Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ច្រឡោត​នឹង​សម្ដី​លោក ហ្សេលេនស្គី ដែល​ថា​ការ​បញ្ចប់​សង្គ្រាម​នៅ​វែង​ឆ្ងាយ​ទៀត

បានផុស

នៅ

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ទី​៣​ខែ​មីនា បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី ដែលបានលើកឡើងថា ការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអាចនឹង​«នៅ​វែង​ឆ្ងាយណាស់»។

លោក ហ្សេលេនស្គី និង​លោក ត្រាំ (រូបថត៖ Fox News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានចាត់ទុកសេចក្តីថ្លែងការណ៍របស់​លោក​ ហ្សេលេនស្គី ថាជា​ការ​លើក​ឡើង​ដ៏​អាក្រក់បំផុត​ ហើយ​លោក​បាន​រំលឹក​ម្ដង​ទៀត​ថា មេ​ដឹក​នាំ​អ៊ុយក្រែន​ «គួរតែដឹងគុណកាន់តែច្រើន» ចំពោះជំនួយដែលទទួលបានពីសហរដ្ឋអាមេរិក។

ការបង្ហាញពី​ការ​មិន​ពេញ​ចិត្ត​នេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដ៏ចម្រូងចម្រាសរវាង​លោក ត្រាំ និង​លោក ហ្សេលេនស្គី កាល​ពី​​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២៥ នៅក្នុងការិយាល័យ​ពងក្រពើ។ កិច្ចប្រជុំ បានបញ្ចប់​ពាក់​កណ្ដាល​ទី ដោយគ្មានដំណោះស្រាយច្បាស់លាស់ ឬ​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ណា​មួយ ទាក់ទងនឹងរ៉ែកម្ររបស់អ៊ុយក្រែន។

ក្រោយ​ជម្លោះ​បែក​ផ្សែង​ លោក ត្រាំ នៅ​ទីបំផុត​បាន​ប្រកាស​ផ្អាក​ជំនួយ​ទាំង​អស់​ទៅ​កាន់​អ៊ុយក្រែន។ រដ្ឋបាល​លោក ត្រាំ បាន​សង្កត់​ធ្ងន់ថា ការផ្អាកនេះនឹងបន្តរហូតដល់​លោក ហ្សេលេនស្គី បង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តការចរចាសន្តិភាពជាមួយរុស្ស៊ី។

ការ​ប្រកាស​នេះ​​ បានបង្កើនការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុប អំពីការផ្លាស់ប្តូរ​ដ៏​ខ្លាំង​នៅក្នុងគោលនយោបាយការបរទេសរបស់​អាមេរិក និងផលប៉ះពាល់លើសក្ដានុពលសន្តិសុខក្នុងតំបន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម