Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតទីម័រ ជឿជាក់ថាយន្តការផ្សះផ្សាក្រោម UNCLOS អាចនាំកម្ពុជានិងថៃឆ្ពោះទៅរកលទ្ធផលវិជ្ជមានលើវិវាទសមុទ្រ

បានផុស

នៅ

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា លោក Marcos dos Reis da Costa បានបង្ហាញជំនឿថា ប្រសិនបើកម្ពុជា និងថៃបន្តដំណើររួមគ្នាដោយប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នោះនឹងអាចនាំទៅរកលទ្ធផលវិជ្ជមានលើវិវាទដែនសមុទ្រត្រួតស៊ីគ្នា។ លោកបានចាត់ទុកការដែលប្រទេសទាំងពីរយល់ព្រមចាប់ផ្តើមយន្តការនេះថា ជាសញ្ញាដំបូងនៃការកសាងទំនុកចិត្តរវាងភាគីទាំងពីរដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជនជាពិសេសប្រទេសទាំងពីរដែលកំពុងមានវិវាទ។

លោក Marcos dos Reis da Costa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្តល់បទសម្ភាសជាមួយសារព័ត៌មានកម្ពុជាថ្មី  លោក Marcos dos Reis da Costa បានបញ្ជាក់ថា ទីម័រខាងកើតធ្លាប់មានបទពិសោធន៍ប្រើប្រាស់យន្តការផ្សះផ្សាជាកាតព្វកិច្ចក្នុងការដោះស្រាយវិវាទដែនសមុទ្រជាមួយអូស្ត្រាលី ហើយលោកមានទំនុកចិត្តថា កម្ពុជា និងថៃក៏អាចទទួលបានលទ្ធផលល្អតាមរយៈយន្តការដូចគ្នានេះផងដែរ។

ដោយលើកពីបទពិសោធន៍របស់ទីម័រខាងកើត លោកបានឱ្យដឹងថា ក្នុងដំណើរការផ្សះផ្សា មានគណៈកម្មការផ្សះផ្សាចំនួន៥រូបដែលធ្វើការរួមជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកវិធីសាស្ត្រឈានទៅរកដំណោះស្រាយដោយសន្តិវិធី។ លោកសង្កត់ធ្ងន់ថា មានតែការពិភាក្សាប្រកបដោយឆន្ទៈនយោបាយ សុច្ឆន្ទៈ និងជំនឿទុកចិត្តគ្នាទៅវិញទៅមកប៉ុណ្ណោះ ទើបអាចឈានទៅរកលទ្ធផលដែលផ្តល់ផលប្រយោជន៍ដល់ភាគីមានវិវាទទាំងពីរ។

លោកបានបន្ថែមថា តាមនីតិវិធី ដំណើរការផ្សះផ្សាជាកាតព្វកិច្ចមានរយៈពេលប្រមាណ១២ខែ ប៉ុន្តែក្នុងករណីរបស់ទីម័រខាងកើត និងអូស្ត្រាលី ដំណើរការទាំងមូលបានចំណាយពេលជាង១៨ខែ ទើបឈានដល់ការសម្រេចកិច្ចព្រមព្រៀង។ ទោះដឹងថាត្រូវចំណាយពេលច្រើនខែក្នុងការដោះស្រាយតាមយន្តការនេះក្តី លោកបញ្ជាក់ថាទីម័រខាងកើតនៅតែសម្រេចប្រើប្រាស់យន្តការនេះ ដើម្បីស្វែងយល់ឱ្យបានច្បាស់ពីសិទ្ធិរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ និងការពារអធិបតេយ្យភាពជាតិ។

លោកក៏បានលើកឡើងថា ក្នុងនាមជាប្រទេសទើបបង្កើតថ្មី ទីម័រខាងកើតក៏ធ្លាប់ជួបបញ្ហាប្រឈមផ្នែកធនធានមនុស្ស ទាំងអ្នកជំនាញផ្នែកច្បាប់ និងការទូត ក្នុងការដោះស្រាយវិវាទអន្តរជាតិផងដែរ។ ផ្អែកលើបទពិសោធន៍របស់ប្រទេសខ្លួន លោកបានផ្តល់អនុសាសន៍ថា នៅពេលកម្ពុជា និងថៃបានជ្រើសរើសយន្តការផ្សះផ្សាក្រោម UNCLOS រួចហើយ ភាគីទាំងពីរគួរតែបន្តប្តេជ្ញាគោរពនីតិវិធី មានទំនុកចិត្តលើដំណើរការដែលបានជ្រើសរើស និងធ្វើការជាមួយគ្នាដោយសុច្ឆន្ទៈ ដើម្បីសម្រេចបានលទ្ធផលដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។

គួរជម្រាបថា កម្ពុជាបានចាត់តាំងអ្នកជំនាញច្បាប់អន្តរជាតិ២រូប លោក Peter Taksoe-Jensen ជាមន្រ្តីជាន់ខ្ពស់ផែ្នកច្បាប់អន្តរជាតិក្រសួងការបរទេស និងជាអ្នកការទូតអាជីព របស់ប្រទេសដាណឺម៉ាក និងលោក Jean-Marc Thouvenin ជាអគ្គលេខាធិការបណ្ឌិតសភាច្បាប់អន្តរជាតិក្រុងឡាអេ និងជាសមាជិកនៃវិទ្យាស្ថានអន្តរជាតិដឺត្រយឱ្យចូលរួមក្នុងគណៈកម្មការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រត្រួតស៊ីគ្នា (OCA) ជាមួយប្រទេសថៃ។

ចំណែកភាគីថៃបានចាត់តាំងអ្នកជំនាញច្បាប់អន្តរជាតិពីររូបដូចគ្នា គឺលោក Rüdiger Wolfrum អ្នកច្បាប់ជនជាតិអាល្លឺម៉ង់ និងលោក Albert Hoffman អ្នកជំនាញច្បាប់សមុទ្រ ជនជាតិអាហ្វ្រិកខាងត្បូង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម