Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ​ហុងគ្រី ប្រាប់​ថា ប្រទេស​អ៊ុយក្រែននឹងត្រូវ​ហែក​ជា​៣​ចំណែក

បានផុស

នៅ

នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានប៉ាន់ស្មានថា ប្រទេស​អ៊ុយក្រែននឹងបែងចែកជាបីតំបន់នៅពេលដែលសង្រ្គាមជាមួយរុស្ស៊ីបានបញ្ចប់។ នេះបើយោងតាមការ​ចុះផ្សាយ​កាសែតហុងគ្រី Magyar Nemzet កាល​ពី​ថ្ងៃ​ទី​៨ខែ​កញ្ញា​ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Viktor Orban (រូបថត៖ Reuters)

លោក Orban បាន​អះអាង​ថា ទីបំផុត​អ៊ុយក្រែន​នឹង​ត្រូវ​បានហែក​ចែក​ទៅ​ជា​តំបន់​គ្រប់គ្រង​ដោយ​រុស្ស៊ី តំបន់​ការពារ​ដែល​គ្មាន​យោធា និង​តំបន់​​​លោកខាងលិច។

លោក​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ថា​ «ជោគ​វាសនា​របស់​អ៊ុយក្រែន​ហាក់​ដូច​ជា​ត្រូវ​បាន​ចារ​ទុក​មុន។​ សព្វ​ថ្ងៃ​នេះ​នៅ​អឺរ៉ុប​មាន​ការ​និយាយ​អំពី​ការ​ធានា​សន្តិសុខ ប៉ុន្តែ​ការ​ធានា​ទាំង​នេះ​មាន​ន័យ​ថា​ការ​បែងចែក​អ៊ុយក្រែន។ លទ្ធផលនឹងក្លាយ​ជាតំបន់រុស្ស៊ី តំបន់គ្មានយោធា និងតំបន់លោក​ខាងលិច»។

លោក​បាន​បន្ថែម​ថា ការ​ជជែក​ពិភាក្សា​គ្នា​នៅ​អឺរ៉ុប​គឺ​មិន​មែន​អំពី​ថា​តើ​រុស្ស៊ី​នឹង​កាន់កាប់​ទឹកដី​នោះ​ទេ ប៉ុន្តែ«តើ​តំបន់​ប៉ុន្មាន​ដែល​វា​គួរ​បញ្ចូល»។ លោក​បាន​ស្នើ​ថា តំបន់​គ្មាន​យោធា​នៅ​តែ​ស្ថិត​ក្នុង​ការ​ពិភាក្សា។

រដ្ឋាភិបាលរបស់លោក Orban បានប្រកាន់យកនូវវោហាសាស្ត្រអរិភាពកាន់តែខ្លាំងឡើងចំពោះអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ីក្នុងឆ្នាំ​២០២២ ដែលជារឿយៗមានការប៉ះទង្គិចជាមួយ​ទីក្រុង​កៀវ និងសម្ព័ន្ធមិត្តលោកខាងលិច។ ហុងគ្រី បានប្រឆាំងនឹងការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ និងប្រឆាំងនឹងការបញ្ជូនអាវុធទៅ​ឲ្យ​អ៊ុយក្រែន ដែលធ្វើឲ្យទំនាក់ទំនងនៅក្នុងសហភាពអឺរ៉ុបកាន់តែតានតឹង។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

កាលពីខែសីហា របាយការណ៍បានលេចចេញថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី បានស្នើសុំប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យជួយដាក់សម្ពាធលើលោក Orban ដែលកំពុងរារាំងកិច្ចចរចាចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន។

ការអត្ថាធិប្បាយចុងក្រោយបង្អស់របស់លោក Orban​​ នេះ ទំនងជាជំរុញ​ឲ្យ​មានភាពតានតឹងថ្មីជាមួយទាំងទីក្រុងកៀវ និងសម្ព័ន្ធ​មិត្ត​អឺរ៉ុប​របស់​អ៊ុយក្រែន។ មេដឹកនាំសហភាពអឺរ៉ុបបានចោទប្រកាន់ហុងគ្រីម្តងហើយម្តងទៀតថាបានធ្វើ​ឲ្យ​ខូចដល់កិច្ច​ខិតខំ​ប្រឹងប្រែង​បញ្ចប់​សង្គ្រាមនៅ​អ៊ុយក្រែន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម