Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ថា ការចាប់ខ្លួនជនអន្តោប្រវេសន៍កូរ៉េខាងត្បូងជាង ៣០០ នាក់ មិនប៉ះពាល់ដល់ទំនាក់ទំនងប្រទេសឡើយ

បានផុស

នៅ


លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា ការវាយឆ្មក់លើជនអន្តោប្រវេសន៍នៅឯការដ្ឋានសាងសង់រោងចក្រអាគុយ Hyundai Motor-LG Energy Solution ក្នុងរដ្ឋ Georgia ដោយឃាត់ខ្លួនជនជាតិកូរ៉េជាង ៣០០ នាក់ កាលពីថ្ងៃទី៤ សីហា គឺមិនបានប៉ះពាល់ដល់ទំនាក់ទំនងដ៏ស្អិតរមួត រវាងសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងនោះទេ ។

លោកត្រាំ ស្វាគមន៍លោក Lee Jae Myung នៅឯ West House កាលពីថ្ងៃច័ន្ទទី ២៥ ខែសីហាឆ្នាំ ២០២៥(រូបភាព៖Bloomberg Finance LP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម KJD លោកត្រាំបានអត្ថាធិប្បាយអំពីស្ថានភាពក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ នៅឯមូលដ្ឋានទ័ពអាកាស Andrews ដោយឆ្លៀតលើកឡើងថា «វាជាស្ថានភាពគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ដែលបានកើតឡើងនៅ Georgia ។ ខ្ញុំបានឮអំពីវាកាលពីម្សិលមិញ ក្នុងពេលជាមួយគ្នានេះ គយរបស់សហរដ្ឋអាមេរិក (ICE) កំពុងធ្វើយ៉ាងត្រឹមត្រូវ ពីព្រោះពួកគេនៅទីនេះដោយខុសច្បាប់»។

ក្នុងពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិកវ័យ៧៩ ឆ្នាំ បានឆ្លៀតបញ្ចាក់បន្ថែមថា ការវាយឆ្មក់នេះមិនបានប៉ះពាល់ដល់ទំនាក់ទំនងជាមួយកូរ៉េនោះទេ ពោលគឺ ប្រទេសទាំងពីរ​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នាជានិច្ច។ កាលពីពេលថ្មីៗនេះ អាមេរិកនិងកូរ៉េ ទើបតែបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាថែមទៀតផង។

ទោះជាយ៉ាងណាក៏ដោយ លោក Cho Ki-joong អគ្គកុងស៊ុលនៅស្ថានទូតកូរ៉េប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ពលករកូរ៉េជាង ៣០០ នាក់ដែលត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងអន្តោប្រវេសន៍ក្នុងរដ្ឋហ្សកហ្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍តាមជើងហោះហើរមួយ នៅព្រឹកថ្ងៃពុធ។

ការិយាល័យប្រធានាធិបតីបានប្រកាសកាលពីថ្ងៃអាទិត្យដែរថា ការចរចារសម្រាប់ការដោះលែងកម្មករកូរ៉េត្រូវបានបញ្ចប់ ហើយថាជើងហោះហើរជួលនឹងចាកចេញ ភ្លាមៗនៅពេលដែលនីតិវិធីរដ្ឋបាលត្រូវបានបញ្ចប់។ គិតត្រឹមថ្ងៃច័ន្ទនេះ កម្មករត្រូវបានគេរំពឹងថានឹងត្រូវបានធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត ជាជាងតាមរយៈការនិរទេស។

សូមបញ្ចាក់ដែរថា ភ្នាក់ងារ ICE បានធ្វើការវាយឆ្មក់មួយកាលពីថ្ងៃព្រហស្បតិ៍ នៅឯការដ្ឋានសាងសង់រោងចក្រថាមពលថ្មនៅ Ellabell រដ្ឋ Georgia ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hyundai Motor Group និង LG Energy Solution ។ មនុស្សសរុបចំនួន ៤៧៥ នាក់ត្រូវបានឃុំខ្លួន ក្នុងនោះមានជនជាតិកូរ៉េជាង ៣០០ នាក់៕

រូបភាព៖X Screengrab

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រធានាធិបតី Lee បញ្ជាឲ្យការពារជនជាតិកូរ៉េជាង៣០០នាក់ ក្រោយការវាយឆ្មក់មួយនៅ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម