ព័ត៌មានអន្ដរជាតិ
កាតាប្រាប់ថា អាមេរិកមិនបានជូនដំណឹងមុនទេ ពេលអ៊ីស្រាអែលផ្លោងគ្រាប់ដាក់ទីក្រុងដូហា
ប្រទេសកាតា បានច្រានចោលការអះអាងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលថាទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងដល់ទីក្រុងដូហាជាមុនអំពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលកំណត់គោលដៅលើអ្នកចរចារបស់ក្រុមហាម៉ាសនៅក្នុងរដ្ឋធានីកាតា ដោយបានសម្លាប់សមាជិកយ៉ាងហោចណាស់៥នាក់នៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

ការវាយប្រហារដែលគេជឿថាមានគោលដៅទៅលើឥស្សរជនជាន់ខ្ពស់របស់ក្រុមហាម៉ាសលោក Khalil al-Hayya បានកើតឡើងនៅទីក្រុងដូហា កាលពីថ្ងៃទី៩ខែកញ្ញា។ សមាជិកការិយាល័យនយោបាយរបស់ហាម៉ាស លោក Suheil al-Hindi បានប្រាប់សារព័ត៌មាន Al Jazeera ថា លោក al-Hayya បានរួចជីវិតពីអ្វីដែលលោកហៅថា «ការប៉ុនប៉ងធ្វើឃាតដោយកំសាកញី» ទោះបីជាសមាជិកថ្នាក់ទាបជាច្រើននាក់ត្រូវបានសម្លាប់ក៏ដោយ។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា មន្ត្រីយោធាសហរដ្ឋអាមេរិកបានជូនដំណឹងដល់រដ្ឋបាលកាតាមុនពេលមានការវាយប្រហារ។ លោកស្រីបានលើកឡើងថា «ការទម្លាក់គ្រាប់បែកជាឯកតោភាគីនៅខាងក្នុងប្រទេសកាតា ដែលជាប្រទេសអធិបតេយ្យភាព និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ដែលធ្វើការយ៉ាងស្វិតស្វាញ និងហ៊ានប្រថុយប្រថានជាមួយយើង ដើម្បីសន្តិភាពអន្តរការី មិនបានជួយដល់គោលដៅរបស់អ៊ីស្រាអែល ឬអាមេរិកនោះទេ»។ យ៉ាងណាមិញ លោកស្រីបានបន្ថែមថា ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែចាត់ទុកការលុបបំបាត់ក្រុមហាម៉ាស«ជាគោលដៅដ៏សក្តិសម»។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed al-Ansari បានបដិសេធការលើកឡើងនេះ ដោយសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «សេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយអំពីប្រទេសកាតាដែលត្រូវបានជូនដំណឹងអំពីការវាយប្រហារជាមុនគឺមិនពិតទេ។ ការហៅទូរសព្ទពីមន្ត្រីសហរដ្ឋអាមេរិក បានធ្វើឡើងក្នុងអំឡុងពេលមានសំឡេងផ្ទុះដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងដូហារួចទៅហើយ»។
ការវាយប្រហារលើកនេះ ត្រូវគេមើលឃើញថាធ្វើឡើងក្រោយការព្រមានរបស់លោក ត្រាំ ដែលបានបង្ហោះសារនៅលើ Truth Social មួយថ្ងៃមុននេះ ដែលលោកជំរុញឲ្យក្រុមហាម៉ាសទទួលយកលក្ខខណ្ឌបទឈប់បាញ់ដែលបានព្រមព្រៀងដោយអ៊ីស្រាអែលថា «នេះគឺជាការព្រមានចុងក្រោយរបស់ខ្ញុំ ហើយនឹងមិនមានអ្វីផ្សេងទៀតឡើយ»។

ការផ្លោងគ្រាប់របស់អ៊ីស្រាអែលលើកាតាដែលជាអ្នកសម្របសម្រួល បានរងការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានហៅវាថាជាការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសកាតា។ ប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា ទង្វើនេះគឺ «មិនអាចទទួលយកបានទេ» ហើយបានព្រមានប្រឆាំងនឹងការរីករាលដាលនៃជម្លោះនៅទូទាំងតំបន់។ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានបង្ហាញពីសាមគ្គីភាពជាមួយស្ដេចកាតា Emir Sheikh Tamim bin Hamad Al Thani ដោយបញ្ជាក់សាជាថ្មីអំពីការគាំទ្ររបស់ប្រទេសអ៊ីតាលីសម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់កាតា។
ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានទទូចថា ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយឯករាជ្យ។ ការិយាល័យរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ៊ីស្រាអែលបានផ្តួចផ្តើមវា អ៊ីស្រាអែលបានអនុវត្តវា ហើយអ៊ីស្រាអែលចេញមុខរ៉ាប់រងទាំងស្រុង»។
ប្រទេសកាតា បានថ្កោលទោសអ៊ីស្រាអែលខ្លាំងៗ ដែលហ៊ានវាយប្រហារទឹកដីរបស់ខ្លួន ដើម្បីកម្ចាត់ក្រុមហ៉ាស ដោយព្រមានថា ខ្លួននឹងមិនអត់ឱនឲ្យឡើយចំពោះទង្វើដ៏គឃ្លើននេះ។ លើសពីនេះ កាតា ថែមទាំងចោទអ៊ីស្រាអែលទៀតផងថា កំពុងធ្វើទង្វើដែលគ្មានទំនួលខុសត្រូវ និងបង្កអសន្តិសុខជាបន្តបន្ទាប់នៅក្នុងតំបន់៕
ដោយ៖ ឈាង
ចុចអាន៖ កាតា ប្រកាសមិនអត់ឱន អ៊ីស្រាអែល ដាច់ខាត ខណៈលោក ត្រាំ ថា ខ្លួនមិនពាក់ព័ន្ធការវាយប្រហារនៅ ដូហា ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


