Connect with us

ព័ត៌មានអន្ដរជាតិ

IAEA ព្រមានពី​ការ​លេច​ធ្លាយ​នុយក្លេអ៊ែរដ៏​គ្រោះថ្នាក់ បើអ៊ីស្រាអែលវាយប្រហារ​ចំរោងចក្រ​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ខែមិថុនានេះ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)​ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់អំពីមហន្តរាយនុយក្លេអ៊ែរដែល​មាន​សក្តានុពល​កើត​ឡើង ប្រសិនបើអ៊ីស្រាអែលវាយប្រហារ​រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់។

រូបសញ្ញា IAEA នៅពីមុខទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារនៅទីក្រុងVienna ប្រទេសអូទ្រីស (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២០ ខែមិថុនា អគ្គនាយក IAEA លោក Rafael Grossi បានសង្កត់ធ្ងន់លើហានិភ័យខ្ពស់នៃការផ្ទុះវិទ្យុសកម្មពីការប៉ះទង្គិចដោយផ្ទាល់ទៅលើរោងចក្រដែលមានទីតាំងនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។

​ទីតាំង​រោង​ចក្រ Bushehr ដែលជារោងចក្រនុយក្លេអ៊ែរស៊ីវិលដំបូងគេនៅមជ្ឈឹមបូព៌ា មានផ្ទុកនូវសារធាតុនុយក្លេអ៊ែរដ៏ច្រើន និងដើរតួនាទីយ៉ាងសំខាន់ក្នុងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់។

លោក Grossi បានព្រមានថា ទោះបីជារោងចក្រ Bushehr មិនត្រូវបានប៉ះពាល់ដោយផ្ទាល់ក៏ដោយ ក៏ការខូចខាតដល់ការផ្គត់ផ្គង់ថាមពលរបស់វានៅតែអាចបណ្តាលឱ្យមានការរលាយដ៏គ្រោះថ្នាក់។ នេះអាចនាំឱ្យវិទ្យុសកម្មរីករាល​ដាល​ពាស​ពេញតំបន់ ដោយបង្ខំឱ្យប្រជាជននៅក្នុងប្រទេសជិតខាងត្រូវជម្លៀសខ្លួន លេបថ្នាំដូចជាអ៊ីយ៉ូត និងប្រឈមមុខនឹងការខ្វះខាតអាហារ។

ទិដ្ឋភាពទូទៅនៃរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់(រូបភាព៖ Reuters)

ជាមួយនឹងភាពតានតឹងកើនឡើង លោក Grossi បានអំពាវនាវឱ្យភាគីទាំងអស់ជ្រើសរើសដំណោះស្រាយដោយសន្តិវិធី។ លោកបាននិយាយថា IAEA ត្រៀមខ្លួនជាស្រេចដើម្បីជួយដោយការតាមដានយ៉ាងដិតដល់នូវកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីធ្វើឱ្យប្រាកដថា វាត្រូវបានប្រើសម្រាប់គោលបំណងសន្តិភាពប៉ុណ្ណោះ មិនមែនសម្រាប់បង្កើតអាវុធនោះទេ៕

ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងតេហេរ៉ង់។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម