Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង ច្រានចោល​ការធានាសន្តិសុខ​ពី​កងទ័ពបរទេសសម្រាប់អ៊ុយក្រែន

បានផុស

នៅ

វិមានក្រឹមឡាំង នៅ​ថ្ងៃសុក្រ​ទី​៥​ខែ​កញ្ញា​នេះ បានច្រានចោលគំនិតដែលថា ក្រុមយោធាបរទេសអាចផ្តល់ការធានាសន្តិសុខដែលអាចទុកចិត្តបានសម្រាប់អ៊ុយក្រែន ដោយនិយាយថា ចាំបាច់ត្រូវមានមូលដ្ឋានគ្រឹះបន្ថែមទៀត មុនពេលកិច្ចចរចាសន្តិភាពកម្រិតខ្ពស់ដែលមានសក្តានុពលណាមួយ។

លោក Dmitry Peskov (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA នៅឯវេទិកាសេដ្ឋកិច្ចភាគខាងកើតក្នុងទីក្រុង Vladivostok ថា «តើការធានាសន្តិសុខរបស់អ៊ុយក្រែនអាចធានា និងផ្តល់ដោយបរទេស ជាពិសេសអឺរ៉ុប និងអាមេរិក ដែលជាដៃគូយោធាឬ? ពិត​ណាស់​ច្បាស់​ជា​មិនអាច»។

ការកត់សម្គាល់នេះ បានធ្វើ​ឡើង​ក្រោយ​​មាន​ការ​ប្រកាស​​​ដោយប្រទេសចំនួន​២៦ កាលពីថ្ងៃព្រហស្បតិ៍លើការធានាសន្តិសុខ​ក្រោយសង្គ្រាមសម្រាប់អ៊ុយក្រែនដែលអាចមានការចូលរួមពីកងកម្លាំងអន្តរជាតិនៅលើដី សមុទ្រ និងនៅលើអាកាស។

លោក Peskov បានប្រាប់​ថា រុស្ស៊ីជឿថា ក្របខណ្ឌសម្រាប់ការធានាសន្តិសុខត្រូវបានគូសបញ្ជាក់រួចហើយក្នុងអំឡុងពេលកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំ​២០២២ ដែលថា អ៊ុយក្រែនត្រូវ​ទម្លាក់ចោល​គោល​បំណង​ចូលរួម​ជា​សមាជិក​របស់អង្គការណាតូ និងទទួល​យក​ភាព​មិនមាននុយក្លេអ៊ែរជាថ្នូរនឹងការធានាពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង។

លោកបានបន្ថែមថា ទីក្រុងមូស្គូពេញចិត្តនឹងកម្រិតតំណាងបច្ចុប្បន្នក្នុងការចរចាជាមួយទីក្រុង​កៀវ ដោយសង្កត់ធ្ងន់ថា «ការ​ត្រៀមរៀបចំដ៏ធំ» គឺត្រូវការជាចាំបាច់ មុនពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំ​អាចប្រព្រឹត្តទៅបាន។

លោក Peskov ក៏បានច្រានចោលការសង្ស័យ​នៃការដាក់ពង្រាយការប្រយុទ្ធរបស់កូរ៉េខាងជើងនៅ​អ៊ុយក្រែន​ផង​ដែរ ដោយទទូចថា កងកម្លាំងរបស់ទីក្រុងព្យុងយ៉ាងគឺឈរជើងតែលើដីរុស្ស៊ីប៉ុណ្ណោះ។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានសរសើរកងកម្លាំងពិសេសរបស់កូរ៉េខាងជើងក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោក គីម ជុងអ៊ុន នៅក្នុងប្រទេសចិន ដោយអរគុណពួកគេសម្រាប់ការជួយកងទ័ពរុស្ស៊ីរុញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk កាលពីដើមឆ្នាំនេះ៕

ដោយ៖ ឈាង

ចុចអាន៖ Macron បញ្ជាក់ថា ២៦ប្រទេស ឯកភាពបញ្ជូនទ័ពទៅអ៊ុយក្រែន ក្រោយបទឈប់បាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម