Connect with us

ព័ត៌មានអន្ដរជាតិ

យប់ទី១១! លោក ត្រាំ ដាក់គោលដៅធំ ឲ្យកម្ទេចចោល រោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងរូងភ្នំ Pickaxe 

បានផុស

នៅ

សង្គ្រាមជុំទី៣ របស់អាមេរិក ប្រយុទ្ធជាមួយអ៊ីរ៉ង់ បានឈានចូលដល់យប់ទី ១១ហើយ ដោយកងទ័ពអាមេរិក នៅតែវាយប្រហារទីតាំងសំខាន់ៗ ជាពិសេសពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់គោលដៅធំ ឲ្យកម្ទេចរោងចក្រនុយក្លេអ៊ែរ ក្រោមដីរបស់ទីក្រុងតេហេរ៉ង់ ក្នុងរូងភ្នំ Pickaxe ចោលតែម្តងទៅ។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

BBC បានដកស្រង់សេចក្តីប្រកាស របស់បញ្ជាការកណ្តាលអាមេរិក CENTCOM ដែលបញ្ជាក់នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ថា ការវាយប្រហារចុងក្រោយនេះ មានរយៈពេល ៧៥នាទី រាលដាលពាសពេញទីក្រុង Tabriz, Bushehr, Chabahar និង Konarak។

នៅយប់មុនៗ ក៏មានការវាយប្រហារនៅ តំបន់ឆ្នេរភាគខាងត្បូង និងចូលទៅជ្រៅក្នុងទឹកដីស្នូលរបស់អ៊ីរ៉ង់ផងដែរ រួមមានខេត្ត Yazd ដែលស្ថិតនៅចំកណ្តាលប្រទេស និងនៅតំបន់ Sirik ព្រមទាំងកោះ ​Qeshm ខណៈស្ពាន Bandar-e Khamir ស្ថិតក្នុងខេត្ត Hormozgan ភាគខាងត្បូង ក៏ត្រូវអាមេរិកទម្លាក់គ្រាប់បែកផ្តាច់ចោល បណ្តាលឲ្យជនស៊ីវិល ៧នាក់ស្លាប់ និង៩នាក់ រងរបួសផងដែរ។

យ៉ាងណា នៅយប់ទី១១ លោកត្រាំ គំរាមបន្ថែមថា នឹងកម្ទេចចោលរោងចក្រនុយក្លេអ៊ែរ ក្រោមដីរបស់អ៊ីរ៉ង់ ដែលស្ថិតនៅក្នុងភ្នំ Pickaxe តែម្តង។

យន្តហោះទម្លាក់គ្រាប់បែកអាមេរិក A B2 Spirit (រូប៖ Reuters)

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន លោកត្រាំ បញ្ជាក់ថា គោលដៅយោធាបន្ទាប់ អាចជា «ភ្នំ Pickaxe» ដែលជាទីតាំងនុយក្លេអ៊ែរក្រោមដីមួយកន្លែង ដែលគេសង្ស័យថា អ៊ីរ៉ង់កំពុងលួច កសាងទីតាំងចម្រាញ់អ៊ុយរ៉ានីញ៉ូម ដោយមិនបានប្រកាសជាផ្លូវការ។ អាមេរិក នឹងវាយប្រហារទីតាំងនោះ ក្នុងពេលឆាប់ៗ ហើយនឹងវាយប្រហារយ៉ាងចាស់ដៃបំផុត។

មុននេះដែរ បើយោងតាមរបាយការណ៍​ ​ចុះផ្សាយលើ​កាសែត Wall Street Journal កាល​ពី​ថ្ងៃទី​២១ កក្កដា ឆ្នាំ២០២៦ ដែល​ទទួល​តម្រុយ​​​ ​​ពី​ទីភ្នាក់ងារចារកម្ម​​អ៊ីស្រាអែល, ប្រទេសអ៊ីរ៉ង់ បានលួចដឹកជញ្ជូនម៉ាស៊ីន Centrifuge សម្រាប់ចម្រាញ់នុយក្លេអ៊ែររាប់ពាន់គ្រឿង យកទៅលាក់ទុកក្នុងរូងដ៏ជ្រៅ ស្ថិតក្នុងភ្នំ Pickaxe។

រូបភាពផ្កាយរណបបង្ហាញពីផ្លូវចូលរូងក្រោមដី នៃភ្នំ Pickaxe (រូប៖ Reuters)

សកម្មភាពនេះ កើតឡើងកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន បន្ទាប់ពីសង្គ្រាមរយៈពេល១២ថ្ងៃ ក្នុងខែមិថុនា ដែលកងទ័ពអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាស លើទីតាំងនុយក្លេអ៊ែរធំៗទាំង៣ របស់អ៊ីរ៉ង់។

ការលាក់ទុកសម្ភារៈនុយក្លេអ៊ែរក្រោមបាតភ្នំយ៉ាងជ្រៅនេះ ធ្វើឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលមានក្តីព្រួយបារម្ភយ៉ាងខ្លាំងថា អ៊ីរ៉ង់ អាចបង្កើតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ដ្បិតតែពេលនេះ ទីក្រុងតេហេរ៉ង់ កំពុងស្ថិតក្នុងការចរចា ស្ដីពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរក៏ដោយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម