីថ្នាំបំពុល។ អ្នកស្រី Zeli ផ្ទាល់ និងសាច់ញាតិពីរនាក់ទៀត រួមទាំងក្មួយប្រុសអាយុ ១០ ឆ្នាំម្នាក់ផងដែរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីញ៉ាំនំនេះរួច។ បច្ចុប្បន្ន អ្នកស្រីនៅតែកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ចំណែក២នាក់ទៀត សំណាងល្អបានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យ។
អ្នករស់រានមានជីវិតពីការពុលដ៏រន្ធត់បានពិពណ៌នាអំពីរសជាតិមិនល្អរបស់នំ នេះបើយោងតាមលោក Marcos Veloso មន្ត្រីប៉ូលិសទទួលបន្ទុកស៊ើបអង្កេត។ ការធ្វើកោសល្យវិច្ច័យបានបង្ហាញពីសារធាតុអាសេនិចដ៏ច្រើននៅក្នុងឈាមរបស់ជនរងគ្រោះ និងនៅក្នុងនំ។ ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងបីមានកម្រិតអាសេនិចក្នុងឈាមរបស់គាត់ខ្ពស់ជាងកម្រិតថ្នាំសម្លាប់មនុស្ស ៣៥០ ដង។
ក្រោយការស៊ើបអង្កេត ប៉ូលិសបានរកឃើញជនសង្ស័យជាកូនប្រសារស្រីឈ្មោះ Deise Moura មុនពេលនោះ នាងបានស្រាវជ្រាវអំពីអាសេនិចនៅលើអ៊ីនធឺណិត។ មូលហេតុ និងវិធីបំពុលនំខេករបស់ជនសង្ស័យមិនត្រូវបានគេបញ្ជាក់ឲ្យច្បាស់នោះទេ។ ក្រោយមក នៅថ្ងៃទី ០៦ ខែមករា Deise ត្រូវបានចាប់ខ្លួននៅពន្ធនាគាររដ្ឋ Torres ហើយត្រូវបង្ហាញខ្លួននៅតុលាការ។
ទោះយ៉ាងណាក៏ដោយ ការជម្រុញរបស់ Deise និងរបៀបដែលនាងបំពុលនំខេកនៅតែជាអាថ៌កំបាំង។ ប៉ូលិសបាននិយាយថា គ្រួសាររបស់ Zeli ហាក់ដូចជាចុះសម្រុងគ្នាយ៉ាងខ្លាំង បើទោះបីជាមានជម្លោះកើតឡើងក៏ដោយ។
ក្រោយឃាតកម្មដ៏គួរឲ្យរន្ធត់នេះបានជំរុញឲ្យប៉ូលិសបើកការស៊ើបអង្កេតឡើងវិញលើការស្លាប់របស់ Paolo Luiz ដែលជាប្តីរបស់អ្នកស្រី Zeli ពីការពុលអាហារ នៅក្នុងខែកញ្ញាឆ្នាំ២០២៤ ។ កន្លងមក ប៉ូលិសមិនបានធ្វើកោសល្យវិច័យលើលោក Paolo ព្រោះគេជឿថាលោកស្លាប់ដោយមូលហេតុធម្មជាតិ។ លោក Veloso បញ្ជាក់ថា «យើងនឹងធ្វើកោសល្យវិច័យសាកសពដើម្បីមើលថាតើលោក Paolo ត្រូវបានគេបំពុលឬអត់។
គួរបញ្ចាក់ដែរថា អាសេនិចគឺជាសារធាតុពុលខ្លាំងដែលអាចបណ្តាលឲ្យស្លាប់ និងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនទៀតដូចជាការពុលស្រួចស្រាវ និងរ៉ាំរ៉ៃ មហារីក និងជំងឺស្បែក។ ការប៉ះពាល់នឹងសារធាតុអាសេនិចរយៈពេលយូរអាចបណ្តាលឲ្យឈឺពោះ រាគ និងខូចសរសៃប្រសាទ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដោយសារជំងឺប្រចាំកាយ ស្ត្រី អង់គ្លេស ម្នាក់ ឲ្យពេទ្យចាក់ថ្នាំសម្លាប់ខ្លួនឯង
-
សន្តិសុខសង្គម១២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


