ព័ត៌មានអន្ដរជាតិ
មីន អ៊ុងឡាំងប្រកាសចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកដំបូង ក្រោយការប្រកាសរៀបចំបោះឆ្នោត
មេដឹកនាំរដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នឹងទៅចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់នៅទីក្រុងបាងកកប្រទេសថៃនៅសប្តាហ៍ក្រោយ ដែលត្រូវបានគេចាត់ទុកថា ជាការធ្វើដំណើរទៅក្រៅប្រទេសក្បែរខាងនិងក្នុងតំបន់លើកដំបូងចាប់តាំងពីកិច្ចប្រជុំនៅឥណ្ឌូណេស៊ីកាលឆ្នាំ២០២១ ដែលស្វែងរកដំណោះស្រាយនយោបាយមីយ៉ាន់ម៉ា។ យោង MGR online។
អ្នកនាំពាក្យរបបសឹកយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បាននិយាយថា លោក មីន អ៊ុងឡាំង នឹងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីចូលរួមកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ីខាងត្បូងដែលហៅកាត់ថា (BIMSTEC) មានប្រទេសជាសមាជិកចំនួន៧ រួមមាន ប្រទេសបង់ក្លាដែស ប៊ូតាន ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ ស្រីលង្កា និងថៃ។ លោកថា ការចូលរួមកិច្ចប្រជុំនេះមានសក្ដានុពលដែលអាចនាំឱ្យមីយ៉ាន់ម៉ាធ្វើដំណើរទៅរកផ្លូវស្តារសន្តិភាពឡើងវិញ។
សេចក្តីរាយការណ៍ បានបន្តថា ចាប់តាំងពីធ្វើប្រហារដណ្តើមអំណាចនៅឆ្នាំ២០២១មក ភាគច្រើនលោក មីន អ៊ុងឡាំង បានធ្វើដំណើរទៅទស្សនកិច្ចតែប្រទេសរុស្ស៊ីដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ និងប្រទេសចិនដែលជាដៃគូសេដ្ឋកិច្ចនិងជាអ្នកគាំទ្រនយោបាយដ៏សំខាន់របស់ខ្លួនប៉ុណ្ណោះ។
ការប្រកាសទៅចូលកិច្ចប្រជុំកំពូលថ្នាក់តំបន់ដ៏ភ្ញាក់ផ្អើលនេះ ត្រូវបានកើតឡើងបន្ទាប់ពីលោក មីន អ៊ុងឡាំង បានអះអាងថា ការបោះឆ្នោតមីយ៉ាន់ម៉ានឹងប្រព្រឹត្តទៅតាមការគ្រោងទុកនៅក្នុងខែធ្នូចុងឆ្នាំនេះ បើទោះបីជាជម្លោះនៅតែបន្តក៏ដោយ។
លោក Zaw Min Tun បាននិយាយថា៖«លោក មីន អ៊ុងឡាំង នឹងទៅចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់នេះ ហើយយើងក៏កំពុងព្យាយាមស្វែងរកការជួបនិងពិភាក្សាជាមួយមេដឹកនាំប្រទេសនីមួយៗផងដែរ។ យើងរំពឹងថា នឹងបានឃើញការវិវត្តកើតឡើងសម្រាប់មីយ៉ាន់ម៉ា លទ្ធភាពកើតមានសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសយើងតាមរយៈកិច្ចប្រជុំនេះ»។
កិច្ចប្រជុំថ្នាក់តំបន់នេះនឹងត្រូវបានគេមើលឃើញថា ជាចំណុចរបត់ផ្លាស់ប្តូរការទូតមួយរបស់រដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ា ដែលមេដឹកនាំនិងរដ្ឋមន្ត្រី(មីយ៉ាន់ម៉ា)ត្រូវបានគេបដិសេធមិនឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ដោយសារការធ្វើរដ្ឋប្រហារ។
អាស៊ានបាននាំមុខក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់វិបត្តិមីយ៉ាន់ម៉ា ប៉ុន្តែរហូតមកដល់ពេលនេះនៅតែមិនទាន់បានទទួលជោគជ័យឡើយ៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


