Connect with us

ព័ត៌មានអន្ដរជាតិ

ថៃខាតបង់កាន់តែខ្លាំង ខណៈមីយ៉ាន់ម៉ាបន្តបិទច្រកព្រំដែន

បានផុស

នៅ

ការបិទស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ នៅឯ Myawaddy របស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញរបស់ថៃ ដោយបានរំខានដល់ផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយរវាងប្រទេសទាំងពីរ ខណៈមកទល់ពេលនេះមិនទាន់បានបើកឡើងវិញនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃនិងមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រថយន្តដឹកទំនិញថៃចូលមីយ៉ាន់ម៉ា

ការបិទច្រកពាណិជ្ជកម្ម​ព្រំដែនភ្លាមៗនេះ បានបញ្ឈប់ចរាចរណ៍ពាណិជ្ជកម្មទ្រង់ទ្រាយធំ ហើយធ្វើឱ្យមន្ត្រីថៃមានការខ្នះខ្នែងក្នុងការចរចារបើកដំណើរការឡើងវិញ។ ខណៈដែលអាជ្ញាធរមីយ៉ាន់ម៉ាបានពណ៌នាការបិទនេះថាជាការត្រួតពិនិត្យនិងរឹតបន្តឹងការនាំចូលជាពិសេសត្រួតពិនិត្យការផ្ដល់ជំនួយដល់ក្រុមប្រដាប់អាវុធប្រឆាំងរបបយោធា។ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃបាននិយាយថា ខ្លួនរំពឹងថាស្ពាននេះនឹងបើកឡើងវិញក្នុងពេលឆាប់ៗនេះ ទោះបីជាមិនទាន់មានការបញ្ជាក់ណាមួយពីការបើកដំណើរការឡើងវិញក៏ដោយ។

មុនពេលបិទ ការនាំចេញសំខាន់ៗរបស់ប្រទេសថៃទៅកាន់ប្រទេសមីយ៉ាន់ម៉ា រួមមាន ទូរសព្ទដៃ និងគ្រឿងបន្លាស់ ម៉ូតូ ប្រេងក៏ដូចជាទំនិញប្រើប្រាស់ និងឧស្សាហកម្មជាច្រើនដូចជា ផលិតផលអាហារ គ្រឿងសំអាង ឱសថ គ្រឿងចក្រ ស្បែកជើង និងសម្ភារសំណង់។ ទំនិញទាំងនេះមានសារៈសំខាន់សម្រាប់ទីផ្សារក្នុងស្រុករបស់មីយ៉ាន់ម៉ា ជាពិសេសនៅក្នុងតំបន់ទីក្រុង និងតំបន់ឧស្សាហកម្ម។

ទោះបីជាមានច្រកតូចៗបើកដំណើរបាន តែត្រូវបានភាគីមីយ៉ាន់ម៉ារឹតបន្តឹងខ្លាំងខុសពីធម្មតា។ បញ្ហានេះធ្វើឲ្យមានផល​ប៉ះ​ពាល់​សេដ្ឋកិច្ច​មាន​ភ្លាមៗ និង​ធ្ងន់ធ្ងរ។ ការ​នាំ​ចេញ​របស់​ថៃ​តាម​ព្រំដែនបាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ជិត​៥០​ពាន់​លាន​បាត​ក្នុង​មួយ​ខែ​មក​ត្រឹម​តែ​ជាង​១០​ពាន់​លាន​បាត ធ្វើឱ្យពាណិជ្ជកម្មប្រហែល ១៣០ ពាន់លានបាតស្ថិតក្នុងហានិភ័យ។ តួលេខរបស់រដ្ឋាភិបាលថៃបង្ហាញថា ក្នុងរយៈពេលជិត ១០ ខែដំបូងនៃឆ្នាំ២០២៥ ពាណិជ្ជកម្មតាមព្រំដែនជាមួយមីយ៉ាន់ម៉ាបានធ្លាក់ចុះមកត្រឹម ១០៥.១៤ ពាន់លានបាត ពោលគឺជិត ២៥% តិចជាងឆ្នាំមុន។ ការ​នាំ​ចេញ​របស់​ថៃ​បាន​ធ្លាក់​ចុះ​ជាង ១៦% ខណៈ​ទំនិញ​ចូល​ពី​មីយ៉ាន់ម៉ា​បាន​ធ្លាក់​ចុះ ៣៥%។

ការខាតបង់នេះបានបង្ហាញពីភាពផុយស្រួយនៃពាណិជ្ជកម្មតាមព្រំដែន ស្របពេលប្រទេសថៃកំពុងពឹងផ្អែកលើទីផ្សារក្នុងតំបន់ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន។ ពាណិជ្ជករក្នុងស្រុក និងប្រតិបត្តិករដឹកជញ្ជូនថៃបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលអ្នកប្រើប្រាស់មីយ៉ាន់ម៉ាប្រឈមនឹងកង្វះខាតទំនិញប្រចាំថ្ងៃ។ អ្នកវិភាគព្រមានថា ការបិទរយៈពេលយូរអាចធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែតានតឹង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគនៅក្នុងគម្រោងពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធថ្មីនៅតាមព្រំដែនថែមទៀត៕

ការត្រួតពីនិត្យនៅតាមព្រំដែនមីយ៉ាន់ម៉ា

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម