ព័ត៌មានអន្ដរជាតិ
យោធារុស្ស៊ីអះអាងថា រំដោះតំបន់ Kursk ទាំងស្រុង ចំថ្ងៃ លោក ត្រាំ ជួបហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប
នៅថ្ងៃសៅរ៍នេះ នៅឯពិធីបុណ្យឈាបនកិច្ចរបស់សម្តេចសង្ឃកាតូលិក Pope Francis នៅវិមានវ៉ាទីកង់ក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលី ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លៀតជួបទ្វេភាគីជាមួយប្រធានាធិបតីអ៊ុយក្រែនរយៈពេលត្រឹម១៥នាទី ហើយ ក្រោយមកក៏បានជួប ប្រមុខរដ្ឋសំខាន់នៅអឺរ៉ុបដូចជា ប្រធានាធិបតីបារាំង លោក Emmanuel Macron នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ដែលជាតួអង្គសំខាន់ក្នុងការគាំទ្រអ៊ុយក្រែនក្នុងការប្រឆាំងរុស្ស៊ី។

ក្នុងជំនួបរយៈពេលខ្លីនោះ មិនត្រូវបានបង្ហាញលទ្ធផលជាក់ស្តែងនៃជំនួបនោះទេ ប៉ុន្តែត្រូវបានសារព័ត៌មានអ៊ុយក្រែនរាយការណ៍ថា កិច្ចប្រជុំបន្តនឹងត្រូវរៀបចំឡើងរវាងមន្ត្រីសហរដ្ឋអាមេរិកនិងអ៊ុយក្រែន ដើម្បីពិភាក្សាបន្តលើខ្លឹមសារដែលប្រមុខរដ្ឋទាំងពីរបានពិភាក្សាគ្នាយ៉ាងតក់ក្រហល់នៅក្នុងផ្នែកនៃដំណើរទៅចូលរួមបុណ្យឈាបនកិច្ចរបស់សម្តេចសង្ឃកាតូលិក ដែលត្រូវបានគេដឹងថា មានប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង៦០ប្រទេសចូលរួម។
បណ្តាញសង្គមហ្វេសប៊ុករបស់ការិយាល័យប្រធានាធិបតីសហរដ្ឋអាមេរិក «White House» បានបង្ហោះសារក្រោយជំនួបនោះថា៖« លោកប្រធានាធិបតី ត្រាំ បានជួបជាលក្ខណៈឯកជនជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅវិហារ St. Peter’s Basilica ក្នុងទីក្រុង Vatican នៅព្រឹកនេះ»។

តាមរយៈការបង្ហោះនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ភ្លាមៗតែម្តង ក្រោយទៅដល់គោរពវិញ្ញាណក្ខន្ធសម្តេចសង្ឃ Pope Francis រួច ព្រោះ ការបង្ហោះគឺនៅបន្តបន្ទាប់គ្នាក្នុងចន្លោះពេលកៀកៗគ្នា។
ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហោះសារក្រោយជំនួបនោះ ដែលមានន័យថា៖«ជាការប្រជុំល្អ។ យើងបានពិភាក្សាច្រើនម្នាក់ទល់ម្នាក់។ សង្ឃឹមថានឹងទទួលបានលទ្ធផលលើអ្វីគ្រប់យ៉ាងដែលយើងបានរ៉ាប់រង។ ការពារជីវិតប្រជាជនយើង។ បទឈប់បាញ់ពេញលេញ និងគ្មានលក្ខខណ្ឌ។ សន្តិភាពដែលអាចទុកចិត្តបាន និងស្ថិតស្ថេរដែលនឹងការពារមិនឱ្យមានសង្គ្រាមមួយទៀតផ្ទុះឡើងទៀត។ កិច្ចប្រជុំជានិមិត្តរូបដ៏សំខាន់ដែលមានសក្តានុពលក្លាយជាប្រវត្តិសាស្ត្រ ប្រសិនបើយើងសម្រេចបានលទ្ធផលរួមគ្នា។ សូមអរគុណលោកប្រធានាធិបតី Donald J. Trump»។
ងាកទៅស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនវិញ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍នៅល្ងាចថ្ងៃសៅរ៍នេះ ឲ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រតិបត្តិការរំដោះតំបន់ Kursk ពីកងទ័ពអ៊ុយក្រែនត្រូវបានបញ្ចប់ បន្ទាប់ពី ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលជាអគ្គមេបញ្ជាការកំពូលរបស់រុស្សី បានទទួលរបាយការណ៍ពាក់ព័ន្ធ។

សេចក្តីរាយការណ៍ បានបន្តថា អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា៖«អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Valery Gerasimov បានរាយការណ៍ទៅអគ្គមេបញ្ជាការកំពូល Vladimir Putin ថាប្រតិបត្តិការរំដោះតំបន់ Kursk ពីអ៊ុយក្រែនត្រូវបានបញ្ចប់»។
តាមសេចក្តីរាយការណ៍ដដែលនោះ ប្រធានអគ្គសេនាធិការរបស់រុស្ស៊ី លោក Gerasimov បានរាយការណ៍ទៅកាន់លោកប្រធានាធិបតី Putin ថា កងទ័ពរុស្ស៊ីបានរំដោះការបោះទីតាំងចុងក្រោយនៅក្នុងតំបន់ Kursk។ ការឈរជើងចុងក្រោយនៅភូមិ Gornal លើទឹកដីនៃតំបន់ Kursk ត្រូវបានរំដោះពីកងទ័ពអ៊ុយក្រែន»។
តាមសេចក្តីរាយការណ៍័ដដែលនោះ ប្រមុខយោធារុស្ស៊ី បាននិយាយថា អ៊ុយក្រែនបានបាត់បង់កងទ័ពជាង ៧៦០០០នាក់ នៅក្នុងការលុកលុយរបស់ខ្លួននៅក្នុងតំបន់ Kursk ព្រំដែនរបស់រុស្ស៊ី។ ទោះបីជាបែបណា មិនមានការបញ្ជាក់ផ្លូវការពីខាងភាគីអ៊ុយក្រែននៅឡើយទេអំពីការបាត់បង់ចំនួនយោធាដ៏ច្រើននេះ។
យោងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ភ្លាមៗបន្ទាប់ពីការអះអាងរបស់មេបញ្ជាការរបស់រុស្ស៊ី កងទ័ពអ៊ុយក្រែនបានបដិសេធការអះអាងរបស់រុស្ស៊ីក្នុងការបណ្តេញកងកម្លាំងរបស់អ៊ុយក្រែន ចេញពីទីតំបន់ Kursk ដោយនិយាយថា «សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំសត្រូវអំពី «ការបរាជ័យ» របស់កងទ័ពអ៊ុយក្រែនគឺគ្មានអ្វីក្រៅពីល្បិចឃោសនាបែបមនោគមវិជ្ជានោះទេ»។
សេចក្តីរាយការណ៍នោះ បានបន្តថា ទោះជាយ៉ាងណាក៏ដោយ អគ្គសេនាធិការអ៊ុយក្រែនបានទទួលស្គាល់ស្ថានភាពនៅសមរភូមិគឺ «លំបាក» ខណៈពេលដែលទទូចថា កងកម្លាំងអ៊ុយក្រែននៅតែកាន់កាប់ទីតាំងនៅ Kursk ដដែលទេ។
កងទ័ពបានវាយចូលតំបន់ Kursk ក្នុងទឹកដីរុស្ស៊ីកាលពីដើមខែសីហាឆ្នាំ២០២៤ ដើម្បីបង្កើតជាតំបន់ទ្រនាប់ការពារសង្គ្រាមពីការវាយលុកនិងផ្លោងរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។ រហូតដល់ពេលនេះ រុស្ស៊ីបានកាន់កាប់ទឹកដីអ៊ុយក្រែនជាង១១ម៉ឺនគីឡូម៉ែត្រការ៉េ ឬប្រមាណ១ភាគ៥នៃទឹកដីអ៊ុយក្រែនទាំងមូល៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


