Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ​ឡាវ​ទៅ​ដល់​កូរ៉េ​ខាង​ជើង ជួប​លោក គីម មុន​ថ្ងៃ​ប្រារព្ធ​ពិធី​ដ៏​សំខាន់​របស់​ក្រុង​ព្យុងយ៉ាង

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយ​ប្រធានាធិបតីឡាវ លោក ថងលូន ស៊ីសូលីត នៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារ​ទី​៧​ខែ​តុលា ខណៈដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ពួកគេ។

លោក គីម ជុងអ៊ុន និង​លោក ថងលូន ស៊ីសូលីត​ (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម បានទទួលលោក ថងលូន ដោយផ្ទាល់​ក្នុង​ពិធីស្វាគមន៍ជាផ្លូវការ ដែលរួមមានមន្ត្រីជាន់ខ្ពស់ ក្រុម​មនុស្សអបអរសាទរ និងការ​គោរពដោយ​ការ​បាញ់​កាំភ្លើងធំ ២១ដើម។ ព័ត៌មានលម្អិតជាក់លាក់នៃកិច្ចពិភាក្សាឯកជនរបស់មេ​ដឹកនាំ​ទាំង​ពីរ​មិនត្រូវបានបញ្ចេញទេ ប៉ុន្តែកិច្ចប្រជុំនេះត្រូវបានគេយល់ថាពាក់ព័ន្ធនឹងទំនាក់ទំនងមនោគមវិជ្ជារបស់ឡាវ និងកូរ៉េខាងជើងក្នុងនាមជារដ្ឋសង្គមនិយម។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការបរទេសឡាវក្នុងខែមីនា​ឆ្នាំ២០២៥​នៅ​លើ​ទឹក​ដី​កូរ៉េ​ខាង​ជើង ក៏បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រជាជាតិទាំងពីរផងដែរ។

ដំណើរ​ទស្សនកិច្ច​របស់​លោក ថងលូន ធ្វើ​ឡើង​មុន​​ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​គណបក្ស​ពលករ​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ទី១០​ខែ​តុលា ដែល​​ជា​ព្រឹត្តិការណ៍​នយោបាយ​សំខាន់​បំផុត​មួយ​របស់​ប្រទេស។ វាជាដំណើរដ៏កម្រមួយរបស់ប្រមុខរដ្ឋបរទេស ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនៅតែស្ថិតក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរលើ​កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ហើយនៅតែបន្តដាក់កំហិតយ៉ាងតឹងរ៉ឹងចំពោះភ្ញៀវបរទេស។

យោងតាមរបាយការណ៍ នាយករដ្ឋមន្ត្រីចិនលោក Li Qiang និងប្រធានបក្សកុម្មុយនិស្តវៀតណាមលោក To Lam ក៏ត្រូវបានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងនៅចុងសប្តាហ៍នេះដែរ ដើម្បីចូលរួមការប្រារព្ធពិធីដ៏​សំខាន់​នេះ ដោយបានគូសបញ្ជាក់ពីការចូលរួមកាន់តែខ្លាំងឡើងរវាងកូរ៉េខាងជើង និងសម្ព័ន្ធមិត្តសង្គមនិយមរបស់ខ្លួន។

សូម​ជម្រាប​ថា ឡាវ​និង​កូរ៉េ​ខាង​ជើងបានរក្សាភាព​ជិតស្និទ្ធ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៧៤។ លោក គីម ធ្លាប់បានផ្ញើសារដែលបង្ហាញពីជំនឿរបស់គាត់ថា «ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង-ឡាវ នឹងរីកចម្រើនដល់ដំណាក់កាលកាន់តែខ្ពស់ថែម​ទៀត»។​

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ ឡាវ​ធ្លាប់​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​ជួយ​កូរ៉េ​ខាង​ជើង​ក្នុង​ការ​គេច​ពី​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ។ បន្ថែម​ពី​នេះ ដំណើរទស្សនកិច្ចរបស់​លោក ថងលូន លើក​នេះ ធ្វើឡើងចំពេលមានការចោទប្រកាន់ថា ឡាវកំពុងរៀបចំបញ្ជូនវិស្វករយោធាទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួយក្នុងសង្គ្រាម​ប្រឆាំងនឹងអ៊ុយក្រែន ដែលជាទង្វើមួយដូច​គ្នា​ទៅ​នឹង​កូរ៉េខាងជើងដែលបានគាំទ្ររុស្ស៊ី​អ៊ីចឹង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម