ព័ត៌មានអន្ដរជាតិ
លើកទី១ ដែលកងទ័ពថៃបារម្ភការផ្សព្វផ្សាយរបស់សារព័ត៌មានថៃអាចប៉ះពាល់ដល់ការចរចា JBC
អ្នកនាំពាក្យយោធាថៃបានចេញការព្រមានលើកដំបូងចំពោះសារព័ត៌មានថៃ ដោយការក្រើនរំឭកឲ្យមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយឯកសារមួយចំនួនដែលនាំទៅដល់ផលប៉ះពាល់ដំណើរការចរចារបស់គណៈកម្មការព្រំដែនរួម (Joint Boundary Commission (JBC)) ដែលគ្រោងធ្វើនៅថ្ងៃទី១៤ខែមិថុនានេះ។

លោកឧត្តមសេនីយ៍ឯក Winthai Suvari អ្នកនាំពាក្យយោធាថៃ ត្រូវបានស្រង់សម្តីផ្សាយដោយសារព័ត៌មានថៃ Khaosod ដែលផ្សព្វផ្សាយនៅថ្ងៃពុធនេះ ដោយលោកបានព្រមានសារព័ត៌មានថៃឱ្យប្រុងប្រយ័ត្ន កុំផ្សព្វផ្សាយឯកសារផ្លូវការមួយចំនួន ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលអាចប៉ះពាល់ដល់កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) រវាងភាគីទាំងពីរ។
ការព្រមានរបស់អ្នកនាំពាក្យយោធាថៃ កើតឡើងក្រោយប្រព័ន្ធផ្សព្វផ្សាយរបស់ថៃដែលរងការចោទថា បានផ្សាយព័ត៌មាននិងរូបភាពមួយចំនួនដែលបង្កើតឡើងដោយភាគីថៃជាឯកតោភាគីនៅតំបន់ជម្លោះនានាតាមបណ្តោយព្រំដែនជាមួយកម្ពុជា។
ការព្រមានរបស់អ្នកនាំពាក្យយោធាថៃនេះទៀតសោត គឺចំពេលដែលប្រទេសថៃបានតែងតាំងសមាជិកគណៈកម្មការព្រំដែនរួម ដឹកនាំដោយ លោក Prasas Prasasvinitchai ដែលជាអតីតឯកអគ្គរាជទូតប្រចាំកម្ពុជាពីឆ្នាំ២០០៩ ដល់២០១១។
ទោះបីមានការព្រមានបែបនេះ ប៉ុន្តែអ្នកនាំពាក្យយោធាថៃ លោកឧត្តមសេនីយ៍ឯក Winthai Suvari មិនបានលើកឡើងពីរបៀបដែលសារព័ត៌មានថៃបានផ្សព្វផ្សាយដែលអាចនាំទៅដល់ផលប៉ះពាល់នោះទេ ហើយក៏មិនបានបញ្ជាក់ថាតើឯកសារជាក់លាក់ណាដែលលោកចង់សំដៅទៅនោះដែរ។ នេះបើយោងតាម Khaosod។
ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ទាំងព័ត៌មានពិតនិងព័ត៌មានមិនពិត គឺងាយធ្វើឡើងក្នុងសម័យបច្ចេកវិទ្យាព័ត៌មានដ៏លឿនរហ័សនេះ ដែលងាយបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងភាគីទាំងពីរនៅពេលដែលព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយដល់ប្រជាជនដែលងាយប្រតិកម្មដោយខ្វះការអត់ធ្មត់ និងការបញ្ជាក់ប្រភពពិតឬមិនពិត។
ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាធ្លាប់បានបង្ហាញក្តីកង្វល់មួយចំនួនជុំវិញជម្លោះព្រំដែនដែលបានផ្ទុះឡើងនេះ ដែលងាយរីករាលដាលដោយសារតែការផ្សព្វផ្សាយព័ត៌មានមិនពិត។
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសមួយដោយរកឃើញថា សារព័ត៌មានថៃ និងបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិត បង្កឱ្យមានការភាន់ច្រឡំពាក់ព័ន្ធស្ថានភាពកងទ័ព។
ជុំវិញបញ្ហានេះ ក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំឱ្យជឿតាមការផ្សព្វផ្សាយតាមសារព័ត៌មានថៃ និងបណ្តាញសង្គមទាំងនោះ ហើយរង់ចាំទទួលយកតែព័ត៌មានផ្លូវការ ដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា បានអះអាងថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។ ក្នុងន័យនេះ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ចៀសសង្គ្រាមជាយថាហេតុ»៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


