Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង៖ ការ​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​របស់​កូរ៉េ​ខាង​ជើង គឺ​​ធ្វើ​តេស្ត​សម្រាប់​នាំ​ចេញ​ទៅ​បរទេស

បានផុស

នៅ

កូរ៉េខាងជើង បានបាញ់បង្ហោះ​មីស៊ីល​បាលិស្ទិក​រយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុននៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​៨​ឧសភា​នេះ ជាអ្វីដែលមន្ត្រីយោធាកូរ៉េខាងត្បូងបានលើកឡើងថាអាចជាការសាកល្បងសមត្ថភាពសម្រាប់ការនាំចេញអាវុធដ៏មានសក្តានុពល។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីស៊ីល​ត្រូវបានបាញ់ចេញពីទីក្រុង Wonsan លើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង នៅម៉ោងប្រហែល ៨​និង​១០​នាទី​ព្រឹកម៉ោងក្នុងស្រុក ហើយបាន​ហោះ​ក្នុង​រយៈ​ចម្ងាយ​​ដល់ទៅ ៨០០​គីឡូម៉ែត្រ មុនពេលធ្លាក់​ចូល​​សមុទ្រ។

អ្នកនាំពាក្យអគ្គសេនាធិការចម្រុះ (JCS) របស់កូរ៉េខាងត្បូង លោក Lee Sung-jun បាននិយាយថា ការបាញ់​មីស៊ីល​នេះអាចត្រូវបានធ្វើឡើង ដើម្បីផ្ទៀងផ្ទាត់សមត្ថភាពមីស៊ីល និងស្ថេរភាពនៃការហោះហើរ មុនពេលនាំចេញទៅក្រៅប្រទេស។ លោក​ Lee បាន​បដិសេធ​មិន​បញ្ជាក់​ចំនួន​ពិត​ប្រាកដ ឬ​ប្រភេទ​មីស៊ីល​​ដែល​បាន​បាញ់​បង្ហោះ​នោះ​ទេ។

កន្លង​មក សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចោទប្រកាន់កូរ៉េខាងជើងថាបានផ្គត់ផ្គង់មីស៊ីល​បាលិស្ទិក​រយៈចម្ងាយខ្លី និងឧបករណ៍យោធាផ្សេងទៀតដល់ប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងជម្លោះដែលកំពុងបន្តនៅ​អ៊ុយក្រែន។ ខណៈពេលដែលទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូបដិសេធការចោទប្រកាន់ទាំងនេះ ភស្តុតាង​ច្បាស់ៗ​បាន​បង្ហាញថា ទាហានកូរ៉េខាងជើងត្រូវបានគេដាក់ពង្រាយទៅកាន់សមរភូមិជួរមុខនៅក្នុងតំបន់ Kursk របស់រុស្ស៊ី។

ការបាញ់មីស៊ីល​​លើក​នេះ​របស់​ក្រុង​ព្យុងយ៉ាង គឺជាព្រឹត្តិការណ៍លើកទី​៦​​ក្នុងឆ្នាំ​២០២៥ និងជាលើកដំបូងចាប់តាំងពីថ្ងៃទី​១០​ខែមីនា។ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះបាន​អំពាវនាវ​ឲ្យ​​បង្កើនការផលិតគ្រាប់កាំភ្លើងធំ និងកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី។

លោក គីម ជុងអ៊ុន (រូបថត៖ KCNA)

សហគមន៍អន្តរជាតិ បានថ្កោលទោសសកម្មភាពរបស់កូរ៉េខាងជើង ដោយលើកឡើងពីការរំលោភលើសេចក្ដី​សម្រេច​របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហាមឃាត់ការសាកល្បងមីស៊ីលបាលិស្ទិក។ កូរ៉េខាងត្បូង អាមេរិក និងជប៉ុន កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយបានបង្កើនសកម្មភាពឃ្លាំមើល ដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

ក្រុមអ្នកវិភាគបានលើកឡើងថា ការបន្តការបាញ់សាកល្បង​មីស៊ីលរបស់កូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី អាចជាសកម្មភាពយុទ្ធសាស្ត្រដើម្បីទទួលបានឥទ្ធិពលនៅក្នុងការចរចាភូមិសាស្ត្រនយោបាយនាពេលអនាគត និងដើម្បីធានាបាននូវបច្ចេកវិទ្យាយោធាទំនើបៗ៕

ដោយ៖ ឈាង

ចុចអាន៖ កូរ៉េខាងជើង បាញ់សាកល្បង​មីស៊ីលបាលិស្ទិក​លើក​ទី​៦​ក្នុង​ឆ្នាំ​២០២៥​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម