Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ ខ្ញុំ​ចង់​បញ្ចប់​សង្គ្រាម​ដោយ​អស់​​ពីចិត្ត តែ​ត្រូវ​ដោះស្រាយ«ដើមហេតុ»នៃ​សង្គ្រាម​សិន

បានផុស

នៅ

ក្រោយ​ឈាន​ជើង​ជាន់​ដី​អាមេរិក និង​បាន​ពិភាក្សា​កម្រិត​ខ្ពស់​ជាមួយលោក ដូណាល់ ត្រាំ ស្ដី​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន​កាលពី​ថ្ងៃ​​ទី​១៥​ខែ​សីហាឆ្នាំ​២០២៥ មេ​ដឹក​នាំ​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ថ្លែង​ប្រាប់​​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ថា លោក​ពិត​ជាមាន​សណ្ដានចិត្ត​ស្មោះត្រង់ ក្នុង​ការ​បញ្ចប់​ជម្លោះ​ ដែល​លោក​ចាត់ទុក​ថាជា «សោកនាដកម្មមួយ»។

លោក ពូទីន និង​លោក ត្រាំ នៅ​រដ្ឋ​អាឡាស្កា​ថ្ងៃទី​១៥សីហា២០២៥ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិត​លោក ពូទីន ថាចង់​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន តែ​លោកទទូចថា រុស្ស៊ីត្រូវតែដោះស្រាយ«ដើមហេតុចម្បង» នៃជម្លោះជាមុនសិន។ បន្ថែម​ពី​នេះ លោកបានព្រមានអ៊ុយក្រែន និងអឺរ៉ុបកុំឲ្យ​បំផ្លិចបំផ្លាញ​កិច្ចពិភាក្សាណាមួយ ហើយបានពណ៌នាកិច្ចប្រជុំ​ជាមួយប្រធានាធិបតី ត្រាំ ថាជា«ចំណុចចាប់ផ្តើមសម្រាប់ដំណោះស្រាយ»។

លោក ពូទីន បានហៅ​ទំនាក់ទំនង​ជាមួយលោក ត្រាំ ថាប្រៀប​ដូចជា «ការ​ធ្វើ​អាជីវកម្ម»អ៊ីចឹង ហើយបានយល់ស្របនឹងការអះអាងម្តងហើយម្តងទៀតរបស់មេ​ដឹក​នាំ​អាមេរិក​រូប​នេះ ដែលថា សង្រ្គាមនឹងមិនកើត​ឡើង​ទេ ប្រសិន​បើគាត់នៅតែកាន់តំណែងបន្ទាប់ពីការបោះឆ្នោតឆ្នាំ​២០២០។

សូម​បញ្ជាក់​ថា លោក ពូទីន បាន​បង្ហើប​ថា ជំនួប​​លើក​ក្រោយ​រវាង​ខ្លួន និង​សមភាគី​អាមេរិក ​នឹងធ្វើ​ឡើង​នៅទីក្រុង​មូស្គូ ប៉ុន្តែ​​ភាគី​ទាំងពីរ​មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទ​​ច្បាស់​លាស់​​នោះទេ​ ខណៈ​ការ​ជួប​មុខគ្នា​លើក​ដំបូង​គិត​ចាប់​ពី​ឆ្នាំ​២០១៩​នេះ ពុំ​ទទួល​បាន​ផ្លែផ្កា​ល្អ​នោះឡើយ ពោល​គឺ​មិន​សម្រេចបាន​​នូវ​កិច្ចព្រមព្រៀង​ ឬ​បទ​ឈប់បាញ់​ណាមួយ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយយក្រែន​ទេ៕

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ ប្រាប់​ថានឹងហៅទូរសព្ទទៅ ហ្សេលេនស្គី និងអង្គការ​ណាតូ ស្ដី​ជំនួប​ជាមួយ ពូទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម