KPT+
រោងភាពយន្តទាំង៣ ព្រមជួលរោងជូនផលិតកម្ម ចាក់បញ្ចាំងរឿង ឃាតកចិត្តល្អ
រោងភាពយន្តទាំង៣ បានឯកភាពធ្វើការជួលរោង ភាពយន្តជូនផលិតកម្ម ឃីតឃីត ភីកឈ័រ សម្រាប់ការចាក់បញ្ចាំងភាពយន្តរឿង ឃាតកចិត្តល្អ ស្របតាមកិច្ចសន្យាជួល ក្នុងករណីផលិតកម្មនេះនៅតែទទូចចង់បញ្ចាំងភាពយន្តខាងលើ។

តាមរយៈ សេចក្តីបំភ្លឺព័ត៌មាន ចេញនៅថ្ងៃនេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នាពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយ ឈ្មោះ ភាពយន្តខ្មែរ បានធ្វើការបង្ហោះផ្សព្វផ្សាយរូបភាព និងពាក្យបណ្ដឹងចោទប្រកាន់មកលើរោង ភាពយន្ត Legend រោងភាពយន្ត Major និងរោងភាពយន្ត Prime ថា ជារោងភាពយន្តក្បត់ជាតិ មិនទទួលចាក់បញ្ចាំងភាពយន្តខ្មែររឿង ឃាតកចិត្តល្អ ផលិតដោយផលិតកម្ម ឃីតឃីត ភីកឈ័រ។ លើសពីនេះ គណនីហ្វេសប៊ុកនេះ ក៏បានប្រើប្រាស់ពាក្យពេចន៍បរិហារ ជេរប្រមាថ និងគំរាមកំហែងដល់មន្ត្រីរាជការសាធារណៈ ព្រមទាំងបុគ្គលិករោងភាពយន្តទាំង៣ ខាងលើ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយខាងលើនេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សូមធ្វើការបំភ្លឺជូនសាធារណជនជ្រាបថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ ផលិតកម្ម ឃីតឃីត ភីកឈ័រ សុំអន្តរាគមន៍ពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ តែមិនអាចឈាន ដល់ការព្រមព្រៀងគ្នាបាន។ តាមរយៈការសម្របសម្រួលនេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយ វប្បធម៌ សូមកត់សម្គាល់ និងបំភ្លឺជូនសាធារណជនដូចខាងក្រោម៖
១. ការចាក់បញ្ចាំងភាពយន្តក្នុងរោងភាពយន្ត គឺជាសិទ្ធិ និងការព្រមព្រៀងគ្នារវាងម្ចាស់រោង ភាពយន្ត និងផលិតករ ដោយយោងតាមកិច្ចសន្យា នៃការបញ្ចាំង ដែលកិច្ចសន្យានេះត្រូវបានអនុវត្តជាទូទៅជាមួយគ្រប់ផលិតករភាពយន្តខ្មែរទាំងអស់។ ការបដិសេដមិនទទួលចាក់បញ្ចាំងភាពយន្តរឿង ឃាតកចិត្តល្អ របស់រោងភាពយន្តទាំង៣ គឺដោយសំអាងហេតុថា ភាពយន្តនេះពុំមានគុណភាពគ្រប់គ្រាន់ ទាំងបច្ចេកទេសថត សំឡេង និងខ្លឹមសាររឿងសម្រាប់ការចាក់បញ្ចាំងក្នុងរោងភាពយន្ត ថ្វីដ្បិតភាពយន្តនេះមានទិដ្ឋាការផ្សព្វផ្សាយពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដោយ។ យោងតាមអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ការផ្តល់ទិដ្ឋាការផ្សព្វផ្សាយភាពយន្តពី ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ គឺមានន័យថា ភាពយន្តនោះមិនមានខ្លឹមសាររូបភាពប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងគោល នយោបាយនានារបស់ជាតិ តែមិនមែនមានន័យបញ្ជាក់ថា រោងភាពយន្តទាំងអស់ត្រូវតែទទួលចាក់បញ្ចាំងភាពយន្តនេះទេ។
២. ដើម្បីរកដំណោះស្រាយលើករណីនេះ រោងភាពយន្តទាំង៣ បានឯកភាពធ្វើការជួលរោង ភាពយន្តជូនផលិតកម្ម ឃីតឃីត ភីកឈ័រ សម្រាប់ការចាក់បញ្ចាំងភាពយន្តរឿង ឃាតកចិត្តល្អ ក្នុង រោងភាពយន្តទាំង៣ ស្របតាមកិច្ចសន្យាជួល ក្នុងករណីផលិតកម្មនេះនៅតែទទូចចង់បញ្ចាំងភាពយន្តខាងលើ។ ការជួលនេះ គឺជាការជួលផ្តាច់ ដោយគិតជាចំនួនថ្ងៃ ឬជាខែ និងមិនពាក់ព័ន្ធនឹងកាតព្វកិច្ច បែងចែកភាគលាភជាមួយរោងភាពយន្តដូចការអនុវត្តជាទូទៅនោះទេ។
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងបន្ត ការសន្ទនាគ្នាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងអាជីព ដើម្បីរកដំណោះស្រាយសមស្រប សំដៅរួមគ្នាជំរុញលើកស្ទួយវិស័យភាពយន្តខ្មែរ ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទន្ទឹមនេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សូមស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ភាពយន្តខ្មែរ លុបចោលនូវការបង្ហោះ ផ្សព្វផ្សាយរូបភាព និងពាក្យពេចន៍មិនសមរម្យ ដែលបង្កឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងដែលមានចរិតគម្រាមកំហែងសុវត្ថិភាពបុគ្គល។
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូម ថ្លែងអំណរគុណដល់សាធារណជនទាំងអស់ ដែលតែងយកចិត្តទុកដាក់ចូលរួមថែរក្សាគាំទ្រ និងលើក តម្កើងវិស័យភាពយន្តជាតិឱ្យមានការវិវត្តន៍រីកចំរើន។


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


