ព័ត៌មានជាតិ
អាជ្ញាធរមីន ស្នើបារាំងចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាឡើងវិញ លើសកម្មភាពមីនមនុស្សធម៌
ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី ១អាជ្ញាធរមីន បានលើកឡើងថា បារាំងធ្លាប់បានផ្តល់នូវការបណ្តុះបណ្តាលដល់នាយទាហានកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ក្នុងអំឡុងពេលសម័យ UNTAC។ ចាប់ពីឆ្នាំ២០០៩ បារាំងបានផ្តល់នូវជំនួយឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺន និងបំពាក់សម្ភារៈដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

នេះជាការលើកឡើងរបស់លោក លី ធុជ ដែលបានអនុញ្ញាតឱ្យជូនលោក Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការអាជ្ញាធរមីន ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ដោយសារបារាំងធ្លាប់ជួយកម្ពុជាលើវិស័យមីនកន្លងទៅ លោក លី ធុជ ចង់ឃើញប្រទេសបារាំងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាឡើងវិញ ដើម្បីគាំទ្រដល់សកម្មភាពមីនមនុស្សធម៌។
ជាមួយគ្នានោះផងដែរ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលធ្លាប់បានចូលរួមគាំទ្រសកម្មភាពបោសសម្អាតមីនមនុស្សធម៌កន្លងទៅនេះ តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី២ ជាពិសេសគាំទ្រដល់ការបោសសម្អាតមីននៅតាមទីតាំងបុរាណវត្ថុក្នុងខេត្តសៀមរាបដើម្បីគាំទ្រដល់អាជ្ញាធរជាតិអប្សរា។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្ត មិត្តភាពជិតស្និទ្ធ កិច្ចសហប្រតិបត្តិការល្អ និងដៃគូយូរអង្វែងរវាងប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-បារាំង ព្រមទាំងថ្លែងអំណរគុណដល់សាធារណរដ្ឋបារាំងដែលបានចូលរួមដល់ដំណើរការស្វែងរកសន្តិភាព និងគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។
ជាការឆ្លើយតបនឹងសំណើសម្រាប់ការចូលរួមដល់សកម្មភាពមីនមនុស្សធម៌ឡើងវិញ លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នឹងរាយការណ៍ទៅកាន់រដ្ឋាភិបាលបារាំង ដើម្បីពិចារណា។ ទន្ទឹមនេះ លោកបានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន អស់រយៈពេលជាង ៣ទសវត្សរ៍។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ លោក លី ធុជ បានគូសបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងគោរពលើច្បាប់អន្តរជាតិដែលមានជាធរមាន ជាពិសេសចង់ប្រែក្លាយតំបន់ព្រំដែន ជាតំបន់សន្តិភាព។
សម្រាប់ភាគីបារាំង ដែលធ្លាប់ជាអាណាព្យាបាលរបស់កម្ពុជា លោក RICHARD គាំទ្រឱ្យមានសន្តិភាពរវាងប្រទេសកម្ពុជា-ថៃ និងបន្តដោះស្រាយជម្លោះដោយសន្តិវិធី៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


