Connect with us

ព័ត៌មានជាតិ

មកទល់ថ្ងៃនេះ ឆ្កែចចក ៤ ក្បាល ត្រូវពលរដ្ឋវាយងាប់ នៅស្រុកមោងឬស្សី

បានផុស

នៅ

សត្វ​ឆ្កែចចក​ចំនួន ៤ ក្បាល ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្ទាក់​វាយ​ងាប់​ជា​បន្តបន្ទាប់ ក្រោយពី​សត្វ​ចចក​ទាំងនេះ រត់​ចូល​ភូមិ ហើយ​ខាំ​ពលរដ្ឋ ៣ នាក់ បណ្ដាល​ឲ្យ​រង​របួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បញ្ជាក់​ពី លោក ស គឹមឡុង អធិការ​នគរបាល​ស្រុក​មោងឬស្សី បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី ៦ ខែ​តុលា ឆ្នាំ ២០២៥ នៅ​ចំណុច​ភូមិ​ពោធិ៍ ១ ឃុំ​គារ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង មាន​ករណី​សត្វ​ឆ្កែចចក​បាន​ខាំ​ប្រជាពលរដ្ឋ​ចំនួន ៣ នាក់ មាន​ឈ្មោះ​ដូច​ខាង​ក្រោម ៖ ១-ឈ្មោះ លី ជា ភេទ​ប្រុស អាយុ​ប្រហែល ៤៣ ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ១ ឃុំ​គារ (​ខាំ​ត្រូវ​ដៃ​ស្តាំ​) ទៅ​ព្យាបាល​នៅ​ពេទ្យ​បាត់ដំបង ខណៈ​ពេល​ជនរងគ្រោះ​ដើរ​ហាត់ប្រាណ។ ២-ឈ្មោះ សេង រតនា ភេទ​ស្រី អាយុ​ប្រហែល ២២ ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ១ ឃុំ​គារ (​ខាំ​ត្រូវ​ដៃ​ខាងឆ្វេង​) ខណៈ​ពេល​ជនរងគ្រោះ​ជិះ​កង់​ទៅ​រៀន។ ៣-ឈ្មោះ ធឹង ស៊ី ភេទ​ស្រី អាយុ​ប្រហែល ៦២ ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ១ ឃុំ​គារ (​ខាំ​ត្រូវ​បបូរមាត់​ខាងឆ្វេង និង​ត្រូវ​ក្រោម​ភ្នែក​ខាងឆ្វេង) ទៅ​ព្យាបាល​មន្ទីរពេទ្យ​បាត់ដំបង ខណៈ​ពេល​ជនរងគ្រោះ​ដើរ​ទៅ​ផ្សារ ដើម្បី​លក់​នំ​បញ្ចុក។ បន្ទាប់មក សត្វ​ឆ្កែចចក​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​រាម​គន់ នាំគ្នា​វាយ​ងាប់​បាត់​ហើយ។

លោក​អធិការ បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល ក៏​មាន​សត្វ​ឆ្កែចចក​មួយ​ក្បាល​ទៀត បាន​រត់​ចូល​ទៅ​ភូមិ​ទួល​តា​ថុ​ន ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​ជ្រៃ ស្រុក​មោងឬស្សី ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ស្ទាក់​ព័ទ្ធ​វាយ​បាន​ភ្លាមៗ ដោយ​ឆ្កែចចក​នេះ​មិន​ទាន់​ធ្វើ​សកម្មភាព​ខាំ​ទៅ​លើ​ពលរដ្ឋ​ណាមួយ​ឡើយ។ លុះ​នៅ​វេលា​ម៉ោង ៦ ព្រលប់​ថ្ងៃ​ដដែល ប្រជាពលរដ្ឋ​បាន​ស្ទាក់​វាយ​ឆ្កែចចក​បាន​មួយ​ក្បាល​ទៀត ដែល​កំពុង​រត់​ចូល​ភូមិ នៅ​ចំណុច​ភូមិ​ម្រះព្រៅ ត្រង់​ព្រំប្រទល់​ភូមិ​ដូន​ទ្រី ក្នុង​ឃុំ​ជ្រៃ។

លោក​អធិការ បាន​បន្ថែម​ថា ចំណែក​ឆ្កែចចក​មួយ​ក្បាល​ទៀត ដែល​ជា​ក្បាល​ទី ៤ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​វាយ​ងាប់​នៅ​ចំណុច​ភូមិ​ប្រឡាយ​ស្ដៅ ឃុំ​តា​លាស់ ស្រុក​មោងឬស្សី ដដែល។ បញ្ហា​នេះ ក៏​មាន​ប្រភព​ជាច្រើន​បាន​ធ្វើការ​សន្និដ្ឋាន​ថា ហ្វូង​ឆ្កែចចក​ដែល​រត់​ដាច់សង្វែង​ចូល​ក្នុង​ភូមិ​ប្រជាពលរដ្ឋ​រស់នៅ គឺ​ទំនង​មកពី​ទឹកទន្លេ​ឡើង​ខ្លាំង ធ្វើ​ឲ្យ​ហ្វូង​សត្វ​ឆ្កែចចក​ទាំងនេះ​ពុំ​មាន​ទីជម្រក ហើយ​ក៏​ចាប់ផ្ដើម​រត់​ចូល​ព្រៃ​ចូល​ចម្ការ និង​ចូល​ក្នុង​ភូមិ​តែម្ដង។ ជាមួយ​នេះ លោក​អធិការ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ព្រោះ​វា​អាច​មាន​បន្ត​ទៀត ប្រសិនបើ​ឆ្កែចចក​ទាំងនេះ​នៅ​សល់៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម