Connect with us

ព័ត៌មានអន្ដរជាតិ

NGO ជាង១៧០ ថ្កោលទោស​ប្រព័ន្ធជំនួយ​នៅ​ហ្គាហ្សា GHF ថា​ជា«យន្តការជំនួយដ៏មរណៈ»

បានផុស

នៅ

អង្គការមនុស្សធម៌អន្តរជាតិ​ជាង​១៧០ ដូចជា Oxfam, Médecins Sans Frontières, Save the Children និង Amnesty International ជា​ដើម​ បានអំពាវនាវ​ឲ្យផ្អាកជាបន្ទាន់នូវប្រព័ន្ធចែកចាយជំនួយដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅ​តំបន់​ហ្គាហ្សា។

(រូបថត៖ Activestills)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍រួម​កាល​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា ពួកគេបានពណ៌នាអំពីការរៀបចំបច្ចុប្បន្នថាជា«យន្តការជំនួយដ៏មរណៈ» ដែលកំពុងធ្វើ​ឲ្យជនស៊ីវិល​បាត់បង់ជីវិត​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត។

អង្គការទាំងនេះ អះអាង​ថា ប្រព័ន្ធ​ជំនួយ​ដែលត្រូវបានបង្កើតឡើង​កាល​ពី​​ចុងខែឧសភា និងសម្របសម្រួលដោយ «មូលនិធិមនុស្សធម៌​​ហ្គាហ្សា (GHF)» ដោយមានការគាំទ្រពីអាមេរិក និងអ៊ីស្រាអែល បានបណ្តាល​ឲ្យ​​ជនជាតិ​ប៉ាឡេស្ទីនជាង ៥០០​នាក់ស្លាប់ និង​រាប់ពាន់នាក់​ផ្សេង​ទៀត​រងរបួស ព្រោះ​តែ​ការ​បាញ់​ប្រហារ​ពី​កង​កម្លាំង​អ៊ីស្រាអែល។ ការស្លាប់នេះ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅពេលដែលជនស៊ីវិលបានប្រមូលផ្តុំគ្នានៅតំបន់ចែកចាយដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ដដែល​នេះ ក្រុម​អង្គការ​ទាំង​ជាង​១៧០ បាន​លើក​ឡើង​ថា «នេះមិនមែនជាជំនួយមនុស្សធម៌ទេ។ វាគឺជាប្រព័ន្ធនៃការដាក់ទណ្ឌកម្ម។ វាបំពានច្បាប់មនុស្សធម៌អន្តរជាតិ ហើយ​បង្អាក់​ភ្នាក់ងារមនុស្សធម៌ពីអព្យាក្រឹតភាព និងសមត្ថភាពការពារជនស៊ីវិល»។​

មន្ត្រីកំពូលនៅអង្គការសហប្រជាជាតិ រួមទាំងប្រមុខ​អង្គការ UNRWA លោក Philippe Lazzarini ក៏​បានថ្កោលទោសប្រព័ន្ធ​ជំនួយ GHF នេះ​ផង​ដែរ។ លោក Lazzarini បាននិយាយថា ជំនួស​ឲ្យ​ការជួយមនុស្សដោយសុវត្ថិភាព ប្រព័ន្ធជំនួយ GHF កំពុង​ធ្វើ​ឲ្យ​ជីវិតរបស់​ជនជាតិ​ប៉ាឡេស្ទីន​ប្រឈមនឹងហានិភ័យ បង្ខំ​ឲ្យ​ពួកគេ​ត្រូវ​ជ្រើសរើសរវាង ភាពអត់ឃ្លាន ឬប្រឈមមុខនឹង​គ្រោះថ្នាក់ដ៏ហឹង្សា ដើម្បីទទួលបានអាហារ។ លោក​បានអំពាវនាវ​ឲ្យ​មានការស្ដារឡើងវិញពេញលេញនៃការសម្របសម្រួលជំនួយដែលដឹកនាំដោយអង្គការសហប្រជាជាតិ៕

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ ប្រកាសថា អ៊ីស្រាអែល យល់ព្រមបទឈប់បាញ់៦០ថ្ងៃនៅហ្គាហ្សាហើយ ចាំតែក្រុមហាម៉ាសប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម