Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសថា អ៊ីស្រាអែល យល់ព្រមបទឈប់បាញ់៦០ថ្ងៃនៅហ្គាហ្សាហើយ ចាំតែក្រុមហាម៉ាសប៉ុណ្ណោះ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសអ៊ីស្រាអែល បានយល់ព្រមរួចហើយចំពោះលក្ខខណ្ឌចាំបាច់ទាំងអស់ ដែលឈានទៅដល់ការបង្កើតឲ្យមានបទឈប់បាញ់រយៈពេល៦០ថ្ងៃនៅតំបន់ហ្គាហ្សា ដោយរង់ចាំតែក្រុមហាម៉ាសប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥ លោកត្រាំ សរសេរថា «កាតានិងអេហ្ស៊ីប ដែលសុទ្ធតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជួយនាំមកនូវសន្តិភាព នោះ គឺនឹងនាំមកនូវសំណើចុងក្រោយ។ ខ្ញុំសង្ឃឹមថា ក្រុមហាម៉ាសក៏ទទួលយកកិច្ចព្រមព្រៀងនេះដែរ ព្រោះបើពួកគេមិនព្រម នោះនឹងគ្មានអ្វីប្រសើរឡើងទេ មានតែអាក្រក់ទៅៗប៉ុណ្ណោះ»។

ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខសេតវិមានមិនបញ្ជាក់ឡើយថាតើលក្ខខណ្ឌទាំងនោះមានអ្វីខ្លះ ប៉ុន្តែលោកអះអាងថា «ក្នុងអំឡុងពេលបទឈប់បាញ់៦០ថ្ងៃដែលបានស្នើឡើងនេះ យើងនឹងធ្វើការជាមួយភាគីទាំងអស់ដើម្បីបញ្ចប់សង្គ្រាម»។

សេចក្តីប្រកាសនេះកើតឡើងមុនពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងធ្វើទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ដើម្បីជួបលោកត្រាំ ​ក្នុងគោលបំណងពិភាក្សាលើបញ្ហាបទឈប់បាញ់ជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)

ក្នុងដំណើរទស្សកិច្ចលើកទី៣របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលវ័យ៧៥ឆ្នាំរូបនេះ ទៅកាន់រដ្ឋធានីរបស់អាមេរិក ចាប់តាំងពីលោក ត្រាំ ចូលអង្គុយកៅអីសេតវិមាន អាណត្តិទី២, មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នារឿងបញ្ចប់សង្គ្រាមនៅហ្គាហ្សានិងរំដោះចំណាប់ខ្មាំង ដែលជាប់ឃុំនៅទីនោះអស់រយៈពេលជិត២ឆ្នាំមកហើយ។

សូមជម្រាបថា អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធានៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ លើទឹកដីអ៊ីស្រាអែល ដែលពេលនោះមនុស្សប្រហែល១ ២០០នាក់ត្រូវបានសម្លាប់។

យ៉ាងណា ការសងសឹករបស់អ៊ីស្រាអែល បានផ្តាច់ជីវិតពលរដ្ឋប៉ាឡេស្ទីនចំនួន ៥៦ ៦៤៧នាក់នៅហ្គាហ្សាវិញគិតមកទល់ពេលនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណេតាន់យ៉ាហ៊ូ នឹងទៅជួប ត្រាំ ដល់សេតវិមាន នៅសប្តាហ៍ក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម