KPT+
មិននឹកស្មានថា និស្សិតស្រីពិការ និងគ្រួសារតស៊ូដល់ម៉្លឹងដើម្បី ការសិក្សា
ថ្មីៗនេះ ប្រិយមិត្តរបស់ “កម្ពុជាថ្មី” ធ្លាប់ដឹងមកហើយ អំពីសមត្ថភាពនិស្សិតស្រីមានពិការភាព គឺ កញ្ញា ផូ ម៉ារី ជានិស្សិត នៃសាកលវិទ្យាល័យ ស្វាយរៀង ដែលនាងសិក្សាវេនព្រឹក វេនយប់ ធ្វើការហាត់ការវេនរសៀល ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចំណែកចំណាត់ថ្នាក់ និងពិន្ទុការសិក្សារបស់នាង ក៏ទទួលបានកម្រិតពិន្ទុខ្ពស់។ ប្រសិនជា ប្រិយមិត្តបានដឹងពី មូលហេតុនៃការពិការ ការខំប្រឹងតស៊ូរបស់នាង និងគ្រួសារ ក្នុងការស្វែងរកទ្រព្យប្រចាំជីវិត គឺ ចំណេះវិជ្ជា នេះទៀត តើប្រិយមិត្ត មានទឹកចិត្តបែបណា?

អង្គុយលើរទេះរុញ ឆ្លើយដោយសម្ដីទន់ភ្លន់ ម៉ឺងម៉ាត់ ឥតលាក់លៀម កញ្ញា ផូ ម៉ារី បានឱ្យ “កម្ពុជាថ្មី” ដឹងពីមូលហេតុនៃពិការភាពរបស់ខ្លួនថា កាលឆ្នាំ២០០៧ នាងឈឺក្តៅខ្លួនខ្លាំង ហើយពេទ្យចាក់ថ្នាំប្រតិកម្ម ដោយចាក់ថ្នាំនៅម៉ោង៩ លុះម៉ោង៩ កន្លះ នាងប្រកាច់បែកពពុះមាត់ ទើបម៉ែទូរស័ព្ទហៅឪពុក ជាគ្រូបង្រៀនពីសាលាមកយកនាងទៅមណ្ឌលសុខភាព ព្រោះពេលចាក់ថ្នាំនោះ គឺហៅពេទ្យមកចាក់នៅផ្ទះផ្ទាល់។

កញ្ញា ផូ ម៉ារី បញ្ជាក់បន្ថែមថា៖ “ប៉ុន្តែពេលទៅដល់ ពេទ្យឱ្យបញ្ជូនទៅភ្នំពេញព្រោះអាការៈមិនស្រួលទេ ភ្លាមនោះពុកម៉ែខ្ញុំក៏សម្រេចចិត្តយកខ្ញុំទៅពេទ្យនៅវៀតណាម ព្រោះនៅជិតជាងភ្នំពេញ ដោយសារផ្ទះខ្ញុំនៅជិតព្រំដែនដែរ។ ពេលទៅដល់ពេទ្យវៀតណាម ខ្ញុំសន្លប់ ៧យប់ ៧ថ្ងៃ ពុកម៉ែបងប្អូនថា ខ្ញុំស្លាប់ហើយ ប៉ុន្តែសំណាងល្អ គុណទឹកដោះម៉ែថ្លៃ ខ្ញុំក៏ដឹងខ្លួនឡើងវិញ ប៉ុន្តៃជាអកុសលខ្ញុំស្ពឹកជើងលែងកម្រើកបានទាំងអស់…”។

យុវតីរូបនេះ បានឱ្យដឹងបន្ថែមថា ពេលនោះពុកម៉ែនាងបានខំព្យាយាមយកនាងទៅព្យាបាលគ្រប់ពេទ្យ ទាំងវិទ្យាសាស្ត្រ ទាំងគ្រូខ្មែរ រយៈមួយឆ្នាំជិត ២ឆ្នាំ។ ទៅពេទ្យណាក៏ប្រាប់ដូចគ្នាថា ជើងនាងមិនអាចដូចដើមទេ គឺនឹងត្រូវពិការអស់មួយជីវិត ព្រោះប្រតិកម្មថ្នាំខ្លាំង ទោះបីជាយ៉ាងណា ពុកម៉ែនាងក៏នៅតែព្យាយាមយកនាងទៅព្យាបាលរហូតលក់ដី លក់គោ ក្របី ជ្រូក មាសដែលសន្សំទុកធ្វើផ្ទះថ្មីក៏លក់យកលុយមកព្យាបាលនាងទាំងអស់ ទោះបីដឹងថាគ្មានសង្ឃឹមសោះក៏ដោយ។ បើតាមការពិនិត្យ ពេទ្យប្រាប់ថា កម្រិតថ្នាំសម្រាប់ចាក់មនុស្សពេញវ័យ តែមកចាក់កូនក្មេង ហើយមួយទៀតចាក់ចំសរសៃរទៀត ព្រោះពេទ្យគ្មានវិជ្ជាជីវៈត្រឹមត្រូវ ចេះតាមម៉ែឪជាអ្នកបង្រៀនតគ្នា។

កញ្ញា ផូ ម៉ារី លើកឡើងបន្តថា៖ “ពេលខ្ញុំឈឺ ខានរៀន ១ឆ្នាំជាង ព្រោះពុកម៉ែយកដើរមើលជំងឺ ហើយពេលចប់ថ្នាក់ទី៦ ត្រូវឡើងថ្នាក់ទី៧ ខ្ញុំខានរៀន ១ឆ្នាំទៀត ព្រោះអនុវិទ្យាល័យនៅឆ្ងាយពីផ្ទះប្រហែល ៨គីឡូម៉ែត្រ ហើយត្រូវជិះទូកទៅរៀន ដូចច្នេះហើយខ្ញុំក៏សម្រេចចិត្តសុំពុកម៉ែខានរៀន ១ឆ្នាំសិន ព្រោះខ្លាចគាត់ហត់លំបាកត្រូវជូនខ្ញុំទៅរៀនរាល់ថ្ងៃ ហើយជិះទូកគ្រោះថ្នាក់ណាស់ ព្រោះផ្ទះខ្ញុំលិចទឹកពេលរដូវវស្សាទឹកឡើង។ ពេលនោះខ្ញុំនៅផ្ទះ ពុកម៉ែជាអ្នកបង្រៀន ហើយត្រូវក្រោកពីព្រលឹមជួយធ្វើនំម៉ែលក់ និងថ្ងៃខ្លះជិះទូកលក់នំជាមួយម៉ែ និងបងស្រីពីភូមិមួយទៅភូមិមួយ”។

យុវនិស្សិតវ័យ ២៣ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា រហូតដល់ឆ្នាំ២០១៤ ទើបនាងបានចូលរៀនថ្នាក់ទី៧ នៅអនុវិទ្យាល័យឈើទាល ស្ថិតនៅ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ជាសាលាទើបបង្កើតថ្មី ដែលមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ពីផ្ទះរបស់នាង។ ពេលនោះ នាងត្រូវជិះរទេះរុញទៅរៀនដោយខ្លួនឯង ថ្ងៃខ្លះពុក និងបងជូនទៅ ប៉ុន្តែពេលខ្លះនាងត្រូវជិះរទេះទៅដោយខ្លួនឯង ព្រោះពួកគាត់រវល់ខ្លាំង។

កញ្ញា ផូ ម៉ារី បានរម្លឹកបន្តថា៖ “រហូតដល់ចប់ថ្នាក់ទី៨ ខ្ញុំក៏កើតមានជំងឺខ្សោយបេះដូង ពេទ្យប្រាប់ថា ដោយសារតែខ្ញុំប្រើកម្លាំងរុញរទេះខ្លាំងពេក ហើយហត់ខ្លាំង។ ដូច្នេះហើយចាប់ពីពេលនោះ ពុក និងបងប្រុសខ្ញុំក៏ឈប់ឱ្យខ្ញុំជិះរទេះរុញទៅសាលាដោយខ្លួនឯងទៀត ពួកគាត់តែងតែជូនទៅជានិច្ច។ ពេលខែទឹកឡើង លិចភូមិក៏ពួកគាត់នៅតែជូនទៅរៀន តាមរយៈទូកដែរ មិនដែលឱ្យខ្ញុំខានរៀនមួយថ្ងៃណាទេ។ ចាប់តាំងពីថ្នាក់ទី៧ ដល់ទី១០ ខ្ញុំរៀនតែងតែបានចំណាត់ថ្នាក់លេខ១ រៀងរាល់បំណាច់ឆ្នាំ”។

លុះដល់ថ្ងៃទី៨ ខែ៨ ឆ្នាំ២០១៨ កញ្ញា ផូ ម៉ារី បានសម្រេចចិត្តសុំពុកម៉ែទៅរស់នៅអង្គការជនពិការមួយនៅក្រុងព្រៃវែង ដោយសារ ១. ចង់ឱ្យខ្លួនចេះរស់នៅដោយមិនពឹងផ្អែកលើពុកម៉ែបងប្អូន, ២. ពួកគាត់រវល់ខ្លាចលំបាក ទើបចង់ទៅរៀនដោយខ្លួនឯងទៀត, ៣. ចង់ស្គាល់សង្គមខាងក្រៅឱ្យបានច្រើន, ៤. ចង់រៀនរស់ជាមួយអ្នកដទៃដែលមិនមែនជាសាច់ញាតិរបស់ខ្លួន ចង់ដឹងរសជាតិយ៉ាងណា, ៥. ចង់ដឹងថា ជីវិតរបស់ខ្លួនលំបាក ឬក៏ស្រួលនៅពេលដែលបែកចេញពីគ្រួសារ, ៦. ចង់រៀនគួរគ្រប់មុខវិជ្ជាជាមួយគ្រូផ្សេងៗ ព្រោះគេគ្រប់គ្នាសុទ្ធតែបានរៀនគួរបន្ថែម តែខ្ញុំមិនសូវបានរៀនទេ ព្រោះនៅស្រុកកំណើត ចម្ងាយពីផ្ទះទៅសាលាឆ្ងាយ ហើយត្រូវរៀនយប់ទើបអត់អ្នកជូនទៅរៀន, ៧. ចង់ចេះដឹងច្រើនពីមនុស្សជុំវិញខ្លួន, ៨. មានជីវិតឯករាជ្យជារបស់ខ្លួន ចង់ឱ្យខ្លួនឯងរឹងមាំដូចមនុស្សដទៃដែលមានកាយសម្បទាគ្រប់គ្រាន់។

ផូ ម៉ារី បានឱ្យដឹងទៀតថា៖ “នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ជំងឺខ្សោយបេះដូងរបស់ខ្ញុំក៏លាប់ឡើងវិញម្តងទៀត ដោយសារតែខ្ញុំទៅរស់នៅទីនោះ ខ្ញុំត្រូវទៅរៀនដោយខ្លួនឯង សាលាក៏មានចម្ងាយឆ្ងាយបន្តិចដែរ ដូច្នេះហើយខ្ញុំហត់ ទើបលាប់ឡើងវិញ។ នៅពេលនោះ ខ្ញុំក៏បានទៅសម្រាកនៅមន្ទីរពេទ្យខេត្តព្រៃវែង ដាក់អុកស៊ីសែនក្នុងថ្ងៃដំបូង ហើយក៏សម្រាកព្យាបាលនៅពេទ្យរយៈពេល ១០ថ្ងៃ ទើបត្រឡប់មករស់នៅអង្គការវិញ។ ពេលនោះប្រធានអង្គការក៏សួរខ្ញុំថា អាចនៅរៀនបន្តនៅទីនេះ ឬទៅស្រុកវិញ ហើយពុកម៉ែខ្ញុំក៏ចង់ឱ្យខ្ញុំសម្រាកសិនដែរ ព្រោះសុខភាពខ្ញុំមិនសូវល្អ ប៉ុន្តែខ្ញុំនៅតែសុំគាត់នៅរៀនបន្តទៀត ព្រោះខ្ញុំគិតថា មានតែការរៀនមួយមុខគត់ ទើបអាចជួយស្រោចស្រង់ជីវិតខ្ញុំបាន។ ពេលនោះពួកគាត់ក៏ឱ្យខ្ញុំនៅរៀនបន្ត”។

ចាប់តាំងពីថ្នាក់ទី៧ ដល់ទី១០ កញ្ញា ផូ ម៉ារី តែងតែរៀនបានចំណាត់ថ្នាក់លេខ១ រៀងរាល់បំណាច់ឆ្នាំ រហូតជាប់អាហារូបករណ៍មករៀននៅសាកលវិទ្យាល័យស្វាយរៀង។ ចំពោះការសិក្សានៅសាកលវិទ្យាល័យ នាងទទួលបានលទ្ធផលល្អ ដោយនាងអាចរៀនបាន GPA ពិន្ទុ ៣,៨៥ លើពិន្ទុសរុប ៤,០០ ។

គួរបញ្ជាក់ថា កញ្ញា ផូ ម៉ារី ធ្លាប់ទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតវោហារស័ព្ទយុវជន រៀបចំដោយ សសយក ខេត្តស្វាយរៀង នៅឆ្នាំ២០២២ និងទទួលបានជ័យលាភីលេខ១ ជាម្ចាស់មេដាយមាស ការប្រកួតកម្មវិធីវោហារស័ព្ទជាក្រុម ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣ ព្រមទាំងជា វាគ្មិនតំណាងសាកលវិទ្យាល័យ ស្វាយរៀង និងជាវាគ្មិនកម្មវិធីយុវជនផ្សេងៗទៀត។

កញ្ញា ផូ ម៉ារី មានបងប្អូន ៧នាក់ ក្នុងនោះមានស្រី ៣នាក់ នាងជាកូនទី៦ ក្នុងគ្រួសារ។ ឪពុកឈ្មោះ ម៉ុម ប៉ូរ៉ា មុខរបរជាគ្រូបង្រៀន ម្តាយឈ្មោះ ចាន់ ម៉ារ៉ា មុខរបរជាគ្រូបង្រៀនអក្ខរកម្ម នៅមូលដ្ឋាន និងជាអ្នកលក់ដូរ។ ស្ថានភាពគ្រួសាររបស់ ម៉ារី បច្ចុប្បន្នមានភាពខ្វះខាតមួយចំនួន ដោយសារពុកម៉ែចាស់ ហើយត្រូវទំនុកបម្រុងដល់នាងសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ។ ពេលរៀនចប់ នាងមានបំណងប្រាថ្នាចង់ធ្វើការជាមន្រ្តីពន្ធដារមួយរូប។ តើក្ដីសុបិននាងនាង នឹងក្លាយជាការពិត ឬទេ?
សូមចុចអានព័ត៌មានពាក់ព័ន្ធ៖ យុវនិស្សិតមានកាយសម្បទាពេញលេញប៉ុន្មាននាក់ អាចធ្វើបានដូច កញ្ញា ផូ ម៉ារី?
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៨ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់