Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា៖ ​ក្រោយរញ្ជួយដី មនុស្សជាង៤ម៉ឺននាក់ រស់​នៅក្រោមតង់​បណ្តោះអាសន្ន ខណៈភ្លៀង​​​​​បង្អុរខ្លាំង​

បានផុស

នៅ

​ប្រជាជន​​មីយ៉ាន់​ម៉ា​ជាង៤ម៉ឺននាក់កំពុងរស់នៅក្នុងតង់ និងជម្រកបណ្តោះអាសន្ន​​ច្រើន​កន្លែង​អស់រយៈពេល​​មួយខែមក​ហើយ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា​នៅ​​ភូមិភាគ​កណ្តាល​​នៃ​​ប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងសកម្មភាពរញ្ជួយដីដែលកំពុងបន្តធ្វើឱ្យពួកគេមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ឬចាប់ផ្តើមជួសជុលបានទេ។ នេះបើយោងតាមការចេញផ្សាយរបស់ Save the Children International កាលពីថ្ងៃទី២៣ខែមេសា។

(រូបភាព៖ GU GU)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការ Save the Children បានឲ្យដឹងថា ក្រោយរងគ្រោះរញ្ជួយដី មនុស្សប្រហែល២ម៉ឺននាក់ រួមទាំងស្ត្រី និងកុមារជាច្រើនត្រូវបានផ្លាស់ទីលំនៅ ក្នុងនោះមនុស្សប្រហែល៤២០០០ នាក់កំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្នចំនួន ១៤៥ ដែលសាងសង់ពីសម្ភារៈដែលមិនអាចទប់ទល់នឹងបញ្ហាអាកាសធាតុ ដូចជាភ្លៀងធ្លាក់ខ្លាំង និងកំដៅខ្លាំងបាននោះទេ។

ជនភៀសខ្លួនជាច្រើននាក់ក៏ខ្វះលទ្ធភាពទទួលបានប្រភពទឹកស្អាតសម្រាប់ផឹក និងប្រើប្រាស់ ដែលជាកត្តាសំខាន់បណ្ដាលឲ្យមានការរីករាលដាលនៃជំងឺពីទឹកមិនស្អាត និងជំងឺដែលបណ្តាលមកពីមូស ដូចជាជំងឺអាសន្នរោគ និងគ្រុនឈាម និងការឆ្លងមេរោគលើស្បែកជាដើម។

(រូបភាព៖ GU GU)

គួររម្លឹកថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលជាកម្លាំងរញ្ជួយខ្លាំងបំផុតក្នុងរយៈពេលមួយសតវត្សមិនធ្លាប់មាន បានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ខែមីនា ធ្វើឲ្យអគារជាច្រើនដួលរលំ។

យោងតាម Mizzima News គ្រោះរញ្ជួយដីនេះបណ្ដាលឲ្យមនុស្សចំនួន ៥,៣៥២នាក់ស្លាប់, របួស ៧,១០៨នាក់ និងបាត់ខ្លួនចំនួន ៥៣៨នាក់។ ប៉ុន្តែបើតាមក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់របបយោធា មានមនុស្ស ៣,៧២៧ នាក់បានស្លាប់, ១២៩នាក់កំពុងបាត់ខ្លួន និង ៥,១០៦ នាក់បានរងរបួស។

រហូតមកដល់ពេលនេះសកម្មភាពរញ្ជួយដីកម្រិតស្រាលនៅតែមានស្ទើរតែរៀងរាល់ថ្ងៃ បានបង្កើនការព្រួយបារម្ភអំពីលទ្ធភាពជួសជុល ឬសាងសង់រចនាសម្ព័ន្ធឡើងវិញមុនរដូវវស្សារបស់ប្រទេសមីយ៉ាន់ម៉ាមកដល់នៅក្នុងខែឧសភាខាងមុខ ខណៈភ្លៀងធ្លាក់ខ្លាំងនៅដើមខែនេះ ក៏បានជន់លិចជំរំសម្រាប់គ្រួសារដែលផ្លាស់ទីលំនៅនៅជិតទីក្រុង Mandalay រួចទៅហើយ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម