ព័ត៌មានជាតិ
អ្នកវិភាគ៖ លើលោកនេះ ប្រហែលមានតែថៃទេដែលបំពានចូលដែនដីគេ ហើយដោះមីនលើដីដែលគ្មានគ្រាប់មីន
លោក យឿន យឿត អ្នកតាមដាន និងវិភាគនយោបាយ បានសម្តែងការហួសចិត្ត និងខឹងសម្បារចំពោះសកម្មភាពរបស់ទាហានថៃចូលមកទន្រ្ទានបំពានទាំងកម្រោលក្នុងទឹកដីកម្ពុជាត្រង់ចំណុចភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញនេះ។ អ្នកវិភាគនយោបាយកម្ពុជារូបនេះ បានលើកឡើងថា នៅលើលោកនេះ ប្រហែលមានតែប្រទេសថៃទេ ដែលចូលឈ្លានពានទន្រ្ទានទឹកដីគេស្រស់ៗបែបនេះ ហើយថែមទាំងធ្វើសកម្មភាពរាវរកដោះមីនលើដីដែលគ្មានគ្រាប់មីនទៅទៀត។

នៅលើហ្វេសប៊ុក លោក យឿន យឿត បានសរសេរថា ប្រទេសនៅលើពិភពលោកនេះ ប្រហែលមានតែចោរសៀមទេដែលធ្វើបានសកម្មភាពដោះមីនបែបនេះ។ តើមានវិធីសាស្រ្តដោះមីនបែបនេះទេ ដោះមីនដោយយកគ្រឿងចក្រឈូសដីមុន រួចកម្លាំងដោះមីនចូលដោះតាមក្រោយ។ លោក យឿន យឿត ចោទសួរថា ជំនាញដោះមីនអន្តរជាតិ តើមានSOPដោះមីនមានចែងថា មុនដោះមីន ត្រូវមានគ្រឿងចក្របើកជាន់ដីចំការមីនមុនដោះ ឬបើកឈូសស្មៅ ឬព្រៃមុនដោះ ឬទេ? បើមានមីនមែននោះ គ្រឿងចក្របើកលើនឹងជាន់បំផ្ទុះរួចហើយ តើចាំបាច់ដោះឬ?

ត្រង់ចំណុចនេះ អ្នកតាមដាន និងវិភាគនយោបាយកម្ពុជា ពន្យល់ថា ដីដែលត្រូវដោះមីន ត្រូវមានការស្រាវជ្រាវគូសប្លង់ជាចំការមីនរួចជាមុនដោយមានទិន្នន័យសំខាន់ៗ ដូចជា និយាមកាSOP ជាចំណុចចាប់ផ្តើម និយាមកាតាមចំណុចបត់នៃជ្រុងនានារបស់ចំការមីនផងដែរ ហើយច្បាស់ថែមទៀត គឺព័ត៌មានប្រភេទគ្រាប់មីនដែលបានរាយការណ៍ដោយពលរដ្ឋនៅមូលដ្ឋានដែលដឹងប្រវត្តិពីការដោះដាក់មីនទៀត ព្រមទាំង ដាក់ស្លាកសញ្ញារូបក្បាលខ្មោចដែលសរសេរអក្សរថា ប្រយ័ត្នគ្រោះថ្នាក់ជាន់មីនទៅតាមជ្រុងនៃបរិវេណចំការមីនទៀត។ ប៉ុន្តែ ការដោះមីនរបស់ទាហានថៃបែបហ្នឹង តើត្រឹមត្រូវតាមSOPដោះមីន ឬទេ?

គួរជម្រាបជូនថា កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងថៃរាប់រយនាក់បានចាប់ផ្តើមចូលមកបំពានលើដែនអធិបតេយ្យភាពកម្ពុជាជាថ្មីម្តងទៀតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ កងកម្លាំងថៃដែលប្រដាប់ដោយអាវុធ និងគ្រឿងចក្រឈូសឆាយ បានធ្វើការចូលឈូសឆាយដីនៅភូមិព្រៃចាន់ ចាប់តាំងពីព្រឹកថ្ងៃទី១០ ខែតុលា និងបន្តរហូតដល់វេលាថ្ងៃត្រង់ថ្ងៃដដែលនេះ នៅត្រង់ភូមិសាស្រ្តភូមិព្រៃចាន់ កន្លែងដែលកងកម្លាំងថៃបានមករាយបន្លាលួស និងដាក់កង់ឡាន កាលពីពេលកន្លងទៅ។ បន្ទាប់ពីឈូសឆាយ កងកម្លាំងថៃក៏បានធ្វើការរាវរក និងដោះមីននៅចំណុចនោះដែលគ្មានគ្រាប់មីនសោះ។ ប៉ុន្តែ សកម្មភាពដ៏គឃ្លើនរបស់កងកម្លាំងថៃនេះ ស្ថិតនៅក្រោមការឃ្លាំមើលដោយផ្ទាល់ភ្នែករបស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន(IOT)ខាងភាគីកម្ពុជា។

ដោយឡែក អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្កោលទោសចំពោះសកម្មភាពរំលោភបំពានរបស់ថៃលើអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បន្ទាប់ពីថៃបានធ្វើសកម្មភាពរាវមីន និងប្រើប្រាស់គ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធយកនៅភូមិព្រៃចាន់របស់កម្ពុជានេះ។ ក្នុងសេចក្ដីថ្លែងការណ៍ពិសេសនៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោក ប៉ែន បូណា អះអាងថា សកម្មភាពរបស់អាជ្ញាធរថៃ គឺជាអំពើឈ្លានពានលើបូរណភាពទឹកដីកម្ពុជាយ៉ាងកម្រោល គឃ្លើនបំផុតតាមរយៈការអនុវត្តច្បាប់ថៃមកលើអធិបតេយ្យភាពកម្ពុជា។ លោកបានបញ្ជាក់ថា សកម្មភាពថៃនេះ ត្រូវបានកងពលថ្មើរជើងលេខ៥១របស់កម្ពុជាបានស្នើឱ្យផ្អាក តែថៃនៅតែរំលោភបំពាន។

បើតាមលោក ប៉ែន បូណា សកម្មភាពរបស់ថៃបានរំលោភលើបទឈប់បាញ់រវាងកម្ពុជា-ថៃ ជាការរំលោភលើស្មារតីនៃកិច្ចប្រជុំ GBC និង RBC ដែលឱ្យកងទ័ពឱ្យនៅទីតាំងដើម គ្មានការចល័ត និងមិនត្រូវប្រើកម្លាំងគ្រប់ប្រភេទដែលប៉ះពាល់ដល់ជនស៊ីវិល និងមិនត្រូវហាមពង្រីកវិសាលភាពនៃទំហំនៃវិវាទ។ លោកបន្ថែមថា សកម្មភាពរបស់ថ្ងៃនៅថ្ងៃ ទី១០ ខែតុលា ថៃក៏បំពានដល់ MOU ឆ្នាំ២០០០ រំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ លោកអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពបង្ករឿងទាំងនេះ ជាបន្ទាន់ និងគោរពនូវបទឈប់បាញ់ ការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ និងច្បាប់អន្តរជាតិឡើងវិញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


