ព័ត៌មានអន្ដរជាតិ
រុស្ស៊ី មិនសប្បាយចិត្ត ថែមប្រតិកម្មខ្លាំងៗទៅ កិច្ចព្រមព្រៀងរ៉ែ អាមេរិក-អ៊ុយក្រែន
ទីបំផុត សហរដ្ឋអាមេរិកនិងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាផ្លូវការហើយកាលពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៥ ប៉ុន្តែរឿងនោះក៏មានប្រតិកម្មខ្លាំងៗពីសំណាក់ប្រទេសរុស្ស៊ីដែរ។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃទី២ខែឧសភា, ជុំវិញកិច្ចព្រមព្រៀងរ៉ែនេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Scott Bessent បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «កិច្ចព្រមព្រៀងនេះ បង្ហាញយ៉ាងច្បាស់ដល់ប្រទេសរុស្ស៊ីថា រដ្ឋបាល ត្រាំ ប្តេជ្ញាចំពោះដំណើរការសន្តិភាពដែលផ្តោតលើអ៊ុយក្រែនដោយសេរី អធិបតេយ្យភាព និងវិបុលភាពក្នុងរយៈពេលវែង។ លោកប្រធានាធិបតី ត្រាំ មើលឃើញភាពជាដៃគូរវាងប្រជាជនអាមេរិកនិងអ៊ុយក្រែន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ចំពោះសន្តិភាពនិងវិបុលភាពយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន»។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូមិនសប្បាយចិត្តទេចំពោះរឿងនេះ ដោយអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Dmitry Medvedev បានចេញសារលើ Telegram នៅថ្ងៃដដែលនោះថា លោកត្រាំ កំពុងបង្ខំឲ្យទីក្រុងកៀវ លក់ទ្រព្យសម្បត្តិរ៉ែរបស់ខ្លួន ដើម្បីតែការសុំបន្តជំនួយយោធា។

អតីតប្រធានាធិបតីរុស្ស៊ីរូបនេះនិយាយថា៖ «ទីបំផុត លោកត្រាំ ធ្វើអ៊ុយក្រែនបែកហើយ ដោយឲ្យរបបទីក្រុងកៀវប្រគល់រ៉ែទៅអាមេរិក ដូរជាមួយជំនួយយោធា។ ឥឡូវនេះ ជំនួយយោធា នឹងត្រូវចំណាយជាមួយទ្រព្យសម្បត្តិជាតិនៃប្រទេសមួយដែលកំពុងបាត់ខ្លួនបន្តិចម្តងៗ»។
សូមជម្រាបថា ក្រោយចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២មិនបានប៉ុន្មានថ្ងៃផង លោកត្រាំ បានដាក់លក្ខខណ្ឌទៅអ៊ុយក្រែនថា បើទីក្រុងកៀវចង់ឲ្យទីក្រុងវ៉ាស៊ីនតោន បន្តជួយដើម្បីទប់ទល់ជាមួយរុស្ស៊ីទៀតនោះ ពួកគេត្រូវតែផ្តល់ធនធានរ៉ែកម្រមកវិញជាការដោះដូរ។

ទីបំផុតបំណងរបស់លោកត្រាំ ក៏បានសម្រេច ហើយដ្បិតតែខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងរ៉ែដែលចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ មិនត្រូវបានគេបញ្ចេញជាសាធារណៈក៏ពិតមែន ប៉ុន្តែចំណុចស្នូលរបស់វា ត្រូវគេដឹងថា គឺផ្តោតលើមូលនិធិវិនិយោគកសាងឡើងវិញរួមគ្នា ពោលគឺអ៊ុយក្រែននឹងចែក៥០% នៃប្រាក់ចំណូលដែលបានពីអាជ្ញាប័ណ្ណថ្មីសម្រាប់គម្រោងទាញយកធនធាននាពេលអនាគត ដាក់ទៅក្នុងមូលនិធិនេះ។
បើយោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤, អ៊ុយក្រែន ជាប្រទេសមានសក្តានុពលធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទូទាំងពិភពលោកដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាទំនើប និងថាមពលបៃតង។

ប្រទេសនេះមានទុនបម្រុងទីតានីញ៉ូមធំជាងគេនៅអឺរ៉ុប ហើយស្មើនឹង៧% នៃទុនបម្រុងពិភពលោក។ ពិសេស មុនពេលផ្ទុះជម្លោះជាមួយរុស្ស៊ីក្នុងឆ្នាំ២០២២ អ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា ទៀតផង។
ចំពោះលោហធាតុកម្រ គេដឹងថានៅអ៊ុយក្រែនមានដូចជា បេរីលីយ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែល។ មិនត្រឹមប៉ុណ្ណឹង ប្រទេសនេះក៏មានទុនបម្រុងលីចូមធំបំផុតប្រចាំអឺរ៉ុបផងដែរ ដែលគេប៉ាន់ស្មានថាមានចំនួន ៥០០ ០០០តោន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


