Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅ Sagaing សម្លាប់មនុស្សច្រើននាក់ទៀត

បានផុស

នៅ

យន្តហោះចម្បាំងរបស់របបយោធាមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកលើតំបន់ Sagaing សម្លាប់ពលរដ្ឋ៧នាក់ ខណៈ១៨នាក់ទៀតរងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់គេហទំព័រសំឡេងប្រជាធិបតេយ្យមីយ៉ាន់ម៉ា (DVB), ការវាយប្រហារនេះកើតឡើងនាវេលាម៉ោង១:៣០នាទីរសៀលថ្ងៃចន្ទទី១៨ខែសីហាឆ្នាំ២០២៥ ដោយកំណត់គោលដៅលើតំបន់ជុំវិញវត្ត Moe Kaung ក្នុងភូមិ Mukan នៃក្រុង Depayin។

ប្រភពខាងលើបានឲ្យដឹងថា ក្រៅពីយន្តហោះទម្លាក់គ្រាប់បែកហើយនោះ កងទ័ពមីយ៉ាន់ម៉ា ក៏សម្រុកចូលបាញ់ក្នុងភូមិដោយកាំភ្លើងយន្តផងដែរ។

ការវាយប្រហារនេះកើតឡើងមួយថ្ងៃ ក្រោយយន្តហោះចម្បាំងមីយ៉ាន់ម៉ាធុន YAK-130 ក៏ទម្លាក់គ្រាប់បែក៤គ្រាប់ សម្លាប់មនុស្ស២៤នាក់ដែរ នៅតំបន់ Mawchi នៃក្រុង Hpasawng រដ្ឋ Kayah ដែលស្ថិតនៅជាប់ខេត្ត Mae Hong Son ប្រទេសថៃឯណោះ។

យន្តហោះចម្បាំងកងទ័ពអាកាសមីយ៉ាន់ម៉ា បានបើកការវាយប្រហារ កាលពីថ្ងៃអាទិត្យ ដោយកម្ទេចមន្ទីរពេទ្យ Do-Ka-Hlo សឹងតែទាំងស្រុង និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

សូមជម្រាបថា ស្ថានភាពជម្លោះរវាងរបបមីយ៉ាន់ម៉ានិងក្រុមប្រឆាំងប្រដាប់អាវុធ បានវិវត្តទៅជា សង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ ចាប់តាំងពីរដ្ឋប្រហារយោធាខែកុម្ភៈឆ្នាំ២០២១។ ក្រុមប្រឆាំងជាច្រើនបានបើកការប្រយុទ្ធយ៉ាងខ្លាំងក្លា ធ្វើឲ្យរបបយោធាជួបឧបសគ្គក្នុងការគ្រប់គ្រងប្រទេស។

បច្ចុប្បន្ន ការប្រយុទ្ធគ្នាបានរីករាលដាលដល់គ្រប់តំបន់ទូទាំងប្រទេស ដោយក្រុមប្រឆាំងប្រដាប់អាវុធបានប្រើប្រាស់យុទ្ធសាស្ត្រទ័ពព្រៃ ហើយអាចដណ្តើមបានតំបន់ និងទីក្រុងសំខាន់ៗជាច្រើនពីរបបយោធាវិញ។

ជាការឆ្លើយតប របបយោធាបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក និងកាំភ្លើងធំវាយប្រហារទៅលើគោលដៅរបស់ក្រុមប្រឆាំងនិងភូមិរបស់ប្រជាជន បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងរង្គាល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើរដ្ឋ Kayah ជាប់ព្រំដែនថៃ សម្លាប់មនុស្ស ២៤នាក់នៅខាង មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម