KPT+
ផ្សព្វផ្សាយសិល្បៈ ប្រណាំងជាមួយ ការផ្សាយស្រាបៀរ បារី ឆ្នោត និង គ្រឿងញៀន
សិល្បករគំនូរជីវចល រៀបចំបង្កើតគម្រោង ផ្សព្វផ្សាយសិល្បៈ ប្រណាំងជាមួយ ការផ្សាយស្រាបៀរ បារី ឆ្នោត និង គ្រឿងញៀន ដល់សិស្សានុសិស្សក្នុងសហគមន៍ នាខេត្តបាត់ដំបង។

លោក ប៉ោយ ឈុនលី ជាសិល្បករគំនូរជីវចល និងជាអ្នកផ្តួចផ្តើមមហោស្រពសិល្បៈជំនោរ-Art បានឱ្យ “កម្ពុជាថ្មី” ដឹងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា នៅថ្ងៃស្អែក លោកនឹង រៀបចំធ្វើសកម្មភាពទី១ នៃគម្រោងផ្សព្វផ្សាយសិល្បៈដល់យុវជន និងកុមារ ក្នុងឆ្នាំ២០២៤ នៅបណ្ណាល័យភូមិក្រសាំង ដែលមានសិស្សានុសិស្ស ជាង ៣០នាក់ និងសិស្សានុសិស្សពី សាលាកុលាបលឿង ជាង ៣០ នាក់។ កម្មវិធីមានដូចជា ការនិយាយអំពីសិល្បៈ ការចែកសៀវភៅសម្រាប់គូរគំនូរ ការបង្រៀនគូរគំនូរ ការញាំអាហារថ្ងៃត្រង់ជុំគ្នា និង សកម្មភាពចុងក្រោយនាំក្មេងៗចុះគូរតាមភូមិ។

លោក ប៉ោយ ឈុនលី មានប្រសាសន៍បន្តថា៖ “គម្រោងនេះ ខ្ញុំដាក់ឈ្មោះថា “ការផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ ប្រណាំងជាមួយ ស្រាបៀរ បារី ឆ្នោត និង គ្រឿងញៀន”។ ខ្ញុំដឹងថា ច្បាស់ជាមានអ្នកលួចសើចចំអកមិនខាន ព្រោះគេគិតថា ជាទង្វើរឥតប្រយោជន៍ ព្រោះគ្មានថ្ងៃឈ្នះការផ្សព្វផ្សាយរបស់ ស្រាបៀរ បារី ឆ្នោត និង គ្រឿងញៀនបានឡើយ។ ហើយខ្ញុំក៏ដឹងថា វាមិនឈ្នះពិតប្រាកដណាស់ តែបើខ្ញុំមិនធ្វើអ្វីសោះ នោះទើបជាការចាញ់ពិតប្រាកដ!”។

លោក ប៉ោយ ឈុនលី បានលើកឡើងបន្តថា ឈ្នះ រឺ មិនឈ្នះ មិនសំខាន់ទេ សំខាន់ គឺលោកមិនបានដេកនៅស្ងៀម រឺ អង្គុយមើលទេ ដ្បិតលោកកំពុងមានសកម្មភាព ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ថ្ងៃនេះ បើទោះបីមិនបានផ្លាស់ប្តូរអ្នកញៀនស្រា បារី ឆ្នោត គ្រឿងញៀនទាំងនោះក្ដី។

លោក ប៉ោយ ឈុនលី មានប្រសាសន៍បន្តថា៖ “តែខ្ញុំមានជំនឿចិត្ត ១០០% ថា សិល្បៈមានឥទ្ធិពលស្រទន់ពិតប្រាកដ ដែលអាចជួយទប់ស្កាត់អ្នកមិនទាន់ញៀនជាច្រើនផ្សេងទៀត ជាពិសេសយុវជន និងកុមារ ដូចនៅបណ្ណាល័យក្រសាំងពេលនេះ ឱ្យផុតពីឥទ្ធិពលអាក្រក់របស់គ្រឿងទាំង ៤ មុខនោះបាន។ សកម្មភាពរបស់យើងថ្ងៃនេះ វាមានប្រយោជន៍ដល់យើង និងកុមារនៅថ្ងៃក្រោយ”។

គួរបញ្ជាក់ថា គម្រោង ផ្សព្វផ្សាយសិល្បៈ ប្រណាំងជាមួយ ការផ្សាយស្រាបៀរ បារី ឆ្នោត និង គ្រឿងញៀន ជាផែនការណ៍រយៈពេលវែងរបស់ ជំនោរ-ART ដែលនឹងមានសកម្មភាពជាបន្តបន្ទាប់ទៀតនៅខេត្តបាត់ដំបង។ គម្រោងសកម្មភាពនេះ មិនបានទទួលឧបត្ថម្ភពីខាងណាទេ គឺគ្រួសារ លោក ប៉ោយ ឈុនលី និងភាគីសាលាចូលរួមចំណាយផ្ទាល់ខ្លួនតាមលទ្ធភាព ដោយសង្ឃឹមថា កុមារ និងយុវជន នឹងប្រើពេលបង្កើនចំណេះដឹង និងរួមគ្នាសិក្សា ច្នៃសិល្បៈ ដល់ថ្ងៃអនាគត ចាកឆ្ងាយពីអបាយមុខទាំងឡាយ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


